ហែម ជ្រឿន៖ បាត់បង់បងប្រុសម្នាក់ឈ្មោះ ហែម ហឿន

(កំពត)៖ ហែម ជ្រឿន ភេទស្រី មានអាយុ ៥៩ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ជ្រឿន មានឪពុកឈ្មោះ លី, ម្ដាយឈ្មោះ ហែម និងមានបងប្អូនដប់នាក់។ ជ្រឿន មានប្តីឈ្មោះ ជី និងមានកូនបីនាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ជ្រឿន មិនបានសិក្សារៀនសូត្រនោះទេ។ ជ្រឿន និយាយថា នៅពេលនោះមានការទម្លាក់គ្រាប់បែកនៅភូមិចុងស្រង់ និងភូមិកំពង់ស្វាយ។ ជ្រឿន បានរត់ចូលលេណដ្ឋាន ខណៈពេលដែលមានការបាញ់ប្រហារចំរទេះសេះដឹកសាំង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង។ ក្រោយមកខ្មែរក្រហម បានចូលមកគ្រប់គ្រងនៅក្នុងភូមិ។ ជ្រឿន បានរត់ពីស្រែទៅរកឪពុកម្ដាយនៅឯផ្ទះ និងរត់ទៅភូមិព្រៃបន្ទាំ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស។ ជ្រឿន ត្រូវខ្មែរក្រហមចាត់ឲ្យធ្វើការក្នុងកងកុមារ។ ជ្រឿន និយាយថា គាត់ត្រូវរំលាយភ្លឺស្រែ ដោយមួយព្រឹកត្រូវរំលាយឲ្យបានម្ភៃម៉ែត្រ។ នៅម៉ោង១១ព្រឹក ជ្រឿន សម្រាកនិងទៅហូបអាហារនៅរោងបាយ។ ជ្រឿន ថាក្នុងមួយពេល គាត់ទទួលបានតែបបរមួយចាន គឺមិនគ្រប់គ្រាន់នោះទេ។
ក្រោយមក ជ្រឿន ត្រូវខ្មែរក្រហមជម្លៀសទៅភូមិទង់លាង ដោយត្រូវរែកដីដំបូកឲ្យបានមួយថ្ងៃមួយរយអំរែក។ បន្ទាប់ពីហូបអាហារពេលល្ងាច ជ្រឿន ត្រូវបន្តរែកដីទាំងយប់ឲ្យបានតាមការកំណត់ ទើបខ្មែរក្រហមឲ្យសម្រាក។ បើគាត់ធ្វើមិនបានតាមការកំណត់ ខ្មែរក្រហមនឹងបង្អត់អាហារ។ ជ្រឿន និយាយថា នៅភូមិទង់លាង កងកុមារត្រូវរស់នៅតាមវត្តអារាម និងយូរៗម្តង គាត់អាចសុំមេកងទៅសាកសួរសុខទុក្ខឪពុកម្ដាយ ឬបងប្អូននៅភូមិផ្សេង។
នៅពេលមានជំងឺ ជ្រឿន សុំមេក្រុមសម្រាកបានរយៈពេលពីរថ្ងៃ និងមានតែថ្នាំរាងដូចអាចម៍ទន្សាយដែលបានមកពីខាងសង្គមកិច្ចប្រហែលបីទៅបួនគ្រាប់សម្រាប់លេបព្យាបាលប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ជ្រឿន បានត្រលប់ទៅជួបជុំឪពុកម្ដាយ និងបងប្អូនដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅរបបនោះ ជ្រឿន បានបាត់បង់បងប្រុសម្នាក់ឈ្មោះ ហែម ហឿន ដែលធ្វើជាកងទ័ពខ្មែរក្រហម៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥

