អតីតគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម

(កំពង់ចាម)៖ អុន សុខុន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុខុន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ គាត់គឺជាកូនទី៤នៅក្នុងចំណោមបងប្អូនទាំងអស់។
នៅឆ្នាំ១៩៧០ សុខុន មានអាយុ១៤ឆ្នាំ។ នៅពេលនោះគាត់ស្នាក់នៅ និងធ្វើចម្ការជាមួយឪពុកម្ដាយរបស់គាត់។ នៅពេលមានការទម្លាក់គ្រាប់បែក នៅក្នុងភូមិរបស់គាត់មិនមានការប៉ះពាល់ផ្ទាល់ឡើយ ប៉ុន្តែភូមិរបស់គាត់គឺនៅជិតជាមួយនឹងកន្លែងទម្លាក់គ្រាប់បែក ប៉ះពាល់ដោយសំឡេង។ ឪពុករបស់ សុខុន បាននាំសមាជិកគ្រួសារទាំងអស់រត់ចូលក្នុងលេណដ្ឋានដើម្បីសុវត្ថិភាព។ ការទម្លាក់គ្រាប់បែកមិនបណ្ដាលឱ្យខូចខាតផ្ទះសំបែងរបស់ប្រជាជនឡើយ គឺគ្រាន់តែខូចខាតដី និងដំណាំរបស់ប្រជាជននៅតាមមានទន្លេ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់តាំងឱ្យ សុខុន រៀនជំនាញពេទ្យនៅក្នុងកង។ គាត់បាននិយាយថា គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម គឺស្រេចទៅលើការចាត់តាំងរបស់ខ្មែរក្រហម ហើយគ្មាននរណាម្នាក់ប្រកែកមិនព្រមធ្វើឡើយ។ សុខុន បានបន្ថែមថានៅពេលដែលគាត់ទៅរៀនដំបូង គឺរៀនពីរបៀបព្យាបាលជំងឺទូទៅ ហើយបន្ទាប់ទើបរៀនពីរបៀបចាក់ថ្នាំ និងក្រៅពីរៀនពេទ្យគាត់ត្រូវមានតួនាទីសម្អាតទីធ្លា និងបាញ់ថ្នាំការពារជំងឺគ្រុនចាញ់នៅក្នុងទីធ្លាមន្ទីរពេទ្យទាំងមូល។ ក្រោយពី សុខុន រៀនបានមួយរយៈធំ អង្គការបានចាត់តាំងឱ្យគាត់ទៅប្រចាំការនៅមូលដ្ឋាននៅជាប់ចម្ការកៅស៊ូ ចាំព្យាបាលអ្នកជំងឺនៅទីនោះ។
នៅពេលដែល សុខុន ទៅប្រចាំការនៅមូលដ្ឋាន ជំងឺដែលគាត់ព្យាបាលភាគច្រើនគឺជាជំងឺគ្រុនចាញ់ អ្នកជំងឺគឺជាកម្មករនៅក្នុងចម្ការកៅស៊ូ។ ថ្នាំដែលគ្រូពេទ្យប្រើសម្រាប់ព្យាបាលជំងឺគ្រុនចាញ់នៅក្នុងរបបនោះ គឺថ្នាំគីនីន ជាថ្នាំដែលផលិតនៅក្នុងស្រុក និងមានថ្នាំមួយប្រភេទទៀតដែលនាំចូលពីបរទេស។ ក្រៅពីព្យាបាលអ្នកជំងឺគ្រុនចាញ់ គឺមានអ្នកជំងឺទូទៅមួយចំនួនទៀតដែលរងរបួសដោយសារមុតកាំបិតចៀរជ័រកៅស៊ូ។
គ្រូពេទ្យដែលធ្វើការងារនៅក្នុងមូលដ្ឋានជាមួយ សុខុន សរុបទាំងអស់មានចំនួន១២នាក់ ក្នុងនោះមានប្រធានក្រុមម្នាក់។ សមាជិកក្រុមរបស់គាត់ទាំងអស់ត្រូវស្នាក់នៅមន្ទីរជារៀងរាល់ថ្ងៃ ដើម្បីចាំមើលអ្នកជំងឺ។ ចំពោះរបបអាហាររបស់គ្រូពេទ្យនៅក្នុងមូលដ្ឋាន គឺមិនខុសពីប្រជាជននៅក្នុងកងនោះទេ នៅក្នុងមួយថ្ងៃទទួលបានអាហារចំនួន២ពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ជារៀងរាល់ថ្ងៃគាត់ត្រូវហូបបបរលាយជាមួយនឹងគ្រាប់ពោត និងបបរលាយជាមួយខ្នុរ។
សុខុន បាននិយាយថា អ្នកជំងឺមួយចំនួនត្រូវបានខ្មែរក្រហមក្រហមចាប់យកទៅសម្លាប់ចោល ដោយចោទប្រកាន់ថាមានជាប់សាច់ញាតិជាមួយនឹងជនជាតិវៀតណាម។ ខ្មែរក្រហម តែងតែប្រមូលអ្នកជំងឺ និងប្រជាជនដែលសង្ស័យថាមានសាច់ញាតិជាជនបរទេស យកទៅសម្លាប់ចោល។ ខ្មែរក្រហម សម្លាប់មនុស្សគឺមិនដែលស្រាវជ្រាវប្រវត្តិរូបរបស់ប្រជាជនទាំងអស់នោះច្បាស់លាស់ឡើយ។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ សុខុន បានត្រឡប់ទៅភូមិកំណើតរស់ជួបជុំជាមួយឪពុកម្ដាយ និងបងប្អូនរបស់គាត់ជាថ្មីម្ដងទៀត៕
សម្ភាសន៍ដោយ៖ តែ ដាលិស ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

