ទុកតែប្រជាជនដែលគ្មានចំណេះដឹង ព្រោះងាយស្រួលក្នុងការគ្រប់គ្រង

(សៀមរាប)៖ សៀន សួង មានអាយុ៧៦ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្ន សួង ឈឺសន្លាក់ដៃជើង និងឈឺចង្កេះជាប្រចាំ។

នៅឆ្នាំ១៩៧០ សួង ធ្លាប់រស់នៅខេត្តកំពង់ស្ពឺជាមួយសាច់ញាតិ ក្រោយមកទើបផ្លាស់ប្ដូរទៅខេត្តសៀមរាបវិញ។ សួង ធ្លាប់បានឆ្លងកាត់ការទម្លាក់គ្រាប់ប្លោងយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យមានការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ប្រជាជនរងរបួស និងបាត់បង់ជីវិតជាច្រើន។ ចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ សួង ជាប្រជាជនសាមញ្ញ និងប្រកបរបរជាកសិករ។

នៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាច សួង មានអាយុ២៦ឆ្នាំ។ ក្នុងរបបនោះ សួង ត្រូវបានចាត់ទុកជាប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ដែលរស់នៅក្នុងខេត្តសៀមរាប។ បទពិសោធន៍នៃការរស់នៅក្រោមការគ្រប់គ្រងរបស់អង្គការ គឺជាការតស៊ូជាមួយភាពអត់ឃ្លាន និងការធ្វើការលើសកម្លាំង។ សួង ទទួលបានរបបអាហារត្រឹមតែបបររាវមួយវែកក្នុងមួយពេល គឺពេលព្រឹក និងពេលល្ងាច។ កង្វះអាហារូបត្ថម្ភនេះបណ្ដាលឱ្យ សួង មានជំងឺក្រពះ ឈឺក្បាល និងអស់កម្លាំងជាខ្លាំង។

នៅក្នុងរបបខ្មែរក្រហម សួង ត្រូវបានជម្លៀសឱ្យរស់នៅបែកបាក់ពីសាច់ញាតិ។ គាត់ត្រូវទៅរស់នៅក្នុងសហករណ៍ថ្មីដែលគ្មានស្គាល់នរណាម្នាក់។

តាមការសង្កេតរបស់ សួង ប្រសិនបើអង្គការឃើញបុរសស្រ្តីដើរជិតគ្នា ឬនិយាយរកគ្នា អង្គការនឹងចោទប្រកាន់ថាខុសសីលធម៌ត្រូវចាប់យកទៅធ្វើទារុណកម្ម ឬសម្លាប់ចោល។ មួយចំនួនទៀតត្រូវចោទប្រកាន់មានទំនាក់ទំនងស្នេហា ហើយបង្ខំឱ្យរៀបការជាប្តីប្រពន្ធ។ នៅក្នុងរបបនោះ ប្រសិនជាបុគ្គលណាហ៊ានបដិសេធមិនព្រមរៀបការតាមការចាត់តាំងរបស់អង្គការ នឹងត្រូវយកទៅសម្លាប់ចោលដោយគ្មានការលើកលែង។

ក្រៅពីការបង្ខំរៀបការ សួង បានឃើញនូវអំពើឃោរឃៅជាច្រើនទៀត ដូចជាការសម្លាប់អ្នកមានចំណេះដឹងយ៉ាងរង្គាលនៅក្នុងភូមិព្រែកក្ដាម។ នៅក្នុងរបបខ្មែរក្រហម អ្នកដែលមានចំណេះដឹង មិនថាជាមន្រ្តីរាជការ គ្រូបង្រៀន ឬជាទាហានរបស់ លន់ នល់ គឺសុទ្ធតែជាមុខសញ្ញាសម្លាប់របស់ខ្មែរក្រហម។ ខ្មែរក្រហមទុកតែប្រជាជនដែលគ្មានចំណេះដឹងប៉ុណ្ណោះ ព្រោះងាយស្រួលក្នុងការគ្រប់គ្រង។

ក្នុងផ្នែកសាសនា វត្តអារាមត្រូវបានបោះបង់ចោល ហើយព្រះសង្ឃត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទទៅធ្វើស្រែចម្ការ។ ខ្មែរក្រហមមានទស្សនថា ការទុកព្រះសង្ឃឱ្យគង់ក្នុងវត្ត និងការប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលមិនធ្វើការងារធ្ងន់ គឺជារឿងឥតប្រយោជន៍។ ទីធ្លាវត្តអារាមដែលជាទីសក្ការបូជាប្ដូរទៅជាឃ្លាំងសម្រាប់ផ្ទុកសម្ភារ ឬជាកន្លែងចិញ្ចឹមសត្វ។

ក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ សួង បានរស់នៅក្នុងស្ថានភាពលំបាកវេទនា ដោយដើរពីកន្លែងមួយទៅកន្លែងមួយដោយគ្មានទិសដៅច្បាស់លាស់។ ក្រោយមកទើបគាត់បានជួបជាមួយនឹងសាច់ញាតិរបស់គាត់វិញ៕

សម្ភាសន៍ដោយ៖ ធី ចាន់ថា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin