ហេដ្ឋារចនាសម្ព័ន្ធត្រូវខូចដោយសារគ្រាប់បែក

(ស្ទឹងត្រែង) ៖ អ៊ុត ណាន ភេទស្រី មានអាយុ៦៤ឆ្នាំ ជាជនពិការ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំពីដំណើរជីវិតរបស់គាត់ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើន។ ដំបូងឡើយ នៅក្នុងរបប លន់ នល់ មានការទម្លាក់គ្រាប់បែកនៅភូមិអូរស្វាយ បណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា មន្ទីរពេទ្យ ឃោសនាការ មន្ទីរកសិកម្ម ព្រមទាំងសួនច្បារ ដែលព្រះករុណាព្រះបាទសម្ដេចព្រះបាទនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» បានកសាង។ ដោយខ្លាចអំពីការទម្លាក់គ្រាប់បែកនៅក្នុងសម័យនោះ គាត់មិនហ៊ានចេញទៅណាក្រៅពីត្រង់សេឡើយ។

ឈានមកដល់របបខ្មែរក្រហម គាត់មិនត្រូវបានជម្លៀសទៅតំបន់ណាផ្សេងឡើយ គឺគាត់បានរស់នៅក្នុងភូមិអូរស្វាយនោះដដែល ហើយមានតួនាទីជាពេទ្យឃុំ។ ណាន ក៏បានរៀបរាប់អំពីរបបអាហារនៅនាពេលនោះ សម្រាប់គាត់ជាគ្រូពេទ្យគឺមានការហូបចុកគ្រប់គ្រាន់ ដើម្បីមានកម្លាំងក្នុងការពិនិត្យ និងមើលថែទាំអ្នកជំងឺ និងបោកសម្លៀកបំពាក់ឲ្យអ្នកជំងឺ ក៏ដូចជាយាមសាកសពដែលបានបាត់បង់ជីវិតកាលពីពេលនោះ។

ចំពោះអ្នកដែលបាត់បង់ជីវិតនៅក្នុងសម័យនោះគឺភាគច្រើនគឺដោយសារតែរងរបួសពីការធ្វើការងារ ហើយប្រជាជនខ្លះទៀតគឺដោយសារកើតជំងឺគ្រុនចាញ់ដោយមិនមានថ្នាំសម្រាប់ព្យាបាលបានត្រឹមត្រូវ។ គាត់បានបញ្ជាក់បន្ថែមពីលើនេះដែរ ទោះជាមានរបបអាហារគ្រប់គ្រាន់ក៏ពិតមែន ប៉ុន្តែគាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃមិនមានពេលសម្រាកបានគ្រប់គ្រាន់ឡើយ។

ណាន បានប្រាប់ថា គាត់ពេញចិត្តចំពោះការកាត់ក្ដីរបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះបានផ្ដល់យុត្តិធម៌ដល់រូបគាត់ផ្ទាល់ ក៏ដូចជាប្រជាជនផ្សេងទៀត ព្រមទាំងសង្គមជាតិទាំងមូលដែរ។ គាត់ចង់ឲ្យកូនចៅជំនាន់ក្រោយបានដឹងច្បាស់ និងត្រូវចៀសវាងកុំឲ្យមានការកើតនូវរបបនោះឡើងវិញ គឺត្រូវបញ្ជូនក្មេងៗជំនាន់ក្រោយទៅសិក្សារៀនសូត្រពីមេរៀនដែលនិយាយពីរបបខ្មែរក្រហមឲ្យបានច្បាស់លាស់អំពីព្រឹត្តិការណ៍ដែលធ្លាប់កើតមានឡើង។

របបកម្ពុជាប្រជាធិបតេយ្យបានបន្សល់ទុកជំងឺប្រចាំកាយដល់គាត់មួយចំនួនដូចជា ពិការដោយសារតែការធ្លាក់ពីលើអាងទឹក ជំងឺក្រពះពោះវៀន លើសឈាម ជំងឺបេះដូង ហើយក៏ធ្លាប់ឆ្លងកាត់ការវះកាត់ភ្នែកផងដែរ។ ចំពោះការព្យាបាលនោះគឺគាត់ជ្រើសរើស ការពិគ្រោះជាមួយគ្រូពេទ្យ ការប្រើប្រាស់ថ្នាំពេទ្យ និងការប្រើប្រាស់ថ្នាំបុរាណ៕

សម្ភាសន៍ដោយ ជួង ចាន់ចរិយា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin