អតីតប្រធានក្រុមរែកដី

(កណ្ដាល)៖ ស៊ឹប គី អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ គី មានបងប្អូនសរុបចំនួន៧នាក់ (ស្រីចំនួន២នាក់)។ នៅវ័យកុមារភាព គី រៀនបានត្រឹមថ្នាក់ទី២ គ្រូបង្រៀនឈ្មោះ សយ នៅក្នុងសាលាវត្តខ្ពក។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស។ ខ្មែរក្រហម បានជម្លៀស គី ពីខេត្តកណ្ដាលទៅខេត្តបាត់ដំបង។ ទៅដល់ខេត្តបាត់ដំបង គាត់ធ្វើការងារនៅក្នុងកងចល័ត រែកដីនៅទំនប់ជើងគ្រោះ បន្ទាប់មក គី បានទទួលតួនាទីជាប្រធានក្រុម ដឹកនាំសមាជិកចំនួន១០នាក់ រែកដីលើកទំនប់។ នៅពេលនោះគាត់មានជំងឺ ខ្មែរក្រហមបានផ្ដល់ថ្នាំអាចម៍ទន្សាយឱ្យគាត់លេប។
បន្ទាប់ពីលេបថ្នាំ ជំងឺរបស់គាត់មិនបានធូរស្រាលនោះទេ មិនត្រឹមតែប៉ុណ្ណោះថ្នាំនោះបានបណ្ដាលឱ្យគាត់រឹងជើងមិនអាចធ្វើចលនា និងមិនអាចធ្វើការងារបាន។ គាត់បានប្រាប់ទៅកូនក្រុមរបស់គាត់ត្រូវខិតខំធ្វើការងារ កុំឱ្យខ្មែរក្រហមចាប់យកទៅវាយធ្វើបាប ព្រោះនៅពេលដែលគាត់មិនបាននៅមើលការខុសត្រូវ នឹងមានអ្នកមកគ្រប់គ្រងជំនួសគាត់ ហើយអ្នកនោះនឹងមិនស្លូតដូចជាគាត់ទេ។
គី បាននិយាយថា របបអាហាររបស់គាត់នៅពេលនោះ គឺមិនដែលជួបបញ្ហាខ្វះខាតនោះទេ ព្រោះគាត់ធ្វើការងារនៅក្នុងកងចល័តពិសេស ដូច្នេះហើយខ្មែរក្រហមផ្ដល់អាហារឱ្យហូបគ្រប់គ្រាន់។ ចំណែកប្រជាជនដែលធ្វើការងារនៅកងចល័តធម្មតា ក្នុងមួយថ្ងៃហូបបបរបានត្រឹមតែ២ពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។
គី បានឃើញខ្មែរក្រហមចាប់ប្រជាជនដែលជាគ្រួសារមន្រ្តីរាជការនៅក្នុងរបប លន់ នល់ យកទៅសម្លាប់ផ្ទាល់ភ្នែករបស់គាត់។ នៅអំឡុងពេលនោះ គាត់មានភាពភ័យខ្លាចផង និងនឹកអាណិតកូនក្មេងចំនួន២នាក់ ដែលត្រូវចាប់យកទៅសម្លាប់ជាមួយម្ដាយ។ គី ពិតជាចង់យកក្មេងទាំង២នាក់នោះមកចិញ្ចឹម ប៉ុន្តែមិនហ៊ានព្រោះខ្លាចខ្មែរក្រហមចាប់គាត់យកទៅសម្លាប់ជាមួយអ្នកទាំងអស់នោះដែរ។ ក្នុងចិត្តរបស់ គី ពេលនោះគិតថា៖ “ឆក់យកកូននោះឥឡូវហើយ កូនស្អាតៗណាស់ ខ្ពស់ៗទៀត២នាក់។ តែប្រសិនជាឆក់យកងាប់ទាំងខ្លួនឯងដែរ ចឹងកុំអី។”
គី បានបញ្ជាក់ថានៅពេលនោះ ខ្មែរក្រហមសម្លាប់មនុស្សដោយប្រើត្បូងចប, គល់ឫស្សី ឬអារកនឹងធាងត្នោត។ ចំណែកក្មេងៗចាប់វាយនឹងគល់ឈើ។ នៅក្នុងរបបខ្មែរក្រហម មិនត្រឹមតែសម្លាប់មនុស្សនោះទេ គឺបានបំផ្លាញវត្តអារាម ដែលជាទីសក្ការបូជា និងប្រណិប័តន៍សាសនារបស់ប្រជាពលរដ្ឋ។ ខ្មែរក្រហម បានបញ្ជាឱ្យប្រជាជនវាយបំផ្លាញរូបសំណាក់ព្រះពុទ្ធប្បដិមា រួចយកទៅទម្លាក់ក្នុងទឹកស្រះ ហើយទីវត្តអារាមយកធ្វើជាកន្លែងប្រជុំ ឬកន្លែងចិញ្ចឹមសត្វជ្រូក។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គី បានត្រឡប់ទៅស្រុកកំណើត និងរស់នៅជាមួយនឹងក្មួយរបស់គាត់៕
សម្ភាសន៍ដោយ៖ ប៊ុង វ៉េងលៀក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

