កងចល័តឃុំត្រស់

(ខេត្តស្វាយរៀង) កៅ ច្រេ អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្ន ច្រេ រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ច្រេ មានបងប្អូនចំនួន៥នាក់ និងប្អូន​ប្រុសពៅម្នាក់ជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។

កាលពីរបបខ្មែរក្រហម ច្រេ មានអាយុប្រមាណ២៥ឆ្នាំ ហើយ អង្គការតម្រូវឲ្យគាត់ទៅរស់នៅក្នុងកងចល័តនារីឃុំ។ ការងាររបស់ច្រេ គឺត្រូវគាស់គល់ឈើ និងរុករានដីព្រៃដើម្បីយកដីទៅធ្វើចម្ការ។ ក្រោយមកអង្គការបានផ្លាស់ប្តូរការងាររបស់ច្រេ ឲ្យទៅធ្វើជាកងចល័តនារីនៅខេត្តស្វាយរៀងវិញ ដោយឲ្យទៅសម្រាកនៅវត្តព្រះពន្លឺ​។ នៅទីនោះ អង្គការកំណត់ផែនការឲ្យ ច្រេ លើកភ្លឺស្រែឲ្យបាន ២០ម៉ែត្រ ក្នុងមួយថ្ងៃ។ ច្រេ ត្រូវចាប់ផ្តើមការងារនៅម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១ រសៀល បន្ទាប់មក សម្រាកហូបបាយថ្ងៃត្រង់ និងបន្តធ្វើការងាររហូតដល់ល្ងាច។ របបអាហាររបស់ច្រេ នៅវត្តព្រះពន្លឺ មានអង្ករកន្លះកំប៉ុងក្នុងមួយពេល ប៉ុន្តែត្រូវចម្អិននិងរកម្ហូប​ដោយខ្លួនឯង។ ច្រេ ត្រូវលើកភ្លឺស្រែតាមការកំណត់របស់អង្គការ គឺប្រវែង២០ម៉ែត្រ ក្នុងមួយថ្ងៃ។ សម្ភារការងាររបស់ច្រេ មានចបមួយ និងបង្គីមួយ ហើយគាត់ត្រូវទៅលើកភ្លឺស្រែឆ្ងាយៗពីកន្លែងស្នាក់នៅ។ បំពេញការងារលើកភ្លឺស្រែនេះ ច្រេ ត្រូវធ្វើរហូតដល់រដូវវស្សា ទើបអង្គការផ្លាស់ប្តូរគាត់មក ឃុំត្រស់វិញ។ នៅឃុំត្រស់ ច្រេ ត្រូវស្នាក់នៅផ្ទះជាមួយអ្នកភូមិ។ ក្រោយមក អង្គការបានសាងសង់​រោងសម្រាប់កងចល័តនារីស្នាក់នៅ។ រោងស្នាក់នៅនោះ មានប្រវែងវែង ហើតសង់នៅជិតភ្លឺស្រែ ដាក់ឲ្យប្រុសនៅម្ខាង និងស្រីនៅម្ខាង។ ច្រេ និយាយថា៖ «រោងស្នាក់នៅគ្មានអ្វីបិទបាំងច្រើនទេ មានស្បូវបន្តិចបន្តួចនៅពេលយប់ ពេលមានភ្លៀងត្រូវដេកហាលទឹកភ្លៀងក៏មាន»។

នៅឃុំត្រស់ អង្គការបានប្រជុំចែកអង្ករតាមចំនួនសមាជិកគ្រួសារ។ ច្រេ ទទួលបានរបបអង្ករដូចនៅវត្តព្រះពន្លឺដែរ គឺអង្ករកន្លះកំប៉ុងសម្រាប់មួយពេល ហើយចុងភៅនៅរោងបាយជាអ្នករៀបចំបាយ ឬបបរសម្រាប់ហូបជាសមូហភាព។ នៅថ្ងៃអាទិត្យ អង្គការចាប់ផ្តើមបែងចែកការងារ អ្នកខ្លះទៅស្ទូងស្រូវ និងអ្នកខ្លះត្រូវទៅភ្ជួររាស់។ របបអាហារនៅឃុំត្រស់ មិនខ្វះខាតខ្លាំងទេ ចំណែកម្ហូប មានសម្លដើមចេក ស្លឹកដំឡូង និងព្រលឹត​។ ការងាររបស់ច្រេ ត្រូវស្ថិតនៅក្នុងក្រុម «ក» មានសមាជិក ៦នាក់ ទទួលខុសត្រូវដកសំណាប, រែកកណ្តាប់ និងស្ទូងស្រូវ លើទំហំដីស្រែប្រហែលមួយហិកតាក្នុងមួយថ្ងៃ។ នៅពេលយប់ ឈ្លបខ្មែរក្រហមដើរឈ្លបយកការណ៍តាមផ្ទះប្រជាជន ដើម្បីស៊ើបថាតើមានអ្នកលួចដាំបាយ ឬស្ងោរដំឡូងហូបឬទេ ហើយប្រសិនបើមានសមាជិកផ្ទះណាហ៊ានប្រព្រឹត្តខុស នឹងត្រូវនាំទៅសម្លាប់ចោល។

ច្រេ រស់នៅឃុំត្រស់ រហូតដល់របបខ្មែរក្រហមដួលរលំ និងត្រឡប់មករស់នៅភូមិកំរ៉ែង រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន ច្រេ មានជំងឺក្រពះ ពោះវៀន និងធ្លាប់មានជំងឺគ្រុនចាញ់។

សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin