បងប្រុសខ្ញុំស្លាប់ដោយសារឡើងបេះផ្កាត្នោត

(បាត់ដំបង)៖ នាង មឿន ហៅ ឡូន អាយុ៦០ឆ្នាំ កើតនៅឆ្នាំ១៩៦៤។ មឿន មានទីកន្លែងកំណើតស្ថិតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃនេះ មឿន រស់នៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នៅឆ្នាំ១៩៧០ មឿន មានអាយុប្រហែល៦ឆ្នាំ។ ដោយសារស្ថិតក្នុងវ័យកុមារ មឿន មិនសូវចងចាំសាច់រឿងបានច្រើនទេ។ ប៉ុន្តែ មឿន នៅចាំបានថា ក្រុមគ្រួសារមានការលំបាកដោយសារការខ្វះខាត ធ្វើឱ្យការហូបចុកមិនសូវគ្រប់គ្រាន់ ហើយបងប្រុសម្នាក់ឈ្មោះ រឿន ត្រូវបែកបាក់ពីគ្រួសារ។ នៅដើមឆ្នាំ១៩៧០ មឿន បានឃើញការទម្លាក់គ្រាប់បែកពីលើយន្តហោះចូលក្នុងភូមិដែលគាត់រស់នៅ។ ការទម្លាក់គ្រាប់បែកនេះមិនបានធ្វើឱ្យសមាជិកគ្រួសារមានរបួស ឬបាត់បង់ជីវិតឡើយ ប៉ុន្តែបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបាក់បែក និងងាប់សត្វគោ។ ចន្លោះឆ្នាំ១៩៧០ដល់១៩៧៥ មឿន មិនបានធ្វើការអ្វីទេ គឺគាត់ផ្ដោតតែលើការសិក្សាប៉ុណ្ណោះ។ មឿន ចូលរៀនបានត្រឹមថ្នាក់ទី១២ ដែលសម័យនោះរាប់ពីថ្នាក់ទី១២ចុះមកក្រោម ស្មើនឹងថ្នាក់ទី១នាពេលបច្ចុប្បន្ន។
នៅឆ្នាំ១៩៧៥ ភូមិស្រុករបស់ មឿន ត្រូវបានខ្មែរក្រហមគ្រប់គ្រងទាំងមូល។ នៅពេលខ្មែរក្រហមឡើងកាន់កាប់អំណាច មឿន មានអាយុ១១ឆ្នាំ ហើយបានរស់នៅភូមិព្រៃពាយ ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ មឿន ត្រូវបានចាត់ទុកជាប្រជាជនថ្មី ឬប្រជាជន១៧មេសា។ ខ្មែរក្រហមបានជម្លៀស មឿន និងគ្រួសារចេញពីភូមិ បន្ទាប់មកបានបំបែក មឿន និងបងប្អូនចេញពីឪពុកម្តាយ ដើម្បីឱ្យទៅធ្វើការ។ ខ្មែរក្រហមបានចាត់តាំងឱ្យ មឿន ធ្វើការក្នុងកងកុមារនៅវត្តអង្គស្លែង ឃុំគូស រួចបញ្ជូនបន្តទៅភូមិរុន ឃុំគូស ស្រុកត្រាំកក់។
ខ្មែរក្រហមបានចាត់តាំងឱ្យ មឿន រើសអាចម៍គោ កាប់ទន្ទ្រានខែត្រយកមកចិញ្ច្រាំ លាយជាមួយលាមកដើម្បីធ្វើជី។ ចូលដល់ឆ្នាំ១៩៧៦ មឿន ត្រូវចាត់តាំងឱ្យជីកដីរំលាយដំបូក រែកដីមកដាក់ស្រែ និងជីកប្រឡាយ។ ចាប់ពីឆ្នាំ១៩៧៧ មឿន មានតួនាទីត្រូវជីកដី ស្ទូងស្រូវ និងច្រូតស្រូវ។ ខ្មែរក្រហមប្រើឱ្យធ្វើការទាំងយប់ទាំងថ្ងៃ និងហូបចុកមិនគ្រប់គ្រាន់។ របបអាហារមានត្រឹមតែបបរលាយជាមួយសម្លព្រលិត ឬដំឡូងមីស្ងោរ ហើយសម្លមួយចានត្រូវហូបគ្នាចំនួនបួននាក់។ នៅពេលឈឺស្កាត់ ឬគ្រុនក្តៅ អាចសម្រាកបានយ៉ាងច្រើនត្រឹមតែបីថ្ងៃ និងមានថ្នាំអាចម៍ទន្សាយសម្រាប់លេប។
នៅក្នុងរបបខ្មែរក្រហម បងប្រុសរបស់មឿន ម្នាក់ឈ្មោះ ងឺម បានបាត់បង់ជីវិត។ ពេលនោះ ខ្មែរក្រហមបានប្រើបងប្រុសរបស់គាត់ ឱ្យធ្វើជាចុងភៅ និងដើរកបន្លែ។ ថ្ងៃមួយបងប្រុសរបស់មឿន បានឡើងបេះផ្កាត្នោតដើម្បីយកធ្វើម្ហូប ប៉ុន្តែដោយសារថ្ងៃក្តៅនិងការហូបចុកមិនគ្រប់គ្រាន់ បងប្រុសគាត់បានធ្លាក់ពីលើដើមត្នោត ហើយធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។
សព្វថ្ងៃនេះ មឿន មានជំងឺប្រចាំកាយជាច្រើន លើសឈាម ឈឺសន្លាក់ ក្រពះពោះវៀន និងឈឺភ្នែក។ ជំងឺទាំងនេះតែងតែធ្វើទុក្ខស្ទើររាល់ថ្ងៃ ធ្វើឱ្យ មឿន ពិបាកក្នុងខ្លួនសម្រាកមិនបាន ឈឺក្បាល វិលមុខ ចុកក្រហាយក្នុងពោះ និងឈឺសន្លាក់ដៃជើងយ៉ាងខ្លាំង។ បញ្ហានេះបានវិវត្តទៅជាជំងឺប្រចាំកាយ ហើយបានបណ្តាលឱ្យ មឿន ពិការភ្នែកម្ខាង។ របបខ្មែរក្រហមបានដួលរលំ មឿន បានប្ដូរទីលំនៅមកខេត្តបាត់ដំបង រស់នៅជាមួយនឹងគ្រួសាររបស់គាត់ដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ រ៉េត ប៉ុនចាន់ធឿន ថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

