មាស ទីណា៖ ចាប់ឪពុកយកទៅសម្លាប់ ហើយវាយធ្វើបាបកូនមិនឲ្យរត់ទៅរកម្ដាយ

មាស ទីណា[1] ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ទីណា មិនបានរស់នៅជួបជុំគ្នាឡើយ ដោយគាត់និងបងត្រូវអង្គការចាត់តាំងឱ្យចូលក្នុងកងកុមារ ហើយប្អូនៗបានស្នាក់នៅជាមួយម្ដាយក្នុងសហករណ៍។ ចំពោះម្ដាយរបស់ទីណា ឈ្មោះ ឡៃ មានភារកិច្ចរែកបាយឱ្យប្រជាជនតាមកងហូប និងធ្វើការងារក្បែរសហករណ៍ ប៉ុន្តែវាសនាឪពុករបស់គាត់ គឺជួបនូវរឿងរ៉ាវដ៏សាហាវយង់ឃ្នងបំផុត ដែលមិនអាចបំភ្លេចបាន។
ឪពុករបស់ទីណា ត្រូវបានអង្គការចាប់យកទៅសម្លាប់នៅក្នុងវត្តថ្មី ដោយសារតែគាត់ចេះជួសជុលវិទ្យុឱ្យអ្នកភូមិ។ នៅក្នុងវត្តថ្មី អង្គការបានចាប់ឪពុករបស់ទីណា ទៅចងឆ្កាងលើដើមស្វាយ រួចវះពោះសម្លាប់យ៉ាងព្រៃផ្សៃ។ អ្វីដែលរន្ធត់បំផុតនោះគឺ ក្រោយពេលត្រូវកងសន្តិសុខវះពោះភ្លាម ឪពុករបស់ទីណា បានខំប្រឹងរត់មករកប្រពន្ធកូន ប៉ុន្តែរត់បានចម្ងាយប្រមាណតែមួយស្រែ ទើបដាច់ខ្យល់ស្លាប់ ហើយអង្គការបានអូសសាកសពគាត់យកទៅបោះចូលក្នុងរណ្ដៅវិញ។ រឿងរ៉ាវដ៏ឈឺចាប់នេះ ត្រូវបានដឹងតាមរយៈការរៀបរាប់ និងធ្វើកាយវិការផ្ទាល់របស់អតីតកងសន្តិសុខម្នាក់ដែលជាឃាតករសម្លាប់ឪពុកទីណាផ្ទាល់ ប្រាប់ទៅកាន់ម្ដាយ និងប្រជាជនដទៃទៀត បន្ទាប់ពីរបបខ្មែរក្រហមដួលរលំភ្លាមៗ។ នៅពេលដែលធ្វើត្រាប់តាមសកម្មភាពសម្លាប់ ម្ដាយរបស់ទីណា បានយកដុំថ្មទៅគប់ចំកងសន្តិសុខម្នាក់នោះបែកក្បាល ដើម្បីរំសាយកំហឹង។
ចំពោះទីណាវិញ ជីវិតនៅក្នុងសម័យខ្មែរក្រហម បានជួបប្រទះនូវភាពអត់ឃ្លានជាប្រចាំ ហើយការធ្វើការងារធ្ងន់ៗ។ ពេលធ្វើការក្នុងកងចល័តនៅអង្គធ្លក ទីណា ត្រូវបង្ខំចិត្តធ្វើការងារពេញមួយថ្ងៃ មិនដែលបានសម្រាកនោះទេ ហើយពេលខ្លះត្រូវបន្ថែមម៉ោងធ្វើការរហូតដល់យប់អធ្រាត្រទៀតផង។ បើទោះបីជា ទីណា ខំប្រឹងធ្វើការងារខ្លាំងយ៉ាងណាក៏ដោយ របបអាហារដែលគាត់ទទួលបានគឺមានត្រឹមតែបបររាវមួយវែកប៉ុណ្ណោះ ក្នុងមួយពេលៗ ហើយក្នុងមួយថ្ងៃទទួលបានអាហារត្រឹមតែពីរដង។ ដោយសារតែទ្រាំនឹងការស្រេកឃ្លានមិនបាន ទីណា បានសម្រេចចិត្តលួចហូបប្រចៀវដើម្បីចម្អែតក្រពះ ប៉ុន្តែសំណាងអាក្រក់ត្រូវអង្គការចាប់បាន និងវាយធ្វើបាបយ៉ាងខ្លាំង។ ប៉ុន្តែជាសំណាងល្អ មានអ៊ំម្នាក់ឈ្មោះ ប៉ូ បានចេញមុខមកជួយទាន់ពេលវេលា ទើបទីណា អាចរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
ថ្ងៃមួយ ទីណា បានលួចរត់ចេញពីកងនៅអង្គធ្លក មកផ្ទះនៅភូមិរំចង់វិញ ដើម្បីបានជួបម្ដាយ និងចង់រកអាហារហូបបន្ថែម។ ប៉ុន្តែជាអកុសល នៅពេល ទីណា ធ្វើដំណើរមកដល់តំបន់ក្ដុល ប្រធានកងរបស់គាត់បានជិះរទេះមកទាន់ រួចចាប់ចងដៃគាត់ភ្ជាប់ជាមួយទូករទេះ និងបង្ខំឲ្យរត់ត្រលប់ទៅវិញ។ ក្នុងអំឡុងពេល ទីណា រត់មុខរទេះ ប្រធានកងបានយកខ្សែតីវាយគាត់ពីក្រោយយ៉ាងចាស់ដៃ រហូតដល់ហើមពេញខ្លួន ទើបទៅដល់កងនៅអង្គធ្លកវិញ។
ក្រោយមក ដើម្បីបង្ការកុំឱ្យ ទីណា លួចរត់ត្រលប់ទៅផ្ទះបន្តទៀត អង្គការបានបញ្ជូនគាត់ឱ្យទៅលើកភ្លឺប្រឡាយនៅតំបន់អង្គរជ័យវិញ។ នៅទីនោះ ទីណា ត្រូវធ្វើការងាររែកដីលើកភ្លឺប្រឡាយឱ្យបានប្រវែង ១៥ម៉ែត្រជាដាច់ខាត ប្រណាំងគ្នាជាមួយមិត្តក្នុងកងរាល់ថ្ងៃ។ មួយវិញទៀត អ្វីដែលធ្វើឲ្យខ្លោចចិត្តទៀតនោះ គឺនៅពេលយប់ឡើង ទីណា ត្រូវយកបង្គីដាក់ក្បែរខ្លួនដើម្បីត្រៀមចេញទៅធ្វើការឲ្យទាន់ពេលវេលា រួចសម្រាកនៅលើផ្នូរខ្មោច។ ទីណា បានឲ្យដឹងថា ខ្លួនលែងមានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ ក្រៅពីការរងាកាយ និងភាពហត់នឿយហួសកម្លាំង។
បន្ទាប់មក នៅពេលដែលបញ្ចប់ការងារនៅតំបន់អង្គរជ័យ អង្គការបានជម្លៀស ទីណា ឲ្យទៅរស់នៅ និងធ្វើការងារនៅអង្គរបូរី។ មូលហេតុដែល ទីណា ត្រូវតែទៅកន្លែងនោះ ព្រោះអង្គការមិនចង់ឲ្យគាត់រត់ត្រលប់ទៅរកម្ដាយនៅផ្ទះបន្តទៀត។ នៅកន្លែងថ្មី ទីណា បានបន្តលួចចាប់ក្ដាមយកមកបកហូបជាមួយអំបិល ឬអំពិលបុកពេលយប់ ប៉ុន្តែមិនទទួលបានការដាក់ទោសដូចពីមុននោះទេ ព្រោះប្រធានកងរបស់គាត់មានចិត្តល្អ អាណិតអាសូរដល់ក្មេងៗដែលអត់ឃ្លាន ទើបធ្វើជាមើលមិនឃើញចំពោះទង្វើនេះ។
នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ទីណា បានត្រលប់ទៅរស់នៅស្រុកកំណើតវិញ។ បើទោះបីជា របបខ្មែរក្រហមបានកន្លងផុតទៅជាច្រើនឆ្នាំ ស្លាកស្នាមនៃការធ្វើបាបរបស់អង្គការបានដក់ជាប់នៅក្នុងចិត្ត ទីណា និងបន្សល់ទុកនូវជំងឺប្រចាំកាយជាច្រើនដល់គាត់ដូចជា ជំងឺរលាកក្រពះពោះវៀន សម្ពាធឈាមឡើងខ្ពស់ និងឈឺសន្លាក់។ ទីណា យល់ថាជំងឺខាងលើកើតឡើងដោយសារការធ្វើការលើសកម្លាំង និងការហូបចុកមិនគ្រប់គ្រាន់កាលពីក្មេង។ នៅពេលផ្ដល់បទសម្ភាស ទីណា បានបង្ហាញនូវក្តីពេញចិត្តយ៉ាងខ្លាំងចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះវាជាការផ្ដល់យុត្តិធម៌សម្រាប់ជីវិតឪពុករបស់គាត់ និងជនរងគ្រោះដទៃទៀត ដែលបានបាត់បង់ជីវិតក្នុងរបបដ៏ខ្មៅងងឹតមួយនោះ។
អត្ថបទដោយ៖ ភា រស្មី ថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦
[1] ជួបជាមួយឈ្មោះ មាស ទីណា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១, ដោយ ខុំ ស្រីនោរ, ក្នុងគម្រោងការលើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។

