អួន ញ៉ក់៖ ប្រជាជនធ្វើការរហូតទាល់តែឈឺធ្ងន់

អួន ញ៉ក់ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ អួន ញ៉ក់ ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ ដែលមានស្រុកកំណើត និងរស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ញ៉ក់ មានម្ដាយឈ្មោះ សួង, ឪពុកឈ្មោះ អ៊ុត និងមានបងប្អូនចំនួនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។

នៅវ័យកុមារភាព ញ៉ក់ មិនបានរៀនសូត្រនោះទេ ដោយសារស្រុកទេសកើតមានចលាចល និងសង្គ្រាម។ នៅរបបខ្មែរក្រហម ញ៉ក់ ដែលជាប្រជាជនមូលដ្ឋាន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ញ៉ក់ ត្រូវខ្មែរក្រហមបំបែកបំបាក់ពីឪពុកម្ដាយដែលរស់នៅក្នុងសហករណ៍ និងត្រូវធ្វើការក្នុងកងចល័ត ដោយត្រូវកាប់ដី, រែកដី, ជីកប្រឡាយ, ស្ទូងស្រូវ និងច្រូតស្រូវ។

ញ៉ក់ និយាយថា ខ្មែរក្រហមបានគំរាមកំហែង និងតាមដានប្រជាជនដែលមានជំងឺ ដោយចោទប្រជាជនទាំងនោះថាមានជំងឺសតិអារម្មណ៍។ ចំណែកអ្នកដែលមានជំងឺ ហើយមិនទៅធ្វើការនោះ នឹងត្រូវខ្មែរក្រហមកសាង ឬស្ដីបន្ទោស។ ញ៉ក់ បន្តថាអ្នកដែលត្រូវបានខ្មែរក្រហមកសាងលើសពីបីដង នោះនឹងត្រូវខ្មែរក្រហមយកទៅវាយសម្លាប់។ ប្រជាជនត្រូវធ្វើការរហូតទាល់តែឈឺធ្ងន់ ទើបខ្មែរក្រហមឲ្យសម្រាក និងព្យាបាលដោយលេបថ្នាំរាងដូចអាចម៍ទន្សាយដែលបានពីខាងសង្គមកិច្ច។

ចំណែករបបអាហារ ខ្មែរក្រហមដាំបបរមួយខ្ទះត្នោត ដោយដាក់អង្ករចំនួនបីកំប៉ុង និងលាយជាមួយស្លឹកដំឡូងប៉ុណ្ណោះ សម្រាប់ចែកឲ្យប្រជាជនហូបក្នុងមួយពេល។ ក្រៅពីនេះ ញ៉ក់ ឃើញខ្មែរក្រហមចាប់បង្ខំប្រជាជនចំនួនដប់គូឲ្យរៀបការក្នុងពេលតែមួយ។ នៅរបបខ្មែរក្រហម ញ៉ក់ រំឭកថា ខ្មែរក្រហមបានសម្លាប់អ៊ំ និងបងប្អូនជីដូនមួយរបស់គាត់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ញ៉ក់ បានជួបជុំឪពុកម្ដាយ និងប្រកបរបរធ្វើស្រែចម្ការ។ ក្រោយមក ញ៉ក់ បានរៀបការ និងមានកូនចំនួនប្រាំនាក់។ សព្វថ្ងៃ ញ៉ក់ មានជំងឺក្រពះពោះវៀន៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin