គ្រូពេទ្យចាក់ថ្នាំខុសធ្វើឱ្យអ្នកជំងឺស្លាប់

(ត្បូងឃ្មុំ) ជឹម ណាន អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។ សព្វថ្ងៃនេះ ណាន មានអាស័យដ្ឋាននៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅឆ្នាំ១៩៧០ ណាន បានរត់គេចចេញពីការទម្លាក់គ្រាប់បែកកាត់វាលស្រែយ៉ាងកម្សត់។ ពេលនោះ ណាន បានរត់រហូតដល់ស្ទឹងដែលមា​នចម្ងាយប្រមាណ២០គីឡូម៉ែត្រពីផ្ទះរបស់គាត់។ បន្ទាប់មក ណាន បានបន្តរត់ទៅដល់ត្រពាំងទាព្រមទាំងមានកូនតូចរត់ជាមួយគ្នានោះដែរ។ នៅពេលនោះ ណាន និងកូនមិនបានរងគ្រោះថ្នាក់អ្វីឡើយ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស។ ពេលនោះ ណាន មានអាយុ២៥ឆ្នាំ។ ណាន បានផ្លាស់ប្ដូរមករស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងរបបនោះ ណាន ត្រូវអង្គការចាត់តាំងឱ្យកិនស្រូវ រែងអង្ករ ទោះបីជាគាត់ទើបតែសម្រាលកូនបានត្រឹមរយៈពេល២ខែ។

ណាន បាននិយាយថា សម្រាប់ការហូបចុកប្រចាំថ្ងៃ គាត់ត្រូវហូបបាយរួមជាមួយប្រជាជនដទៃដែលស្នាក់នៅសហករណ៍ជាមួយគ្នា។ ណាន បាននិយាយថា របបអាហារនៅក្នុងរបបនោះ គឺមានការខ្វះខាតខ្លាំងមានតែបបរ លាយជាមួយសម្លត្រកួន និងព្រលឹតមានទឹកខ្មៅៗ។ ពេលខ្លះ ណាន ទៅសុំអំបិលពីរោងបាយយកមកបុកជាមួយស្លឹកខ្ទឹម មូរក្រសាំងហូបដើម្បីចម្អែតក្រពះ។ មានពេលមួយ ណាន ទៅមើលក្របីបានចាប់កូនកង្កែបយកមកអាំងឱ្យកូនហូប ពេលឈ្លបឃើញ មិនបានយកទោសពៃរ៍អ្វីឡើយ គ្រាន់តែយកកូនកង្កែបនោះក្រវាត់ចោលមិនឱ្យហូប។ នៅពេលយប់តែងតែមានឈ្លបភូមិដើរយាមយប់ឡើយ ព្រោះអង្គការខ្លាចប្រជាជនលួចចាប់មាន់យកមកធ្វើម្ហូប។

ចំពោះការព្យាបាលជំងឺ អង្គការមានគ្រូពេទ្យសហករណ៍ចាំព្យាបាលជំងឺ ប៉ុន្តែគ្មានជំនាញច្បាស់លាស់នោះទេ។ ណាន បានបញ្ជាក់ថា មានគ្រូពេទ្យខ្លះបានចាក់ថ្នាំខុសបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិត។ គាត់មានបន្តថាពេលមានប្រជាជនឈឺពោះ អង្គការមិនមានថ្នាំពេទ្យសម្រាប់ព្យាបាលនោះទេ មានតែស្វែងរកឱសថបុរាណដាំទឹកហូបខ្លួនឯង។ បន្ថែមពីនេះ ណាន មានបងប្អូនចំនួន៧នាក់ ត្រូវបានជម្លៀសឱ្យទៅរស់នៅតំបន់ផ្សេងៗគ្នា។ ណាន បានបាត់បង់ប្អូនម្នាក់ដែលអង្គការហៅឱ្យទៅធ្វើការបាត់ដំណឹងសូន្យឈឹងរហូតដល់សព្វថ្ងៃមិនដឹងស្លាប់ឬនៅមានជីវិត។ ណាន បានបន្ថែមថា នៅក្នុងរបបខ្មែរក្រហមគាត់មិនបានឃើញឈ្លបសម្លាប់មនុស្សផ្ទាល់ភ្នែកឡើយ គ្រាន់តែឃើញនាំយកមនុស្សទៅបាត់ៗដែល ណាន គិតថាមនុស្សទាំងនោះមិនរួចពីស្លាប់ទេ ព្រោះមិនដែលឃើញត្រឡប់មកសហករណ៍វិញ។ ម្យ៉ាងទៀត ណាន បានឃើញវត្តអារាមត្រូវបានបំផ្លាញ ជាក់ស្ដែងវត្តកណ្ដោលជ្រុំ ព្រះបដិមា ត្រូវបានវាយកម្ទេចចោល ផ្សឹកព្រះសង្ឃឱ្យធ្វើការងារ។

បច្ចុប្បន្ន ណាន មានជំងឺប្រចាំកាយមួយចំនួនមានដូចជា ជំងឺលើសជាតិស្ករ ឡើងជាតិខ្លាញ់ដែលតម្រូវឱ្យលេបថ្នាំជារៀងរាល់ថ្ងៃ៕

សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin