កងចម្អិនអាហារនៅរោងបាយ

(ខេត្តស្វាយរៀង) ម៉ម ភារី មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោង ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ភារី មានឪពុកឈ្មោះ ម៉ម ហ៊ុន និងម្តាយឈ្មោះ ប៉ុល ម៉ង់។ ភារី មានបងប្អូនចំនួន ៤នាក់ (ស្រី ១នាក់) ដោយគាត់ជាកូនទី២ នៅក្នុងគ្រួសារ។ កាលពីកុមារភាព ភារី រៀនសូត្របានត្រឹមថ្នាក់ទី១០ ក្នុងសម័យសង្គមរាស្ត្រនិយម។

ភារី រៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពេលនោះប្រទេសជាតិចាប់ផ្តើមធ្លាក់ចូលក្នុងសង្គ្រាមវាយប្រយុទ្ធគ្នា ដោយសារការឡើងកាន់កាប់អំណាចរបស់ លន់ នល់។ ពេលនោះ ភារី មានការភិតភ័យយ៉ាងខ្លាំង និងបានរត់គេចពីគ្រាប់ផ្លោង។ គាត់តែងតែបន់ស្រន់សូមឱ្យសង្គ្រាមបញ្ចប់ ម្យ៉ាងវិញទៀតនៅពេលោនោះ ភារី ទើបតែសម្រាលកូនហើយថ្មីៗ។ ការរត់ភៀសខ្លួន របស់គ្រួសារភារី រហូតទាល់តែរបបខ្មែរក្រហមឡើងកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥។

នៅពេលខ្មែរក្រហមឡើងកាន់កាប់អំណាច កងឈ្លបចាប់ផ្តើមដើរប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោក្របី និងសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋ យកទៅដាក់ក្នុងសហករណ៍ដើម្បីធ្វើជារបស់រួម។ បន្ទាប់មក ភារី ត្រូវបានអង្គការចាត់តាំងឱ្យទៅធ្វើការងារនៅរោងបាយ ដើម្បីជួយចម្អិនអាហា​រ។ ភារី ត្រូវបេះបន្លែ ហាន់ដើមចេក និងបេះបន្លែផ្សេងៗទៀត ទុកឱ្យគេយកមកស្លនៅក្នុងសហករណ៍។ ភារី និយាយថា សូម្បីតែខ្លួនដែលជាអ្នកធ្វើការងារនៅរោងបាយ ក៏អង្គការកំណត់ឱ្យហូបអាហារមួយថ្ងៃតែពីរដងដូចប្រជាជនទូទៅដែរ ដោយក្នុងមួយពេលៗ កំណត់ត្រឹមតែបបរ ឬបាយមួយកូនចានប៉ុណ្ណោះ។ របបអាហារនោះ គឺហូមជាមួយនឹងសម្លត្រកួន ឬដើមចេក គ្មានមិនសូវមានត្រី ឬសាច់ឡើយ។ ចំពោះការនាំទៅកសាង (អប់រំ ឬសម្លាប់ចោល) វិញ ភារី បានឱ្យដឹងថា ប្រសិនបើប្រជាជនណាខ្សឹបខ្សៀវ ឬលួចអាហារហូប ឬខ្ជិលច្រអូសធ្វើការងារ គឺអង្គការនឹងហៅយកណែនាំឬបាត់ខ្លួន។ អង្គការតែងរៀបចំការប្រជុំដើម្បីធ្វើស័្វយទិតៀន។ អង្គការផ្សព្វផ្សាយថា ត្រូវខិតខំធ្វើការឱ្យអស់ពីលទ្ធភាព ត្រូវរក្សាទុកជាទ្រព្យសម្បត្តិទាំងអស់ជារបស់រួម និងហាមដាច់ខាតការលួចលាក់សម្ភារឬអាហារយកទៅផ្ទះ។ កាលណាបើរកឃើញថាប្រជាជនណាមានលួចអាហារហូប អង្គការនឹងចោទប្រកាន់ថាជាអ្នកមាន និងជាប់កម្អែលសក្តិភូមិ។ ជាងនេះទៅទៀត អង្គការបានប្រជុំណែនាំអ្នកនៅរោងបាយ ដោយបានកំណត់ចំនួនអង្ករច្បាស់លាស់ថា ត្រូវដាំបាយឬបបរប៉ុន្មានកំប៉ុង និងត្រូវស្លសម្លប៉ុន្មានខ្ទះ សម្រាប់ចែកជូនប្រជាជនហូប ពោលគឺពុំឱ្យធ្វើលើសពីគោលការណ៍ឡើយ ដោយតម្រូវឱ្យដាំស្លរួចទើបដួសចែកគ្នា។ នៅពេលខ្លះ ភារី ត្រូវប្តីខឹងសម្បារ ដោយសារតែឃើញ ភារី ធ្វើការនៅរោងបាយ ប៉ុន្តែប្តីបែរជាពុំបានហូបចុកឆ្អែតគ្រប់គ្រាន់។

ចំពោះការកាប់សម្លាប់ ភារី ពុំមិនបានឃើញផ្ទាល់នឹងភ្នែកនោះទេ ប៉ុន្តែបានដឹងតាមរយៈប្តី ដែលបានឃើញអង្គការដឹកមនុស្សយកទៅសម្លាប់ស្ទើរតែរាល់ថ្ងៃ។ ប្តីតែងតែលួចប្រាប់ ភារី ថាថ្ងៃនេះឬថ្ងៃនោះ គេដឹកមនុស្សយកទៅសម្លាប់ទៀតហើយ ពេលដែលឮបែបនេះ ភារី មានការភ័យខ្លាចជាខ្លាំង ព្រោះខ្លាចអង្គការយកខ្លួនទៅសម្លាប់ដែរ។ នៅឆ្នាំ១៩៧៨ ពេលដែលរបបនេះជិតដួលរលំ ភារី បានរត់ភៀសខ្លួន ពីព្រោះខ្មែរក្រហមបានឃោសនាប្រាប់ប្រជាជនឱ្យនាំគ្នារត់ ដោយចោទប្រកាន់ថា កងទ័ពវៀតណាមបានវាយចូលមកហើយ បើមិនរត់ទេ ប្រយ័ត្នវៀតណាមអាករវះពោះញ៉ុកស្មៅ។ ដោយសារក្តីភ័យខ្លាច ភារី បានរត់គេចទៅតំបន់ទំនប់ជ្រៃ។ បន្ទាប់មកទៀត ភារី និងប្តី បានធ្វើដំណើររហូតទៅដល់ស្រុកកំពង់ត្របែក ដោយមានត្រឹមតែបង្វេចខោអាវមួយបង្វេច។ បន្ទាប់មកទៀត ភារី បានរត់បន្តទៅជិតដល់តំបន់អ្នកលឿង ក៏បានឮសំឡេងគ្រាប់ផ្ទុះលាន់ឮយ៉ាងខ្លាំង ហើយបានជួបនឹងកងទ័ពវៀតណាម ដែលបានណែនាំឱ្យប្រជាជនត្រឡប់ទៅក្រោយវិញ ព្រោះនៅខែមករា ឆ្នាំ១៩៧៩ ប្រទេសជាតិត្រូវបាន រំដោះ។ ភារី និងប្តីបានធ្វើដំណើរត្រឡប់មកផ្ទះវិញ និងចាប់ផ្ដើមកសាងជីវិតសារជាថ្មី ដោយប្រកបរបរធ្វើស្រែប្រវាស់ដៃ បែងចែកទិន្នផលគ្នាដើម្បីចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្ន ភារី គឺជាកសករ រស់នៅក្នុងភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin