ក្មេងយំឃ្លាន ខ្មែរក្រហមយកទៅសម្លាប់ចោល

(ព្រះវិហារ)៖ ចន្ទ ភាព ហៅ ចន្ទ ខឿន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្នរស់នៅភូមិភារកិច្ច សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅអំឡុងឆ្នាំ១៩៧០ ពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ភាព និងគ្រួសារបានជម្លៀសទៅក្នុងព្រៃ ដោយសារការទម្លាក់គ្រាប់បែកបណ្តាលឱ្យទ្រព្យសម្បត្តិ ផ្ទះសំបែង និងវត្តអារាមត្រូវខូចខាត និងឆេះខ្ទេចខ្ទីគ្មានសល់។ ក្រោយរដ្ឋប្រហារ ភាព ពេលមានអាយុ១៦ឆ្នាំ កងទ័ពវៀតណាមបានជម្លៀសប្រជាជនទៅធ្វើតូបរស់នៅឯភូមិត្បូង ស្រុកត្បូង ខេត្តក្រចេះ។

ខ្មែរក្រហមបានចាត់តាំងឱ្យ ភាព កាប់ដី រែកដី ជីកប្រឡាយ ជីកស្រះ និងលើកទំនប់។ ភាព ត្រូវធ្វើការតាំងពីព្រលឹមក្រោករហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបអនុញ្ញាតឱ្យសម្រាកហូបបបរ។ ហូបរួចត្រូវទៅធ្វើការបន្តរហូតដល់ម៉ោង ៦ល្ងាច ទើបបានហូបបបរពេលល្ងាច។ ភាព សម្រាកបានបន្តិច ត្រូវបន្តធ្វើពលកម្មពេលយប់បន្ថែមទៀត ដូចជាច្រូតស្រូវ និងស្ទូងស្រូវ រហូតដល់ម៉ោង១១ ទៅម៉ោង១២យប់ ទើបបានសម្រាក។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនធ្វើការងារធ្ងន់ធ្ងរ បណ្ដាលឱ្យប្រជាជនខ្លះឈឺរ៉ាំរៃ និងខ្វះអាហាររហូតដល់បាត់បង់ជីវិតនៅកន្លែងធ្វើការតែម្តង។

សម្រាប់ការហូបចុក ភាព ទទួលបានត្រឹមតែបបរពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលព្រឹកនិងពេលល្ងាច ដោយបបរនោះមានតែទឹកស្ទើរតែគ្មានគ្រាប់អង្ករ។ នៅក្នុងរបបនោះ ថ្ងៃណាដែលគ្មានបបរ ខ្មែរក្រហមឱ្យប្រជាជនហូបដំឡូងស្ងោរ ឬក្តួច។ ក្រោយមក គេបានផ្លាស់ប្តូរ ភាព ឱ្យបម្រើការងារជាពេទ្យ ប៉ុន្តែពេលគ្មានអ្នកជំងឺ ត្រូវធ្វើការដូចប្រជាជនធម្មតា។ សម្រាប់ការព្យាបាល គេប្រើប្រាស់ថ្នាំអាចម៌ទន្សាយ តែគ្មានប្រសិទ្ធិភាពគ្រប់គ្រាន់ទេ ដែលបណ្តាលឱ្យមានអ្នកស្លាប់ដោយសារជំងឺជាច្រើននាក់។

ភាព បានបញ្ជាក់ថា៖ «នៅក្នុងរបបខ្មែរក្រហមព្រៃផ្សៃណាស់ គ្រាន់តែក្មេងយំឃ្លាន ខ្មែរក្រហមយកទៅសម្លាប់ចោល»។ គាត់បានបន្ថែមថា ពេលខ្លះម្តាយត្រូវលួចលាក់យកបាយបន្តិចបន្តួចដាក់នឹងថ្នក់សំពត់សម្រាប់ឱ្យកូនហូប តែបើអង្គការដឹងនឹងចាប់ម្តាយនោះទៅសម្លាប់ចោលជាមិនខាន។ បន្ថែមពីនោះ គាត់ធ្លាប់ឃើញខ្មែរក្រហមចាប់មនុស្សចងនឹងដើមឈើហើយបាញ់សម្លាប់ចោលដោយមិនដឹងមូលហេតុ ហើយខ្លះទៀតចាប់ដាក់ឡានបាត់ដំណឹងឈឹងលែងត្រឡប់មកវិញ។ ក្នុងអំឡុងរបបខ្មែរក្រហម ភាព បានបាត់បង់បងប្រុសឈ្មោះ ចន្ទ សៀន អាយុ១៩ឆ្នាំ។ បងប្រុសរបស់គាត់មានជំងឺ ហើយគ្មានកម្លាំងកំហែងក្នុងការបំពេញការងារ ទើបព្រឹកឡើងត្រូវបានអង្គការយកទៅសម្លាប់ចោល។

ភាព ធ្លាប់ឃើញខ្មែរក្រហមរៀបចំពិធីមង្គលការឱ្យប្រជាជននៅក្នុងសហករណ៍។ នៅពេលនោះរៀបការម្ដង៤គូ ឬច្រើនជាងនោះ ដោយត្រូវឈរទល់មុខគ្នា ហើយចាប់ដៃប្ដេជ្ញាចិត្តយកគ្នាជាប្តីប្រពន្ធ។ ប្រសិនជាការហើយមិនចុះសម្រុងនឹងគ្នា អង្គការនឹងហៅយកទៅកសាង ឬសម្លាប់ចោល។

ក្រោយមកទៀត ភាព ត្រូវបានជម្លៀសពីភូមិទាំងយប់ ទៅដល់ភ្នំដងរែក ហើយបានបោះជំរំនៅទីនោះ។ ប្រជាជនខ្លះបានចងអង្រឹងសម្រាកក្រោមដើមឈើ។ ប្រហែលមួយឆ្នាំក្រោយមក ភាព និងប្រជាជនដទៃទៀតត្រូវបានជម្លៀសទៅរស់នៅជាយដែនថៃ រហូតដល់មានស្វាមីនិងកូន៤នាក់ ហើយត្រឡប់មកស្រុកកំណើតវិញ។ ការធ្វើដំណើរមកស្រុកកំណើត តាមរយៈការជិះរថភ្លើង រួចបន្តជិះទូក និងជិះឡានរហូតមកដល់ដីកំណើតវិញ។ ភាព បានសាងសង់ផ្ទះ និងរស់នៅយ៉ាងមានសេចក្តីសុខមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ភាព មានជំងឺក្រពះ ពោះវៀន ឈឺសន្លាក់ និងស្រវាំងភ្នែក៕

សម្ភាសន៍ដោយ៖ រស់ សុវណ្ណសុវត្ថិ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin