ប្រជាជនឈឺខ្មែរក្រហមចោទថាមានស្មារតីផ្ដេកផ្ដួល

(ខេត្តស្វាយរៀង)៖ សុខ សេង មានអាយុ ៦៥ ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សេង មានឪពុកឈ្មោះ សុខ ផូ និងម្តាយឈ្មោះ ភោគ ហួយ ហើយគាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់ (ស្រី ១ នាក់)។ សេង រៀនសូត្របានត្រឹមថ្នាក់ទី ២ ជំនាន់សង្គមរាស្ត្រនិយម។
សេង បានរៀបរាប់ថា នៅឆ្នាំ ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ នៅពេល លន់ នល់ ឡើងកាន់កាប់អំណាច គឺចាប់ពីឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលស្ទើរពេញផ្ទៃប្រទេស។ គ្រួសាររបស់សេង និងប្រជាពលរដ្ឋដទៃទៀត ត្រូវរស់នៅក្នុងភាពភ័យខ្លាច និងភៀសខ្លួនជាញឹកញាប់ដើម្បីសុវត្ថិភាព។ ក្រោយមកទៀត នៅខែមេសា ឆ្នាំ ១៩៧៥ ប្រទេសកម្ពុជាបានឆ្លងកាត់របបថ្មីមួយទៀត ដែលគ្រប់គ្រងដោយខ្មែរក្រហម។ នៅពេលនោះ ឈ្លបខ្មែរក្រហមបានចាប់ផ្តើមដើរប្រមូលទ្រព្យសម្បត្តិ មាស ប្រាក់ គោ ក្របី ជ្រូក មាន់ ទា និងសម្ភារផ្សេងៗទៀតរបស់ប្រជាជន ដើម្បីយកទៅដាក់ជារបស់រួមនៅក្នុងសហករណ៍។ ខ្មែរក្រហមបានចាត់តាំងសេង និងប្រជាជនឱ្យចេញទៅធ្វើការងាររួមគ្នា ដូចជាការជីកប្រឡាយ និងលើកទំនប់ជាដើម។ សេង ត្រូវចេញទៅធ្វើការនៅតំបន់ស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ សេង និងសមាជិករួមក្រុម ៨ នាក់ ស្ថិតនៅក្នុងក្រុមកងចល័ត ដោយត្រូវទទួលផែនការជីកប្រឡាយ ឬស្រះ ដែលមានជម្រៅចាប់ពីមួយម៉ែត្រកន្លះ រហូតដល់បីម៉ែត្រ ព្រមទាំងការងារផ្សេងៗទៀត។ ប្រសិនបើធ្វើការមិនគ្រប់ផែនការដែលបានកំណត់ទេ នោះនឹងត្រូវអង្គការស្តីបន្ទោស ណែនាំ ឬធ្វើការអប់រំកសាង ដោយខ្មែរក្រហមចោទប្រកាន់ថា មានស្មារតីផ្តេកផ្តួល ឬកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់អង្គការ។ ក្រោយពីបញ្ចប់ការងារជីកប្រឡាយ និងស្រះ សេង ក៏ត្រូវបានអង្គការចាត់តាំងឱ្យទៅភ្ជួររាស់ដី និងស្ទូងស្រូវបន្តទៀត ដោយត្រូវធ្វើការងារនេះតាំងពីម៉ោង ២ ទៀបភ្លឺ រហូតដល់យប់ជ្រៅ នាដូវខែភ្លឺ។ ចំពោះរបបអាហារវិញ សេង ទទួលបានតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេលៗ អង្គការផ្តល់ឱ្យត្រឹមតែបបរមួយចាន រួមជាមួយសម្លត្រកួន ឬដើមចេក តែប៉ុណ្ណោះ។
នៅពេលរបបខ្មែរក្រហមជិតដួលរលំ សេង ត្រូវបានខ្មែរក្រហមជម្លៀសពីស្រុកកំណើតទៅដល់ស្ពានក្នុងស្រុកកំពង់ត្របែក ហើយក៏បានជួបនឹងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម ទើបមានឱកាសអាចត្រឡប់មកជួបជុំ និងរស់នៅស្រុកកំណើតវិញ។ នៅពេលនោះ សេង មានក្តីរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះទទួលបានសិទ្ធិសេរីភាពឡើងវិញ។ សេង បានចាប់ផ្តើមបង្កបង្កើនផលស្រូវដើម្បីចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ន ហើយសព្វថ្ងៃនេះ គាត់មានជំងឺប្រចាំកាយគឺ ជំងឺលើសឈាម និងជំងឺក្រពះពោះវៀន។
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

