កងកុមារ

(ខេត្តស្វាយរៀង) លាក់ សូត្រ កើតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៦៦ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សូត្រ ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសទាំង ៧នាក់ ដែលមានឪពុកឈ្មោះ លាក់ ព្រីង និងម្តាយឈ្មោះ សៅ ប៉ុក។ មុនសម័យខ្មែរក្រហម សូត្រ បានរៀនសូត្រត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។
ឈានចូលដល់របបខ្មែរក្រហម សូត្រ ត្រូវបានអង្គការបង្ខំឲ្យរៀនសូត្រតិចតួចបំផុត ដោយប្រើប្រាស់ក្រដាសបាវស៊ីម៉ង់ត៍ និងបណ្ដូលថ្មពិល ឬដីឥដ្ឋពណ៌សមកលុញធ្វើជាដីសសម្រាប់សរសេរ។ ជីវិតរស់នៅភាគច្រើនគឺស្ថិតក្នុងកងកុមារ និងសហករណ៍ ដែលហូបបាយរួមគ្នាត្រឹមតែ ២ពេលក្នុងមួយថ្ងៃ (ថ្ងៃត្រង់ និងល្ងាច)។ របបអាហារមានត្រឹមតែបាយ១កូនចាន លាយជាមួយសម្លស្លពីគល់ចេក ត្រកួន ឬរំចង់។ ក្រោយហូបបាយរួច សូត្រ ត្រូវទៅឃ្វាលគោ និងធ្វើការងារជាច្រើនទៀតដូចជា ស្តារស្រះយកដីមកវាយធ្វើជី ប្រមូលអាចម៍គោក្របីដាក់ស្បោង ស្លឹកត្នោត និងប្រមូលលាមកមនុស្សហាលទុកលាយជាមួយផេះដើម្បីធ្វើជី។
នៅរដូវប្រាំង សូត្រ និងកុមារដទៃទៀត ត្រូវបានអង្គការប្រើឲ្យទៅរើសស្រូវនៅវាលស្រែឆ្ងាយៗរហូតដល់ព្រំដែនប្រទេសវៀតណាម។ លុះដល់ចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ សូត្រ មានវ័យកាន់តែធំ ក៏ត្រូវបានអង្គការប្រើឲ្យធ្វើការធ្ងន់ជាងមុន ដូចជាការជីកប្រឡាយ រែកដី និងកើបស្រូវដាក់ជង្រុកទាំងយប់រហូតដល់ម៉ោង ៩ ឬ ១០យប់ទើបបានសម្រាក។ កុមារទាំងអស់ត្រូវបានបំបែកឲ្យដេកតាមក្រុម មិនឲ្យរស់នៅជាមួយឪពុកម្តាយឡើយ និងត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរផ្តេសផ្តាសនៅពេលយប់។ ក្នុងរបបនោះ សម្លៀកបំពាក់មានតែឈុតខ្មៅមួយសម្រាប់ និងក្រមាដែលរវៃពីកប្បាស ខណៈដែលអនាម័យមានសភាពដុនដាបរហូតមានចៃពេញខ្លួន។ ចំពោះការសម្រាកព្យាបាលជំងឺ គឺគ្មានឱសថត្រឹមត្រូវឡើយ មានតែថ្នាំអាចម៍ទន្សាយ ដែលផ្សំពីឫសឈើសូនជាគ្រាប់តែប៉ុណ្ណោះ។
សូត្រ ក្នុងរបបខ្មែរក្រហម បានបាត់បង់បងប្អូនម្នាក់ដោយសារលង់ទឹក, ម្នាក់ទៀតបានបាត់ខ្លួនពេលរត់គេចពីសង្គ្រាម និងបងប្រុសម្នាក់ទៀតដែលជាកងអង្គរក្សរបស់ សោ ភឹម ក៏បានបាត់ខ្លួននៅឆ្នាំ១៩៧៨។ សូត្រ បានដឹងទៀតថានៅក្នុងភូមិដក់ពរនាពេលនោះ ក៏មានរណ្តៅសម្លាប់មនុស្សដែរ។ នៅឆ្នាំ១៩៧៩ ពេលដែលរបបនេះជិតដួលរលំ សូត្រ បានរត់ភៀសខ្លួនជាមួយឪពុកម្តាយឆ្លងទន្លេអ្នកលឿង រហូតដល់តំបន់ដីក្រហម ខេត្តព្រៃវែង។ នៅអ្នកលឿងមានការផ្ទុះឃ្លាំងអាវុធ ហើយបន្ទាប់មកមានការប្រកាសរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថា ប្រទេសត្រូវបានរំដោះ។ ក្រោយមក សូត្រ និងគ្រួសារបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ និងរស់នៅយ៉ាងសុខសាន្ត។ បច្ចុប្បន្ន សូត្រ មានតួនាទីជាសមាជិកភូមិដក់ពរ និងមានជំងឺប្រចាំកាយគឺជំងឺលើសសម្ពាធឈាម៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

