ពិន រិន៖ ប្រកាសថាយកទៅដាំដូង ប៉ុន្តែការពិតបញ្ជូនយកទៅសម្លាប់

អង្គការបានមកហៅប្អូនរបស់ខ្ញុំឲ្យទៅធ្វើការដាំដូង ប៉ុន្តែការពិតយកទៅសម្លាប់នៅក្នុងវត្តថ្មី។ ជាអកុសល បងរបស់ខ្ញុំម្នាក់ទៀត ដែលមិនមានឈ្មោះក្នុងបញ្ជីបានសុំអង្គការទៅជាមួយ និងសង្ឃឹមថាបានអាហារហូបបន្ថែម ព្រោះនៅក្នុងសហករណ៍ខ្វះខាតការហូបចុកខ្លាំងពេក។
ពិន រិន អាយុ៧៣ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម រិន មានកូនចំនួន៤នាក់។ គ្រួសាររបស់គាត់ គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់មិនទទួលបានការទុកចិត្តពីអង្គការនោះទេ ព្រោះបងប្អូនរបស់គាត់គឺជាអ្នកចេះដឹង និងធ្វើការងារកាលពីសង្គមចាស់។
នៅក្នុងសហករណ៍ អង្គការបានបញ្ជូនកូនៗរបស់រិន ដែលមានអាយុធំល្មមទៅរស់នៅក្នុងកងកុមារ ហើយប្ដីរបស់រិន ត្រូវបញ្ជូនឲ្យទៅក្នុងកងចល័ត ដើម្បីធ្វើការនេសាទត្រី ដាក់ក្នុងសហករណ៍, ភ្ជួរស្រែ, ជាន់រហាត់ទឹក, ជីកប្រឡាយ និងលើកទំនប់ នៅម្ដុំ កោះអណ្ដែត, ស្រមោចស, កំពង់អំពិល កំពង់យោ និងជីកប្រឡាយនៅកំពង់ក្រសាំង ព្រំប្រទល់ប្រទេសវៀតណាម។ នៅការដ្ឋានការងារ ប្ដីរបស់រិន ត្រូវធ្វើការធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានមិនគ្រប់គ្រាន់នោះទេ។
ចំពោះ រិន ការងារមុនដំបូងរបស់គាត់គឺ ដាក់បាយជ្រូកក្នុងសហករណ៍ រួចបន្តទៅធ្វើការងារកិនស្រូវក្នុងរោងម៉ាស៊ីន និងលើកទំនប់ជីកប្រឡាយក្បែរសហករណ៍។ នៅពេលយប់ឡើង រិន បានត្រលប់មកសម្រាកនៅផ្ទះវិញជាមួយកូនរបស់គាត់ដែលនៅតូច។
នៅដើមខែមករា ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមក គ្រួសាររបស់រិន បានរត់ភៀសខ្លួនចេញពីសហករណ៍ ទៅដល់ត្រពាំងវែង, ស្រែននោង កំពង់ទ្រា និងម្លប់ស្វាយ ទើបត្រលប់មកផ្ទះវិញ។ ប៉ុន្តែនៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមដកចេញ យោធាខ្មែរក្រហមបានចូលមកម្ដងទៀត និងបានចាប់ប្រជាជនយកទៅជាមួយ។ គ្រួសាររបស់រិន បានធ្វើដំណើរដល់ត្រពាំងវែង សេកយារ ខាងត្បូងអង្គតាសោម ទើបមានការជួយរំដោះម្ដងទៀត និងបានត្រលប់មកភូមិវិញ។
ក្រោយរបបខ្មែរក្រហម បងប្អូនបង្កើតរបស់រិន ចំនួន៣នាក់ និងសាច់ញាតិរបស់គាត់ផ្សេងទៀតបានបាត់បង់ជីវិត ដោយសារអង្គការចាប់យកទៅសម្លាប់។ សម្រាប់បងរបស់រិន មុនដំបូងអង្គការមិនទាន់បានហៅឈ្មោះគាត់ទៅនោះទេ ប៉ុន្តែគាត់បានសុំកម្មាភិបាលខ្មែរក្រហមទៅជាមួយតែម្ដង ព្រោះឮថាជម្លៀសឲ្យទៅដាំដូង។ មូលហេតុដែលបងរិន សុំទៅជាមួយបែបនេះ ព្រោះគាត់សង្ឃឹមថានៅកន្លែងថ្មី មានអាហារហូបចុកល្អប្រសើរជាងនៅក្នុងសហករណ៍ ប៉ុន្តែការពិតយកទៅសម្លាប់នៅក្នុងវត្តថ្មី។ នៅពេលផ្ដល់បទសម្ភាសន៍ រិន មានជំងឺពុកឆ្អឹង ក្រពះពោះវៀន ក្ដៅបាតជើង ជំងឺភ្នែក និងសន្លាក់ជង្គង់, ខ្នង និងដៃជើង។ ដើម្បីព្យាបាលជំងឺ រិន បានទៅទិញថ្នាំពេទ្យយកមកលេបជាប្រចាំ ដើម្បីកាត់បន្ថយការឈឺចាប់។
សម្ភាសន៍ដោយ ខុំ ស្រីនោរ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

