ខ្មែរក្រហមបង្ខំឱ្យរៀបការនៅគុកកំពង់ត្របែក

(ខេត្តស្វាយរៀង)៖ គង់ សាត មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងវែង ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាត មានឪពុកឈ្មោះ គង់ សួង និងម្តាយឈ្មោះ សុខ ស៊ិន ហើយ សាត ជាកូនទី៦ ក្នុងគ្រួសារដែលមានបងប្អូនបង្កើតចំនួន ៧នាក់ (ស្រី ៣នាក់)។ សាត រៀនបានត្រឹមថ្នាក់ទី៧ ក្នុងរបប លន់ នល់ ហើយបច្ចុប្បន្នប្រកបរបរជាកសិករ រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សាត បានរៀបរាប់ថា នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង ទើបនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមស៊ីវិល។ ពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៧៥ បដិវត្តន៍ខ្មែរក្រហមបានចាត់តាំង សាត ឱ្យធ្វើជាពេទ្យតំបន់២៣។ នៅឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចគាត់បានឃើញឈ្លបដើរប្រមូលទ្រព្យសម្បត្តិ សម្ភារកសិកម្ម សត្វពាហនៈ ជ្រូក មាន់ ទា របស់ប្រជាជនទាំងអស់យកទៅដាក់ក្នុងសហករណ៍។ បន្ទាប់មកនៅឆ្នាំ១៩៧៧ សាត បានដឹងថាអង្គការចាប់ផ្តើមចាប់ខ្លួនកម្មាភិបាលមូលដ្ឋានយកទៅឃុំខ្លួននៅគុកកំពង់ត្របែក ដោយចោទប្រកាន់ថាមានបំណងក្បត់ និងចង់ផ្តួលរលំរបបខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧៧ សាត ត្រូវបានឈ្លបចាប់ខ្លួនដោយចោទប្រកាន់ថា ធ្លាប់ធ្វើជាពេទ្យតំបន់២៣ ហើយត្រូវបាននាំទៅឃុំខ្លួនជាមួយអ្នកទោសផ្សេងទៀតនៅគុកកំពង់ត្របែក។ នៅគុកកំពង់ត្របែកគាត់ស្ថិតក្នុងក្រុម «ខ» ដែលមានសមាជិក ១០នាក់ ហើយការងាររបស់ក្រុម «ខ» គឺត្រូវទៅរែកដី ដកសំណាប និងលើកភ្លឺស្រែ។ ចំពោះរបបអាហារនៅគុកកំពង់ត្របែកវិញ គឺមានការខ្វះខាតខ្លាំង។ នៅក្នុងគុកកំពង់ត្របែកនេះដែរ សាត ត្រូវបានរបបខ្មែរក្រហមបង្ខំឱ្យរៀបការជាក្រុមចំនួន ៦៤គូ។ ពិធីរៀបការនោះ ក្រៅពីគ្មានសាច់ញាតិចូលរួមហើយ គឺត្រូវបានរៀបចំឡើងក្នុងរយៈពេលដ៏ខ្លី ដោយគ្រាន់តែសាមីខ្លួនឡើងប្តេជ្ញាចិត្តចំពោះមុខអង្គការថា ស្រឡាញ់គ្នាអស់មួយជីវិត ព្រមទាំងស្មោះស្ម័គ្របម្រើអង្គការជារៀងរហូត។ ក្រោយពីរៀបការរួច សាត ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅរស់នៅសហករណ៍វិញ។
នៅពេលរបបខ្មែរក្រហមដួលរលំ សាត បានទៅយកពូជស្រូវក្នុងឃ្លាំងរួមរបស់សហករណ៍ ក្បែរកំពង់ចម្លងអ្នកលឿង។ បន្ទាប់មក សាត និងប្តីបានត្រឡប់មករស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន សាត មានជំងឺដុះគីសដោះ ជំងឺលើសសម្ពាធឈាម និងជំងឺក្រពះពោះវៀន៕
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

