សុខ អ៊ួក៖ ហូបបបរកន្ទក់ពោត ដែលមានសត្វខ្មូតស៊ី

នៅឆ្នាំ១៩៧០ អ៊ួក ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែប្រទេសជាតិកើតមានសង្គ្រាម។ បន្ទាប់ពីឈប់រៀន អ៊ួក បានចូលបួសក្នុងវត្តអង្គរុន និងត្រូវលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ដើម្បីគេចពីការប្រយុទ្ធគ្នា, ការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីយន្តហោះ ចូលក្នុងភូមិ។ បន្ទាប់ពីលាចាកសិក្ខាបទ អ៊ួក បានចូលរួមជាមួយចលនាខ្មែរក្រហម និងបានធ្វើការងារក្នុងសហករណ៍មួយរយៈ។ បន្ទាប់មកទៀត អង្គការបានជម្លៀសគាត់ទៅតំបន់៥៥ ដែលជាតំបន់ខ្វះស្បៀងខ្លាំង។
សុខ អ៊ួក ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់អ៊ួកឈ្មោះ ម៉ី សុខ ហើយម្ដាយឈ្មោះ អ៊ុច អុក និងមានបងប្អូនចំនួន៧នាក់(ស្រី៣នាក់)។ អ៊ួក មានប្រពន្ធឈ្មោះ យ៉ែម វ៉ាង និងមានកូនចំនួន៦នាក់។ នៅឆ្នាំ១៩៦១ អ៊ួក ចូលរៀនដំបូងនៅសាលាបឋមសិក្សាវត្តអង្គរុន។ ចូលដល់ឆ្នាំ១៩៧០ អ៊ួក បានឈប់រៀនត្រឹមថ្នាក់ទី៧។
បន្ទាប់ពីឈប់រៀន អ៊ួក បានចូលទៅបួសធ្វើជាព្រះសង្ឃនៅក្នុងវត្តអង្គរុន បាន៣ព្រះវស្សាបន្ថែមទៀត។ អំឡុងពេលបួស អ៊ួក ត្រូវរត់ចូលទៅលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ ដើម្បីគេចពីការប្រយុទ្ធគ្នារវាងខ្មែរក្រហម ជាមួយទាហាន លន់ នល់។ ក្រៅពីការបាញ់ប្រយុទ្ធគ្នា អ៊ួក ត្រូវគេចពីគ្រាប់បែក៨២ ដែលផ្លោងមកពីខាងចំបក់ ឬគ្រាប់ផ្លោង១០៥ចេញពីបន្ទាយត្រាវ ខាងជើងសំរោងយ៉ោង និងការទម្លាក់គ្រាប់បែកបេ៥២ពីយន្តហោះ។ នៅឆ្នាំ១៩៧៣ បន្ទាប់ពីស្ថានការណ៍នៅក្នុងភូមិស្ងប់ស្ងាត់ អ៊ួក បានសម្រេចចិត្តលាចាកសិក្ខាបទ និងបានចូលរួមជាមួយចលនាខ្មែរក្រហម។ នៅក្នុងភូមិតួនាទីរបស់ អ៊ួក គឺធ្វើជាកងឈ្លប យាមនៅក្នុងភូមិ, ធ្វើជាអ្នកនេសាទ រកត្រីដាក់ក្នុងសហករណ៍ និងទៅធ្វើការងាររែកដី ធ្វើប្រឡាយ នៅក្បែរផ្លូវជាតិលេខ២។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ អ៊ួក មានអាយុប្រមាណ២២ឆ្នាំ។ អ៊ួក បានឃើញប្រជាជន ១៧ មេសា ជាច្រើននាក់ជម្លៀសចូលទៅរស់នៅក្នុងភូមិត្រពាំងក្រសាំង។ បន្ទាប់ពីប្រជាជនថ្មីចូលមក អង្គការបានបង្កើតកន្លែងឃុំឃាំងមួយនៅក្នុងមន្ទីរឃុំ ដើម្បីចាប់ប្រជាជនរូបណាដែលហ៊ានធ្វើដំណើរចេញពីភូមិដោយគ្មានការអនុញ្ញាត ឬប្រព្រឹត្តិកំហុសបន្តិចបន្តួច។ នៅក្នុងមន្ទីរឃុំនេះ កងឈ្លបបានចាប់អ្នកទោសយកទៅសួរចម្លើយ និងឃុំឃាំង ប៉ុន្តែមិនបានសម្លាប់មនុស្សទេ។
នៅឆ្នាំ១៩៧៧ អង្គការបានបញ្ជូនយុវជនទាំងអស់រួមទាំង អ៊ួក ឲ្យទៅធ្វើការងារនៅតំបន់៥៥។ នៅតំបន់ថ្មី ការហូបអាហារគឺលំបាកខ្លាំងជាងមុន ព្រោះអង្គការបានយកកន្ទក់ពោត ដែលមានសត្វខ្មូតស៊ី ទៅបបរឲ្យប្រជាជនហូបរាវៗនៅពេលដែលដាច់ស្បៀងខ្លាំង និងមិនគ្រប់គ្រាន់ទេ។ នៅពេលដែលមានជំងឺ អង្គការមិនបានយកប្រជាជនទៅព្យាបាលនោះទេ គឺផ្ដល់តែថ្នាំរាងដូចអាចម៍ទន្សាយមួយមុខគត់មកព្យាបាលជំងឺគ្រប់មុខ។ ដោយទ្រាំជាមួយការលំបាកមិនបាន ប្រជាជនមួយចំនួនហ៊ាមរត់ត្រលប់មកស្រុកកំណើតវិញ ប៉ុន្តែត្រូវបានអង្គការចាប់យកទៅសម្លាប់ជាច្រើននាក់។ នៅចុងឆ្នាំ១៩៧៧ អ៊ួក បានព្រមព្រៀងរៀបការជាមួយឈ្មោះ វ៉ាង។ អំឡុងពេល អ៊ួក ប្ដេជ្ញា គឺមានតែមួយគូរបស់គាត់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកទើបអង្គការរៀបចំច្រើនគូ។ ពេលរៀបការរួច ប្ដីប្រពន្ធរបស់អ៊ួក ត្រូវចេញទៅធ្វើការងាររៀងខ្លួន។
នៅខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ អ៊ួក និងប្រជាជនផ្សេងទៀត បានត្រលប់ទៅស្រុកកំណើតជួបជុំគ្រួសារ។ ចំពោះគ្រួសារអ៊ួក គឺបាត់ដំណឹងប្អូនប្រុសម្នាក់ដែលចេញទៅធ្វើជាទាហានខ្មែរក្រហម ប៉ុន្តែក្រោយមកគាត់បានត្រលប់មកផ្ទះវិញបន្ទាប់ពីរំសាយជំរំនៅតាមព្រំដែនថៃ។ អ៊ួក បានឲ្យដឹងថា ខ្លួនបានធ្វើបុណ្យឧទ្ទិកុសលឲ្យប្អូនដែលបានបាត់ខ្លួនរួចហើយ ព្រោះគិតថាបាត់បង់ជីវិត។
នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស អ៊ួក ចង់ឲ្យរដ្ឋាភិបាលថែរក្សាឯកសាររូបថតប្រជាជនរែកដី និងឯកសារផ្សេងៗដែលនៅសេះសល់ពីរបបខ្មែរក្រហម រួចបន្តផ្សព្វផ្សាយតាមទូរទស្សន៍ជាញឹកញាប់ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានដឹង និងសិក្សារៀនសូត្រ។ មួយវិញទៀត នៅពេលដែល អ៊ួក បានទៅទស្សនកិច្ចនៅជើងឯក និងគុកទួលស្លែង បានធ្វើឲ្យគាត់ដឹងពីការធ្វើទារុណកម្មប្រជាជនយ៉ាងសាហាវ ហើយគាត់ពិតជាពេញចិត្តចំពោះការថែរក្សាកន្លែងសម្លាប់មនុស្សបែបនេះ។
សម្ភាសដោយ៖ កែប ម៉ៃ សុជាតា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

