សួស សាម៉ៃ៖ ខ្មែរក្រហមបង្ខំមនុស្សឲ្យធ្វើការដូចសត្វធាតុ

សួស សាម៉ៃ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត (២០២១)

(កំពត)៖ សួស សាម៉ៃ ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សាម៉ៃ មានឪពុកឈ្មោះ ប៉ោត, ម្ដាយឈ្មោះ ផន និងមានបងប្អូនប្រាំបីនាក់ ក្នុងនោះបងទី១ ឈ្មោះ ហៀង (ស្លាប់),​ ទី២ ឈ្មោះ ហៀក (ស្លាប់), ទី៣ ឈ្មោះ មិត្ត, ទី៤ ឈ្មោះ អេស, ទី៥ ឈ្មោះ ម៉ន (ស្លាប់), ទី៦ ឈ្មោះ សាម៉ៃ, ទី៧ ឈ្មោះ រ៉េម និងទី៨ ឈ្មោះ ដូក។ សាម៉ៃ មានប្តីឈ្មោះ គឹម និងមានកូនប្រាំមួយនាក់ ដោយកូនទី១ ឈ្មោះ ភា, ទី២ ឈ្មោះ មុំ, ទី៣ ឈ្មោះ ផាត, ទី៤ ឈ្មោះ រិទ្ធ, ទី៥ ឈ្មោះ រ៉ន និងទី៦ ឈ្មោះ រ័ត្ន។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ បន្ទាប់ពី សាម៉ៃ បានសិក្សាអស់រយៈពេលបីខែ នៅអាយុ ៨ឆ្នាំ គាត់បានឈប់រៀន និងនៅផ្ទះជួយមើលប្អូន និងឃ្វាលគោក្របី។ នៅឆ្នាំ១៩៧០ ខ្មែរក្រហមបានចូលមកភូមិដែលគាត់រស់នៅ ដូច្នេះគ្រួសារសាម៉ៃ ត្រូវរត់គេចខ្លួន និងពួនក្នុងព្រៃ ដោយសារការទម្លាក់គ្រាប់បែក ដែលបណ្តាលឲ្យ អ៊ំអាយ ជាអ្នកជិតខាងម្នាក់ស្លាប់, បាត់បង់សម្ភារប្រើប្រាស់ និងខូចខាតទិន្នផលស្រូវ។ សាម៉ៃ ថាគាត់ត្រូវរស់នៅក្នុងលេណដ្ឋាននៅពេលថ្ងៃ និងធ្វើស្រែនៅពេលយប់។ សាម៉ៃ បន្តថា រស់នៅដូចសត្វទីទុយ។ ក្រោយមក ខ្មែរក្រហមឲ្យ សាម៉ៃ សែងអ្នករបួសទៅស្នាក់ការមន្ទីរពេទ្យ និងសែងគ្រាប់រំសេវ។ ចំណែក ព្រះសង្ឃត្រូវបានខ្មែរក្រហមចាប់ផ្សឹកតាំងពីរបប លន់ នល់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស និងចាត់តាំងឲ្យ សាម៉ៃ និងប្រជាជនរាប់ពាន់នាក់ត្រូវដាំដំឡូង និងដាំដូង ដាក់ជាសមូហភាពរួមនៅក្នុងក្រសួងមន្ទីរ។ សាម៉ៃ ថាគាត់ហូបតែបបរ និងមិនគ្រប់គ្រាន់។ គាត់បានសួរគេថា ហេតុអ្វីនៅពេលមានសង្គ្រាមមានបាយហូប ដល់ពេលគ្មានសង្គ្រាមមានតែបបរ? ខ្មែរក្រហមឆ្លើយថា ជាការឧបត្ថម្ភឲ្យប្រជាជនទៅវិញ។ នៅថ្ងៃមួយ មេក្រុមខ្មែរក្រហមដែលឃើញប្រជាជនហូបតែបបរ ក៏សួរខ្មែរក្រហមដែលគ្រប់គ្រងនៅទីនោះថា ហេតុអ្វីបានឲ្យហូបបបរ? បន្ទាប់មក ទើបគេឲ្យប្រជាជនបានហូបបាយវិញ។ អំពីការព្យាបាលវិញ គឺមានការយកចិត្តទុកដាក់ ប៉ុន្តែនៅឆ្នាំ១៩៧៨ គឺមានការធ្លាក់ចុះ។

នៅឆ្នាំ១៩៧៨ សាម៉ៃ ថាប្រជាជនដែលមានរបួសបន្តិចបន្តួច ឲ្យតែយកទៅព្យាបាលគឺស្លាប់។ ចំណែកអ្នកដែលជិតជាសះស្បើយក៏ត្រូវស្លាប់។ គាត់ថាអាចជានយោបាយរបស់ថ្នាក់លើ។ ប្រជាជនត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការដូចសត្វធាតុ ដោយស្ត្រីត្រូវជីកដំឡូងឲ្យបាន៤០០ម៉ែត្រ និងបុរសឲ្យបាន៥០០ម៉ែត្រក្នុងមួយព្រឹក។

នៅពេលខ្មែរក្រហមបញ្ជូនគាត់ឲ្យទៅរុះរើផ្ទះឈើនៅផ្សារកំពត សាម៉ៃ ឃើញបងថ្លៃដែលមានសភាពស្គាំងស្គម ​ត្រូវបានខ្មែរក្រហមយកទៅ។ សាម៉ៃ ថាបងថ្លៃត្រូវខ្មែរក្រហមបញ្ជូនទៅរែកដីនៅត្រពាំងឈូក និងក្រោយមកទៅឃុំឃាំងនៅខាងត្បូងក្រុងកំពត។  សាម៉ៃ រំឭកថា គាត់មិនហ៊ានសួរនាំបងថ្លៃនោះទេ បានត្រឹមតែលួចយំម្នាក់ឯង។ នៅពេលគេសួរ និងតាមដានបន្ទាប់ពីឃើញគាត់យំ គាត់ឆ្លើយថាធូលីចូលភ្នែក។

នៅរបបខ្មែរក្រហម សាម៉ៃ ថាប្រជាជនជាច្រើនគូ ត្រូវខ្មែរក្រហមបង្ខំឲ្យរៀបការដោយចំណាយពេលមិនដល់មួយម៉ោងនោះទេ។ អ្នកដែលមិនធ្វើតាម នឹងត្រូវយកទៅសម្លាប់។ សាម៉ៃ ថាឪពុកគាត់ ដែលធ្វើការជាអ្នកឡើងត្នោត ត្រូវបានខ្មែរក្រហមអូសដៃយកទៅ នៅពេលឪពុកគាត់កំពុងអាំងភ្លើង ដោយមិនឲ្យសាច់ញាតិយំ ឬដឹងនោះទេ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាម៉ៃ បានជួបជុំសមាជិកគ្រួសារដែលនៅរស់រានមានជីវិត និងធ្វើស្រែ។ នៅក្រោមការគ្រប់គ្រងរបស់កងទ័ពវៀតណាមនៅវត្តចក នៅសម័យនោះ គាត់ថាមានតែត្នោតទុំហូបប៉ុណ្ណោះ។ ក្រោយមក សាម៉ៃ ចិញ្ចឹមគោក្របី។ នៅឆ្នាំ១៩៩៧ ប្តីរបស់សាម៉ៃ ដែលធ្វើជាប៉ូលីស បានបាត់ខ្លួននៅខេត្តកោះកុង ដោយមិនដឹងមូលហេតុ ដូច្នេះ សាម៉ៃ ត្រូវតស៊ូចិញ្ចឹមកូនៗតែម្នាក់ឯងរហូតទល់សព្វថ្ងៃ៕

សម្ភាសដោយ កេង នាង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin