ខ្មែរក្រហមសម្លាប់បងប្រុសតែម្នាក់របស់ខ្ញុំ

(ស្វាយរៀង) ៖ គល់ ធុច ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានអាយុ៦៤ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ធុច រៀនបានថ្នាក់ទី៣ នាសម័យ លន់ នល់។ គាត់បានឈប់រៀននៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ដោយសារពេលនោះការរស់នៅលំបាកពេក គឺមានការទម្លាក់គ្រាប់បែកបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាមជាដើម។

នៅសម័យខ្មែរក្រហម ធុច មានអាយុប្រហែល ១៦ឆ្នាំ។ ខ្មែរក្រហមបានប្រើ ធុច ឲ្យជីកប្រឡាយ លើកទំនប់នៅខាងកើតវត្ដកំពង់រោទិ៍។ គេបានកំណត់ឲ្យ ធុច និងប្រជាជនដទៃទៀតលើកភ្លឺស្រែឲ្យបានប្រវែង ម្នាក់​៣០ ម៉ែត្រក្នុង១ថ្ងៃ ព្រឹកលើក១៥ម៉ែត្រ និងល្ងាចលើក១៥ ម៉ែត្រ។ ប្រសិនបើប្រជាជនធ្វើមិនបាន ខ្មែរក្រហមបង្អត់អាហារឬយកទៅសម្លាប់ចោល។

“យើងខ្ញុំទទួលបានរបបអាហារមិនគ្រប់គ្រាន់នោះទេ ដោយមួយថ្ងៃទទួលបានតែមួយកំប៉ុងក្នុងម្នាក់ ទាំងដែលស្រូវអង្ករនៅតាមឃ្លាំងក្នុងសហករណ៍មានមិនខ្វះ” ។

ធុច ក៏បានឃើញរណ្ដៅធំៗ ដែលខ្មែរក្រហមសម្លាប់មនុស្សទម្លាក់ចូលជាច្រើនកន្លែងនៅសហករណ៍ដែលគាត់រស់នៅ។ បងប្រុសរបស់ ធុច ម្នាក់ ឈ្មោះ ជិន ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ដោយសារតែគាត់បានលួចទឹកត្នោតសហករណ៍ផឹក។ ធុច បានលើកឡើងថា គាត់បានធ្លាក់ចូលរណ្ដៅសព ដែលគេកប់មនុស្សថ្មីៗ នៅពេលនោះមានឈាម លិចត្រឹមកជើងគាត់។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ប្រជាជនបានប្រទះឃើញនៅតំបន់នេះសុទ្ធតែលលាដ៍ក្បាល។

ធុច បានរៀបរាប់ថា ថ្នាំព្យាបាលជំងឺក្នុងរបបខ្មែរក្រហមមានតែថ្នាំរាងដូចអាចម៍ទន្សាយ សម្រាប់ព្យាបាលជំងឺគ្រប់មុខទោះជាប្រជាជនឈឺអ្វីក៏ដោយ។ ធុច ធ្លាប់បានឃើញខ្មែរក្រហមធ្វើទារុណកម្ម និងកាប់ទៅលើប្រជាជនលួចជីកដំឡូងហូប។ គេបានទុកប្រជាជននោះឲ្យហូរឈាមរហូតដល់ស្លាប់។

គាត់ ក៏បានឃើញខ្មែរក្រហមបណ្ដើរប្រជាជនយកទៅសម្លាប់ដោយចងដៃទៅក្រោយ ឃ្លុំមុខ និងចងខ្សែជាក្រុម ម្តងៗមានគ្នាចាប់ពី១០ ទៅ២០នាក់ យកទៅសម្លាប់នៅទួលអង្គ និងវត្តកំពង់អំពិល ហើយមានថ្ងៃខ្លះគាត់បានឮប្រជាជនទាំងនោះស្រែកឲ្យគេជួយទៀតផង។

ឆ្នាំ១៩៧៩ ក្រោយពីដួលរលំរបបខ្មែរក្រហម ធុច បានរៀបការ និងមករស់នៅស្រុកកំណើត ឯភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន ធុច មានជំងឺក្រពះ ពោះវៀន និងឈឺជើង មិនអាចធ្វើដំណើរផ្លូវឆ្ងាយបាន។

ធុច ធ្លាប់និយាយរឿងរ៉ាវដែលគាត់បានជួបប្រទះប្រាប់ក្មេងៗជំនាន់ក្រោយឲ្យបានដឹង។ ធុច ស្នើឲ្យមនុស្សជំនាន់ក្រោយចូលរួមទប់ស្កាត់កុំឲ្យរបបដ៏ខ្មៅងងឹតនេះកើតឡើងជាថ្មីម្ដងទៀត។

សម្ភាសន៍ដោយ ហម សារឿន ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin