អ៊ុយ ភី៖ អតីតអ្នកមើលថែក្មេង

អ៊ុយ ភី រស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ អ៊ុយ ភី ភេទស្រី មានអាយុ ៧០ឆ្នាំ ជាកសិកររស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ នៅវ័យកុមារភាព ភី បានរៀនសូត្រត្រឹមថ្នាក់អក្ខរកម្ម និងធ្វើស្រែចម្ការ។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មុនរបបខ្មែរក្រហម ភី បានរៀបការជាមួយប្តីឈ្មោះ សុខ ជីន តាមប្រពៃណីខ្មែរ និងក្រោយមកអ្នកទាំងពីរមានកូនចំនួនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅរបបខ្មែរក្រហម ភី ដែលជាប្រជាជនចាស់ និងទើបសម្រាលកូនរួម ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅរោងកុមារ និងត្រូវមើលថែកូន និងក្មេងដទៃទៀតពីបួនទៅប្រាំនាក់ក្នុងពេលតែមួយ។ ភី ត្រូវដាំបបរ, បំបៅទឹកដោះ, យោលអង្រឹង និងបញ្ចុកបបរឲ្យក្មេងៗ រួមទាំងកូនរបស់គាត់។

នៅពេលថ្ងៃត្រង់ ភី និយាយថាម្ដាយរបស់ក្មេងៗទាំងនោះ បានឆ្លៀតពីសម្រាកមកមើលកូនៗ ហើយគាត់បានសម្រាកហូបបាយឬបបរ ដែលគេយកមកឲ្យហូប។ ភី ត្រូវមើលថែក្មេងតាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង៥ល្ងាច ទើបម្ដាយរបស់ក្មេងទាំងនោះចេញពីធ្វើការ និងមកនាំកូនៗរបស់គេទៅផ្ទះរៀងៗខ្លួន។ ជួនកាល ភី ត្រូវមើលថែក្មេងរហូតដល់ម៉ោង៧យប់ ទើបបានសម្រាក។ នៅរបបខ្មែរក្រហម ភី ត្រូវធ្វើការជាអ្នកមើលថែក្មេងអស់រយៈពេលជាងបីឆ្នាំ។ ចំណែក ប្តីរបស់គាត់ធ្វើការក្នុងកងឈ្លប។

នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមដួលរលំ ភី មានការពិបាកចិត្តដោយសារខ្មែរក្រហមបាននាំបងប្រុសទាំងពីរនាក់របស់គាត់យកទៅវាយសម្លាប់។ ភី និយាយថាបងប្រុសទាំងពីររបស់គាត់ គឺជាអ្នកធ្វើការមានតួនាទីធំ និងរៀនសូត្របានខ្ពស់នៅក្នុងរបបសង្គមរាស្ត្រនិយម និងរបប លន់ នល់។ ចំណែកប្អូនស្រីរបស់គាត់ម្នាក់ទៀតដែលមានផ្ទៃពោះនៅអំឡុងរបបខ្មែរក្រហមបានបាត់បង់ជីវិត។

ភី ដែលរស់រានមានជីវិតពីរបបនោះ បានត្រលប់មករស់នៅភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃ គាត់មានជំងឺលើសឈាមប្រចាំកាយអស់រយៈពេលជាង២០ឆ្នាំមកហើយ៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin