អណ្ដូងសាកសព

(កំពង់ចាម)៖ នួន ធីម អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ធីម មានឪពុកឈ្មោះ នួន និងម្ដាយឈ្មោះ ធួន។

ធីម បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានជម្លៀសឱ្យទៅធ្វើការនៅតំបន់អូរដា។ ទៅដល់ទីនោះ គាត់ទទួលបានការចាត់តាំងពីខ្មែរក្រហម​ឱ្យលើកប្រព័ន្ធភ្លឺស្រែ, ដកសំណាប, ស្ទូងស្រូវ, ជីកប្រឡាយ និងបំពេញការងារបន្ទាប់បន្សំជាច្រើនទៀត។ ខ្មែរក្រហម បានបែងចែកឱ្យប្រជាជនធ្វើការងារជាក្រុម ដោយក្រុមខ្លះស្ទូងស្រូវ, ខ្លះដាំពោត, ខ្លះដាំសណ្ដែក, ខ្លះធ្វើជី, ខ្លះកាប់ទន្ទ្រានខេត្ត, ខ្លះជាន់អង្ករ  និងខ្លះទៀតជីកប្រឡាយនិងលើកទំនប់។ នៅពេលនោះ ប្រជាជនត្រូវធ្វើការងារជារៀងរាល់ថ្ងៃ ដោយគ្មានថ្ងៃឈប់សម្រាកឡើយ។ ទោះបីជាឈឺយ៉ាងណាក្ដី ប្រជាជននៅតែត្រូវទៅធ្វើការងារ។

នៅក្នុងរបបនោះ ប្រជាជនជាច្រើនត្រូវបានសម្លាប់ រួចកប់ចោលនៅតាមរណ្ដៅ និងទម្លាក់ទៅក្នុងអណ្ដូងទឹក។ នៅតាមអណ្ដូងទឹកទាំងអស់ គឺសុទ្ធតែមានសាកសពរបស់ប្រជាជន។ ប្រជាជនមួយចំនួនហៅទីតាំងទាំងនោះថា អណ្ដូងសាកសព។  ធីម បានបញ្ជាក់ថា មានរណ្ដៅខ្លះកប់មិនជិតល្អ ហើយមានផ្នែកខ្លះនៃសាកសព ដូចជា ដៃជើង និងក្បាលលេចចេញកណ្ដាលវាល ។ នៅពេលនោះ ប្រជាជនត្រូវឈ្លបសម្លាប់ ដោយសារមានកំហុសបន្តិចបន្តួច ដូចជា គ្រាន់តែធ្វើឱ្យបាក់ដងចប, រនាស់, ខូចនង្គ័ល និងរបស់របរប្រើប្រាស់ផ្សេងៗជាដើម។ ចំណែកប្រជាជនមួយចំនួនទៀត ត្រូវបានសម្លាប់ទាំងគ្មានកំហុស ដោយការសម្លាប់ធ្វើឡើង​ពីព្រោះតែឈ្លបមានចិត្តស្អប់គុំកួនអ្នកទាំងនោះ តាំងពីមុនមក រួចក៏ចាប់យកអ្នកទាំងនោះទៅសម្លាប់ចោល។

ធីម បានបន្តថា នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវបរិភោគអាហារនៅក្នុងរោងបាយរួម។ អ្នកចម្អិនអាហារក្នុងរោងបាយ ជាអ្នកចែករបបអាហារនិងទឹកឱ្យប្រជាជន ដោយរួមមានបបរមួយកូនចាន និងទឹកម្នាក់មួយកែវ។ នៅក្នុងរបបនោះ ដល់ម៉ោងហូបអាហារ ប្រសិនជាមាននរណាម្នាក់ទៅយឺតអ្នកនោះច្បាស់ជាមិនមានបបរហូបឡើយ ព្រោះអ្នកដួសអាហារនឹងមិនទុកចំណែកឱ្យអ្នកទៅយឺតឡើយ។

ធីម បាននិយាយថា នៅក្នុងរបបខ្មែរក្រហមសម្លៀកបំពាក់ត្រូវតែជាពណ៌ខ្មៅ។ ប្រសិនជាប្រជាជនមានសម្លៀកបំពាក់ពណ៌ស ឬពណ៌ផ្សេងៗ ប្រជាជនត្រូវតែយកទៅជ្រលក់ពណ៌ឱ្យទៅជាពណ៌ខ្មៅ។ ប្រជាជននាំគ្នាយកខោអាវដែលមានពណ៌ ទៅជ្រលក់ឱ្យទៅជាពណ៌ខ្មៅ ព្រោះខ្លាចអង្គការនាំខ្លួនទៅកសាង។ នៅអំឡុងពេលនោះ មនុស្សម្នាក់ មានសម្លៀកបំពាក់ត្រឹមតែ១ ឬ២សម្រាប់ប៉ុណ្ណោះ។ ក្នុងរយៈពេលកន្លះឆ្នាំម្ដង ទើបអង្គការចែកឱ្យប្រជាជនមួយសម្រាប់បន្ថែមទៀត។

ធីម មិនបានរៀបការនៅក្នុងរបបខ្មែរក្រហមនោះទេ ប៉ុន្តែគាត់បានឃើញផ្ទាល់នឹងភ្នែកនូវការប្រារព្វកម្មវិធីរៀបការនៅអំឡុងពេលនោះ។ ការរៀបការនៅក្នុងរបបខ្មែរក្រហម គ្មានការរៀបចំតាមបែបទំនៀមទម្លាប់ប្រពៃណីខ្មែរនោះទេ ដោយអង្គការគ្រាន់តែហៅប្រជាជនដែលមានឈ្មោះនៅក្នុងបញ្ជីទៅប្រជុំ និងរៀបចំឱ្យឈរទល់មុខគ្នា ស្គាល់គ្នា រួចឡើងប្ដេជ្ញាចិត្ត និងហូបអាហារជុំគ្នា រួចបិទបញ្ចប់កម្មវិធី។ នៅអំឡុងពេលនោះ អ្នកដែលមានឈ្មោះរៀបការទាំងប៉ុន្មាន គ្មាននរណាម្នាក់ស្គាល់គ្នានោះទេ គឺទាល់តែដល់ពេលត្រូវឈរទល់មុខគ្នាទើបស្គាល់៕

សម្ភាសន៍ដោយ៖ ឃាន់ ម៉ាល័យ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin