ឈឹម សុខុម៖ បើធ្វើការងារមិនគ្រប់ផែនការ នឹងត្រូវបង្អត់អាហារ

ឈឹម សុខុម អាយុ៦៣ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅដើមឆ្នាំ១៩៧៥ បងប្រុសរបស់សុខុម ដែលធ្វើជាទាហានលន់ នល់ បានរត់គេចខ្លួនចូលទៅតំបន់២៥។ ជាអកុសល នៅពេលដែលគាត់ត្រៀមខ្លួនឆ្លងទន្លេទៅត្រើយខាងកើត អង្គការបានចាប់គាត់ និងបញ្ជូនទៅឃុំឃាំងនៅខាងលិចមន្ទីរអង្គស្ដេច ជាមួយអ្នករាជការដទៃទៀត។ បន្ទាប់មក អង្គការបានបណ្ដើរបងប្រុសរបស់សុខុម និងអ្នកទោសជាច្រើននាក់ទៀត យកទៅសម្លាប់នៅជាំសង្កែ ក្បែរផ្លូវជាតិលេខ៤។
ចំណែកឯ សុខុម អង្គការមិនបានជម្លៀសគាត់ឲ្យទៅរស់នៅខេត្តផ្សេងនោះទេ ព្រោះគាត់គឺជាប្រជាជនមូលដ្ឋាន។ ប៉ុន្តែ សុខុម ត្រូវចូលទៅក្នុងកងចល័ត ដើម្បីធ្វើការងារកាត់កក់ ឬកាត់តាំងហែនៅសែនភៀស, ធ្វើស្រែប្រាំង និងរែកដីភក់នៅបឹងខ្នាររុង។ នៅបឹងខ្នាររុង សុខុម ត្រូវរែកដីឲ្យបាន៣០អង្រែកក្នុងមួយថ្ងៃ ដោយពេលព្រឹកត្រូវរែកឲ្យបាន ១៥ ទៅ២០អម្រែក ទើបអាចសម្រាកហូបអាហារម្ដង និងពេលថ្ងៃត្រូវរែកឲ្យបាន១០ ទៅ១៥អម្រែកបន្ថែមទៀត។
ក្រៅពីការងារខាងលើ សុខុម ត្រូវជីករណ្ដៅបួនជ្រុង ដើម្បីធ្វើជីដាក់ស្រែ។ ចំពោះការធ្វើជី សុខុម ត្រូវប្រមូលអាចម៍គោពីក្នុងក្រោលយកទៅចាក់ក្នុងបាតរណ្ដៅ រួចបន្តទៅកាត់ស្លឹកឈើដាក់ពីលើមួយជាន់ទៀត ទើបកាប់ដីកំបូកយកមកដាក់ពីលើដើម្បីបិទរណ្ដៅនោះ។ រហូតដល់ពេលធ្វើស្រែ អង្គការបានចាត់តាំងឲ្យប្រជាជនកាប់ជីក្នុងរណ្ដៅនោះយកទៅដាក់ស្រែ ហើយក្រុមរបស់សុខុម មានតួនាទីជាអ្នកដកស្ទូងសំណាប និងច្រូតកាត់។
ថ្ងៃមួយ អង្គការបានបញ្ជូនសុខុម និងក្រុមកងចល័តទៅធ្វើការងារនៅក្នុងឃុំពាន ឆ្ងាយពីសហករណ៍។ នៅកន្លែងថ្មី សុខុម ត្រូវធ្វើការងារស្ទូងពេញមួយថ្ងៃ និងដកសំណាប់ឲ្យបាន៥ដំប នៅពេលយប់។ បន្ទាប់ពីដកសំណាបរួចរាល់ សុខុម ត្រូវជញ្ជូនកណ្ដាប់យកទៅត្រាំក្នុងទឹកលាមកមនុស្សបន្តទៀត ទើបអាចឡើងទៅហូបបបរបាន។ ចំពោះអាហារ គឺមានការលំបាកខ្លាំងណាស់ ដោយជាញឹកញាប់ សុខុម ទទួលបានភាគច្រើនគឺជាបបររាវៗបន្តិចបន្តួច។ លើសពីនេះទៅទៀត សុខុម ត្រូវធ្វើការងារឲ្យគ្រប់តាមចំនួនអង្គការកំណត់ បើមិនដូច្នេះទេ អង្គការនឹងកាត់របបអាហារប្រចាំថ្ងៃបន្តទៀត។
នៅចុងឆ្នាំ១៩៧៨ សុខុម និងយុវជនជាច្រើនគូទៀតបានស្ម័គ្រចិត្តរៀបការជាមួយគ្នានៅក្នុងសហករណ៍។ ការរៀបការនេះ គឺកើតឡើងពីការស្នើសុំរបស់យុវជនទៅកាន់គណៈកង ទើបអង្គការបានធ្វើការសាកសួរពីការយល់ព្រមរបស់យុវនារី។ ផ្ទុយទៅវិញ ការរៀបការដែលអង្គការរៀបចំកាលពីមុន ភាគច្រើនត្រូវធ្វើឡើងដោយការបង្ខំយុវជន និងយុវនារី។
បន្ទាប់ពីសុខុម រៀបការរួចមួយខែ កងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលមក។ សុខុម និងប្ដីបានរត់គេចខ្លួនទៅទិសខាងលិចមួយរយៈ ទើបត្រលប់ចូលភូមិវិញ។ នៅក្នុងភូមិមហាររាជ សុខុម និងប្ដី បានរៀបចំកម្មវិធីមង្គលការម្ដងទៀត ដោយមានភ្លេងខ្មែរ, អាចារ្យ និងហៅភ្ញៀវត្រឹមត្រូវ តាមប្រពៃណី។ ពេលរៀបការរួច សុខុម ចាប់ផ្ដើមពរពោះកូនប្រុសច្បង និងកូនបន្តបន្ទាប់ទៀតរហូតដល់៦នាក់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស កូនៗរបស់សុខុម បានរៀបការរួចរាល់ និងមានកូនចំនួន១៥នាក់បន្ថែមទៀត។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

