ខ្មែរក្រហមសម្លាប់ម្តាយខ្ញុំ ដោយចោទប្រកាន់ថាគាត់ជាវៀតណាម

សុក សម្បត្តិ ហៅប៉ោយ អាយុ ៧២ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ សព្វថ្ងៃ សម្បត្តិ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ គាត់ជាកូនច្បងក្នុងចំណោមបងប្អូនចំនួន ៥ នាក់។ សម្បត្តិ មានប្តីឈ្មោះ សាមិន មានកូនចំនួន ៨ នាក់។

សម្បត្តិ បានរំឭកពីព្រឹត្តិការណ៍សង្គ្រាមដែលបានឆ្លងកាត់ក្នុងរបបសង្គមរាស្រ្តនិយម ដោយមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីតំណែង។ ប្រជាជនរស់នៅជាមួយភាពភ័យខ្លាច ដោយសារការបាញ់បោះ និងការទម្លាក់គ្រាប់បែកពីយន្តហោះសហរដ្ឋអាមេរិក ដែលបានបង្កឲ្យមានការខូចខាតផ្ទះសម្បែង សាលារៀន វត្តអារាម និងសម្លាប់មនុស្ស។ នៅឆ្នាំ១៩៧១ សម្បត្តិ បានរៀបការដោយរៀបចំឡើងដោយស្ងប់ស្ងាត់បំផុត ខ្លាចមានការទម្លាក់គ្រាប់បែក​។​ ក្រោយមក គ្រាប់បែកពីយន្តហោះ បានទម្លាក់ចំដំបូលផ្ទះគាត់ បណ្តាលឲ្យប្តីរបស់សម្បត្តិ រងរបួស ហើយខណៈពេលនោះសម្បត្តិកំពុងតែស្ទូងស្រូវនៅឯស្រែ។

នៅពេលខ្មែរក្រហមឡើងកាន់អំណាច សម្បត្តិ មានអាយុប្រមាណ ២០ឆ្នាំ ហើយគាត់មិនត្រូវបានជម្លៀសទៅតំបន់ឆ្ងាយនោះទេ គឺត្រូវរស់នៅ និងធ្វើការងារក្នុងភូមិធ្លក។ ការងាររបស់សម្បត្តិ រួមមានជីកប្រឡាយ លើកទំនប់ លើកភ្លឺស្រែ និងរើសអាចម៍គោធ្វើជី។ ចំពោះរបបអាហារ សម្បត្តិ ទទួលបានត្រឹមតែបបរពីរចាន ក្នុងមួយថ្ងៃសម្រាប់ពេលព្រឹក និងពេលល្ងាច។ នៅក្នុងរបបខ្មែរក្រហម សម្បត្តិ បានបាត់បង់ម្តាយដែលមានអាយុប្រមាណ៤០ ឆ្នាំ ដោយសារត្រូវអង្គការចោទប្រកាន់ថាជា “វៀតណាម”។ ចំណែកបងប្រុសម្នាក់ដែលជាយោធា ត្រូវបានបញ្ជូនទៅភូមិភាគនិរតី ហើយបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ប្អូនប្រុស ២ នាក់ទៀតរបស់គាត់ ក៏ត្រូវបានឈ្លបនាំយកទៅសម្លាប់ដោយគ្មានទោសកំហុសដែរ។ សម្បត្តិ ធ្លាប់បានឃើញហេតុការណ៍ផ្ទាល់ភ្នែកនូវការបំផ្លិចបំផ្លាញវត្តអារាមប្រព្រឹត្តឡើងដោយខ្មែរក្រហម ហើយខ្មែរក្រហមបានយកបរិវេណវត្តធ្លកធ្វើជាកន្លែងសួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ ក្រោយរបបខ្មែរក្រហមដួលរលំ សម្បត្តិ បានមករស់នៅភូមិធ្លករហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន សម្បត្តិ មានជំងឺប្រចាំកាយគឺជំងឺលើសសម្ពាធឈាម។

សម្ភាសន៍ដោយ ម៉ុន សុធារ៉ា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin