ពងទាមួយគ្រាប់ ចែកគ្នា៧នាក់

(ក្រចេះ)៖ ម៉ី មឿន មានអាយុ៦៨ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ មឿន បានរៀបរាប់យ៉ាងលម្អិតអំពីការឆ្លងកាត់យ៉ាងលំបាកក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖

នៅពេលដែលខ្មែរក្រហមចូលកាន់កាប់តំបន់ដែល មឿន រស់នៅ។ ពេលនោះគាត់ស្ថិតនៅក្នុងវ័យកុមារភាព និងត្រូវបានគេបង្ខំឱ្យចូលធ្វើការនៅក្នុងកងចល័ត ហើយតម្រូវឱ្យបំពេញការងារយ៉ាងធ្ងន់ធ្ងរហួសពីកម្លាំង។ ការងារចម្បងដែល មឿន ត្រូវធ្វើក្នុងអំឡុងពេលនោះ គឺជីកប្រឡាយ និងលើកទំនប់។  មឿន បាននិយាយថា របបនោះបានប្រើប្រាស់កម្លាំងពលកម្មកុមារដោយគ្មានការយោគយល់ ឬគិតគូរពីសុខភាពរបស់កុមារឡើយ។

ក្នុងដំណាក់កាលនោះ មឿន ត្រូវបានចាត់តាំងឱ្យធ្វើការនៅផ្នែកនីរសាររត់សំបុត្រ មានភារកិច្ចត្រូវយកសំបុត្រទាំងនោះទៅដាក់តាមទីតាំងដែលបានកំណត់ទុកជាមុន។ លក្ខខណ្ឌការងារដែល មឿន ត្រូវជួបប្រទះ គឺការបំពេញការងារតាមតែការកំណត់ និងបទបញ្ជារបស់អង្គការ។ មឿន បានប្រាប់ថា អង្គការកំណត់ការងារប៉ុនណា ឬចំនួនម៉ោងប៉ុន្មានគឺត្រូវតែធ្វើឱ្យរួចរាល់ បើមិនដូច្នេះទេនឹងមិនបានសម្រាកឡើយ។

ការរស់នៅក្រោមការត្រួតត្រារបស់ខ្មែរក្រហម ប្រជាជនរស់នៅក្នុងភាពភ័យខ្លាច។ មឿន និងប្រជាជនដទៃទៀតត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ចំពោះរបបអាហារវិញ គឺមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយដែលត្រូវធ្វើការធ្ងន់នោះទេ។ មឿន បាននិយាយថា៖ «នៅក្នុងរបបខ្មែរក្រហមខ្ញុំធ្លាបហូបពងទាមួយគ្រាប់ចែកគ្នាជាមួយមនុស្សចំនួន៧នាក់ ដើម្បីឱ្យមានអាហារខ្លះនៅក្នុងពោះ»។ មឿន បានបន្ថែមថានៅដែលត្រូវបរិភោគអាហារ អង្គការតែងវាយជួងជាសញ្ញា។ នៅពេលឮសំឡេងត្រូវតែរួតរះនាំគ្នាទៅ បើមិនដូច្នេះទេនឹងមិនមានអាហារហូបឡើយ។

នៅពេលនោះ មានភាពខ្វះខាតអាហារខ្លាំង ប្រជាជនហូបតែបបររាវ ចំនួនពីរពេលក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀតនោះ ការធ្វើទារុណកម្មដោយបង្អត់អាហារជាបញ្ហាមួយដែលប្រជាជនខ្លាចរអា។ នៅក្នុងរបបខ្មែរក្រហម នៅពេលមានជំងឺមិនមាននរណាហ៊ានសុំច្បាប់សម្រាកយូរឡើយ ព្រោះខ្លាចគ្មានអាហារហូប ដោយសារតែនៅក្នុងរបបនោះផ្ដល់អាហារឱ្យតែអ្នកធ្វើការប៉ុណ្ណោះ។

ការរៀបការនៅក្នុងរបបខ្មែរក្រហម គឺអង្គការជាអ្នកចាត់ចែងឱ្យទាំងអស។ ដល់វ័យត្រូវរៀបការ ខ្មែរក្រហមតែងតែហៅយុវជន-យុវនារីទាំងពីរនាក់មកជុំគ្នារួចឱ្យអង្គុយទល់មុខគ្នារួចចាប់ផ្ដើមប្រកាសថានរណាអង្គុយទល់មុននរណា អ្នកទាំងពីរនោះជាគូនឹងគ្នា។ នៅពេលនោះយុវជន-យុវនារីមួយចំនួនពេញចិត្ត ហើយមួយចំនួនទៀតមិនពេញចិត្ត។

មឿន បានបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហម គឺមិនមានការចរាចរក្រដាស់ប្រាក់ឡើយ ព្រោះគ្មានការចាយវាយនៅក្នុងរបបនោះឡើយ។ គាត់បានបន្តថា ពេលនោះក្រដាស់ប្រាក់ត្រូវបានចាត់ទុកថាជារបស់គ្មានតម្លៃ។ ក្រៅពីនោះទ្រព្យសម្បត្តិផ្សេងៗត្រូវដាក់បញ្ចូលជារបស់សមូហភាព គ្មាននរណាអាចរក្សាទុកជារបស់ឯកជនឡើយ។

បច្ចុប្បន្ននេះ មឿន មានជំងឺក្រពះ-ពោះវៀន និងឈឺសន្លាក់ដៃជើងជាប្រចាំ៕

សម្ភាសន៍ដោយ៖ ប៉ឹល មុនថាន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin