កាប់ទន្រ្ទានខេត្តនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ធឿង សុភាព បច្ចុប្បន្នមានអាយុ៥៥ ឆ្នាំ ប្រកបមុខរបរជាអ្នកធ្វើស្រែចំការ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់រឿងរ៉ាវដែលចាំមិនភ្លេច ដែលគាត់បានឆ្លងកាត់នារបបខ្មែរក្រហម ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅពេលចុះសាកសួរទាក់ទងនឹងបញ្ហាសុខភាពរបស់គាត់។
សុភាព ជាកូនច្បងនៃគ្រួសាររស់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយបង្កើតរបស់ខ្លួន។ គាត់បន្តទៀតថា ខ្មែរក្រហមបានចាប់គាត់ឲ្យចូលបម្រើនៅតាមកងកុមារ និងធ្វើការជាមួយកុមារដទៃទៀត ដែលមានអាយុប្រហាក់ប្រហែលនឹងគាត់ មានអ្នកខ្លះបានធ្លាក់ខ្លួនឈឺ និងបានបាត់បង់ជីវិត។
ជារៀងរាល់ថ្ងៃ គាត់ត្រូវក្រោកពីព្រលឹម ជាមួយការងារចម្បងរបស់គាត់ គឺធ្វើដំណើរជាច្រើនគីឡូម៉ែត្រ ដើម្បីទៅកាប់ទន្រ្ទានខេត្តដើម្បីយកធ្វើជី រហូតទាល់តែសុភាពបានធ្លាក់ខ្លួនឈឺស្ទើរតែបាត់បង់ជីវិត។ បើនិយាយអំពីការបរិភោគនៅសម័យនោះវិញ គាត់បានបញ្ជាក់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា មួយថ្ងៃបានតែបបរផិពីរពេលដែលលាយជាមួយដើមចេក និង គល់ស្លឹកគ្រៃ ដោយគ្មានអំបិល ឬស្ករនោះទេ។ ជាយូរៗម្តង ខ្មែរក្រហមឲ្យគាត់បានហូបបាយ និងផ្លែចេក។ ជាចុងក្រោយសុភាព និងក្រុមគ្រួសារបានជួបជុំគា្នវិញ នៅពេលដែលរបបខ្មែរក្រហមបានដួលរលំ៕
សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣