មេភូមិចំរះ រៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ប៉ែន សានី មានអាយុ ៦៩ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិចំរេះ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សានី មានឪពុកឈ្មោះ ប៉ែន ខៀវ និងម្តាយឈ្មោះ ព្រំ អ៊ន់ ហើយគាត់ជាកូនទី២ នៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ ក្នុងនោះស្រី ២នាក់។ កាលពីកុមារភាព សានី រៀនសូត្របានត្រឹមថ្នាក់ទី ៨ ក្នុងសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន សានី គឺជាមេភូមិចំរេះ ឃុំស្វាយធំ។
នៅឆ្នាំ ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបណ្តាលឱ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរ។ នៅពេលនោះ សាលារៀនក្នុងភូមិរបស់សានី ត្រូវបានបិទទ្វារ។ គ្រូបង្រៀននិងសិស្ស មិនហ៊ានទៅសាលាឡើយ ដោយសារខ្លាចសង្គ្រាមដែលបង្កឡើងរវាងយោធាបដិវត្តន៍ និងទាហាន លន់ នល់។ នៅឆ្នាំ ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហម ដែលនៅពេលនោះ សានី មានវ័យប្រមាណ ២០ឆ្នាំ ហើយត្រូវបានអង្គការតម្រូវឱ្យទៅរស់នៅ និងធ្វើការងារក្នុងកងចល័ត។ នៅក្នុងកងចល័តបុរស សានី ត្រូវធ្វើការងារធ្ងន់ៗដូចជា ជីកព្រែក ប្រព័ន្ធធារាសាស្ត្រ និងលើកភ្លឺស្រែជាដើម។ នៅពេលនោះ សានី ជាយុវជនដល់អាយុត្រូវរៀបការ ដូច្នេះអង្គការបានសួរគាត់ថា តើមានពេញចិត្តជាមួយយុវនារីណាម្នាក់នៅក្នុងសហករណ៍ដែរឬទេ? ពេលនោះ សានី បានប្រាប់អង្គការពីនារីដែលគាត់ស្រឡាញ់ពេញចិត្ត។ នៅថ្ងៃបន្ទាប់ អង្គការបានរៀបចំពិធីរៀបការជាក្រុមឱ្យ សានី ចំនួន ៣០គូ។ ពិធីរៀបការនាពេលនោះរៀបចំឡើងក្នុងរយៈពេលដ៏ខ្លី ដោយគ្មានសាច់ញាតិទាំងសងខាងចូលរួម ហើយក៏គ្មានពិធីបែបសាសនា ឬការសែនព្រេនអ្វីឡើយ ពោលគឺអង្គការគ្រាន់តែហៅប្តី-ប្រពន្ធ ដែលត្រូវរៀបការឱ្យមកអង្គុយទល់មុខគ្នា និងឱ្យឡើងប្តេជ្ញាចិត្តនៅចំពោះមុខអង្គការថា នឹងស្រឡាញ់គ្នាអស់មួយជីវិត។ ក្រោយរៀបការរួច សានី និងប្រពន្ធត្រូវបែកគ្នាទៅធ្វើការតាមការដ្ឋានរៀងៗខ្លួន។ សានី ត្រូវក្រោកទៅភ្ជួរស្រែនៅវេលាម៉ោង ៤ ទៀបភ្លឺ និងសម្រាកនៅម៉ោង ៥ ល្ងាច នៅតាមទីតាំងដែលអង្គការបានកំណត់។ ចំពោះរបបអាហារវិញ អង្គការបានចែកបាយឬបបរឱ្យក្នុងម្នាក់ៗចំនួនមួយកូនចាន ចំណែកឯសម្លវិញគឺមានតែសម្លដើមចេក កណ្តៀង ត្រកួន ឬកំប្លោកជាដើម។
សានី បានបន្តរៀបរាប់ថា នៅសម័យនោះ ឈ្លបខ្មែរក្រហមបានចាប់ផ្សឹកព្រះសង្ឃ ព្រមទាំងវាយបំផ្លាញព្រះពុទ្ធបដិមា និងព្រះវិហារ។ នៅចុងរបបខ្មែរក្រហម អង្គការបានជម្លៀស សានី ពីភូមិកំណើតឱ្យទៅរស់នៅភូមិភាគពាយ័ព្យ។ នៅពេលគាត់ធ្វើដំណើរទៅដល់តំបន់ដីក្រហមនៅខាងលិចអ្នកលឿង គាត់ក៏បានរើសសំបុត្រដែលទម្លាក់ពីលើយន្តហោះ ដោយមានខ្លឹមសារប្រាប់ថា ប្រទេសជាតិត្រូវបានរំដោះហើយ ប្រជាជនទាំងអស់អាចត្រឡប់ទៅរស់នៅស្រុកកំណើតវិញបាន។ នៅពេល សានី ធ្វើដំណើរមកដល់ស្រុកកំណើតវិញ គាត់បានចូលរួមក្នុងក្រុមសាមគ្គីបង្កបង្កើនផលប្រវាស់ដៃ។ បច្ចុប្បន្ន សានី មានជំងឺប្រចាំកាយគឺ ជំងឺលើសសម្ពាធឈាម និងឧស្សាហ៍ចុករយពេញដងខ្លួន៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

