ចាយ ឡាវ៖ ប្រព្រឹត្តិកំហុសបន្តិចបន្តួចអង្គការយកទៅកសាង

ចាយ ឡាវ អាយុ៥៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឡាវ មានអាយុប្រមាណ១០ឆ្នាំ។ អង្គកាបានរៀបចំ កុមារដែលមានអាយុប្រហាក់ប្រហែល ឡាវ ឲ្យទៅរស់នៅក្នុងកងកុមារ បែកពីឪពុកម្ដាយ និងបងប្អូន។ នៅក្នុងកងកុមារ ឡាវ និងកុមារប្រមាណ២០នាក់ទៀត ត្រូវធ្វើការងាររែកដីដំបូក និងរើសអាចម៍គោ នៅត្រពាំងធំ និងភូមិថ្មី ក្បែរព្រៃត្បែង។
ពេលរស់នៅក្នុងកង ឡាវ បានឃើញអង្គការចាប់កុមារនៅក្នុងកងជាមួយគ្នាចេញទៅជាញឹក ហើយពេលសួរប្រធានកងប្រាប់ថាយកទៅកសាង និងមិនដែលឃើញត្រលប់មកវិញបន្តទៀតទេ។ ហេតុដែលអង្គការចាប់កុមារទាំងអស់នោះទៅដោយសារតែក្មេងៗហ៊ានលួចបេះផ្លែដូង និងលួចដាំបាយហូប ព្រោះអាហារដែលអង្គការផ្តល់ឲ្យមានតែបបរខាប់ហូបជាមួយសម្លព្រលឹត និងត្រកួន មិនគ្រប់គ្រាន់នោះទេ។ ពេលឃើញដូច្នេះ ឡាវ ខិតខំធ្វើការងារ និងមិនហ៊ានប្រព្រឹត្តិកំហុសទាល់តែសោះ បើទោះបីជាគាត់អត់ឃ្លានយ៉ាងណាក៏ដោយ។ ជាក់ស្ដែង ឡាវ មិនហ៊ានសូម្បីតែរើសដូងជ្រុះតាមផ្លូវ ឬសត្វមាន់ងាប់ ព្រោះគាត់ខ្លាចប្រជាជនរាយការណ៍ប្រាប់អង្គការ។ ឡាវ បានបន្តថា ប្រជាជននៅក្នុងភូមិ មិនចេះយោគយល់គ្នានោះទេ ប្រសិនបើមានអ្នកប្រព្រឹត្តិកំហុសបន្តិចបន្តួច និងយកទៅរាយការណ៍ជូនអង្គការទាំងអស់។
មួយវិញទៀត នៅពេលដែលកងរបស់ ឡាវ ធ្វើការងារនៅក្បែរមន្ទីរសន្តិសុខក្រាំងតាចាន់ គាត់បានឃើញអង្គការចាប់មនុស្សចងស្លាប់សេករួចបណ្ដើរចូលទៅក្នុងមន្ទីរទាំងខ្សែៗ ហើយនៅពេលដែលយប់ឡើង ឡាវ បានឮសំឡេងមនុស្សស្រែក “អួយៗ”។ នៅពេលដែលឮសំឡេង ឡាវ និងកុមារផ្សេងទៀតនាំគ្នាសំងំគេង និងប្រាប់គ្នាកុំឲ្យនិយាយអ្វីទាំងអស់ព្រោះដឹងថាអង្គការកំពុងតែសម្លាប់មនុស្ស។ ក្រៅពីនេះ ឡាវ បានជួប តាម៉ុក ពីចម្ងាយ នៅពេលដែលគាត់កំពុងធ្វើការងារ។
នៅដើម ខែមករា ឆ្នាំ១៩៧៩ អំឡុងពេល ឡាវ ធ្វើការងាររើសអាចមន៍គោ និងរែកដំបូកនៅ ភូមិម៉ែន គាត់បានឮសំឡេងកាំភ្លើង។ ពេលឮដូច្នេះ ប្រជាជនចាប់ផ្ដើមចលាចល រត់រកគ្រួសាររៀងខ្លួន។ ចំពោះឡាវ គាត់បានរត់ទៅរកម្ដាយ និងរៀបចំយកអង្ករ, ចាន និងឆ្នាំងពីរោងបាយដើម្បីរត់គេចខ្លួនពីកន្លែងផ្ទុះអាវុធ។ ក្រោយខ្មែរក្រហមបានដួលរលំ ប្រជាជនបានវិលត្រលប់ទៅរស់នៅផ្ទះសម្បែងរៀងៗខ្លួនវិញ និងបានជួបជុំគ្នាបងប្អូន ហើយអ្នកដែលបាត់សមាជិកគ្រួសារត្រូវការស្វែងរក និងស៊ើបដំណឹងជាបន្តបន្ទាប់ទៀត។ ចំពោះការហូបអាហារចាប់ផ្ដើមល្អប្រសើរជាងមុន ព្រោះប្រជាជនធ្វើស្រែរួមគ្នា រហូតដល់ទទួលាបានទិន្នផលច្រើនទើបធ្វើស្រែរៀងៗខ្លួនវិញ។ ចំណែកបងប្អូនរបស់ឡាវ បានជួបជុំគ្នានៅឆ្នាំ១៩៨៩ បន្ទាប់ពីបងៗរបស់គាត់ត្រលប់មកពីជំរំ នៅព្រំប្រទល់ខ្មែរថៃ។
ឡាវ បានឲ្យដឹងថា គាត់មិនបានយកចិត្តទុកដាក់ជាមួយការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែគាត់ចង់ឲ្យមានការកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីស្វែងរកភាពយុត្តិធម៌ដល់ប្រជាជន។ មួយវិញទៀត ឡាវ ចង់ឲ្យក្មេងជំនាន់ក្រោយបានដឹងពីររបបខ្មែរក្រហម និងការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញម្ដងទៀត។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ឡាវ មានជំងឺឈឺជង្គង់, ឈឺដៃ និងក្រពះពោះវៀន។ លើសពីនេះទៅទៀត ឡាវ មានជំងឺលើសសម្ពាធឈាម ហើយអាការជំងឺគឺ រោយក, ឈឺក្បាល, ស្រវាំងភ្នែក និងវិលមុខ។ ក្រៅពីនេះ ឡាវ មានអាការក្អក, ឈឺបំពង់កង និងរសាប់រសល់ ក្ដៅក្រហាយក្នុងខ្លួន។ ជំងឺរបស់គាត់ដែលកំពុងតែកើតមាន បណ្ដាលមកពីការធ្វើការងារច្រើន និងអាយុរបស់ ឡាវ កាន់តែច្រើន។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី០៤ ខែកញ្ញា ២០២១

