ហាមនិយាយ និងមើលមុខគ្នាសូម្បីបងប្អូនបង្កើត

(បាត់ដំបង)៖ ងិន ងន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នគាត់មានអាស័យដ្ឋានស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សព្វថ្ងៃ ងន មានជំងឺលើសឈាម ក្រពះ-ពោះវៀន ទឹកដក់ក្នុងភ្នែក និងឈឺសន្លាក់ដៃ-ជើង។ ជំងឺទាំងនេះធ្វើឱ្យគាត់តែងតែល្វើយ ហេវហត់អស់កម្លាំង ឈឺក្បាលវិលមុខ និងក្តៅក្រហាយក្នុងពោះស្ទើរតែរាល់ថ្ងៃ។ បញ្ហាសុខភាពនេះកើតឡើងដោយសារការខ្វះខាតការថែទាំ និងមិនបានទទួលការព្យាបាលត្រឹមត្រូវតាំងពីក្រោយរបបខ្មែរក្រហមរហូតមក។
នៅពេលមានរដ្ឋប្រហារឆ្នាំ១៩៧០ ងន មានអាយុ១៣ឆ្នាំប៉ុណ្ណោះ។ ជីវភាពគ្រួសារនាពេលនោះមានការលំបាកខ្លាំងដែលបង្ខំឱ្យ ងន ត្រូវបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ ដើម្បីដើររើសខ្យងយកទៅលក់ដើម្បីទិញអង្ករហូប។ ស្រុកភូមិមានការទម្លាក់គ្រាប់បែក ហើយប្រជាជនត្រូវជម្លៀសទៅទីរួមខេត្តតាកែវ។ ងន បានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពយន្តហោះតម្រៀបគ្នាទម្លាក់គ្រាប់បែកបណ្តាលឱ្យផ្ទះបងជីដូនមួយរបស់គាត់បាក់ខ្ទេចខ្ទី។
ចូលដល់ឆ្នាំ១៩៧៥ ពេលមានអាយុ១៨ឆ្នាំ ខ្មែរក្រហមបានចូលមកគ្រប់គ្រង និងជម្លៀស ងន ទៅភូមិព្រៃពាយ និងឃុំគូស។ ខ្មែរក្រហមបានបំបែកសមាជិកគ្រួសារ ដោយយកប្អូនៗទៅដាក់នៅមន្ទីរកុមារកំព្រា រីឯ ងន ត្រូវបញ្ជូនទៅធ្វើការនៅកងនារីនៃកងចល័ត។ ងន ត្រូវដើរដោយថ្មើរជើងទាំងយប់ទាំងថ្ងៃរហូតដល់គោលដៅ ខ្មែរក្រហមមិនអនុញ្ញាតឱ្យនិយាយរកគ្នា ឬងាកមើលមុខបងប្អូនឡើយ។ ខ្មែរក្រហមបានបង្ខំឱ្យ ងន ធ្វើការជាច្រើនរួមមាន រែកដី ជីកប្រឡាយ ដកស្ទូង ច្រូតស្រូវ និងត្បាញកន្ទេល។ ងន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ប្រជាជនមិនដែលហូបអាហារបានគ្រប់គ្រាន់ឡើយ គឺមានតែបបរជាមួយសម្លម្ជូរព្រលិត ព្រមទាំងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដែលធ្វើឱ្យរាងកាយរបស់គាត់មិនអាចទ្រាំទ្របានឡើយ។
នៅក្នុងរបបខ្មែរក្រហម ងន បានបាត់បង់ប្អូនប្រុសម្នាក់ឈ្មោះ ងឹម។ ខ្មែរក្រហមបានបង្ខំឱ្យ ងឹម ឡើងត្នោតយកទឹកមករម្ងាស់ស្កររហូតដល់ដាច់ខ្សែបង្អោងធ្លាក់ពីលើដើមត្នោតបាត់បង់ជីវិតដោយគ្មានអ្នកជួយសង្គ្រោះទាន់ពេលវេលា។ បន្ថែមពីនេះ ងន បានឃើញអំពើឃោរឃៅផ្ទាល់ភ្នែករួមមាន ការចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ ការព្យាយាមចងកសម្លាប់ខ្លួនឯងរបស់ប្រធានមូលដ្ឋាននារី និងការសម្លាប់រង្គាល។ ងន បានឃើញខ្មែរក្រហមចាប់ចងមនុស្សនាំយកទៅសម្លាប់នៅភ្នំលិច ដោយចោទប្រកាន់ថាជាខ្សែបណ្ដាញរបស់វៀតណាម។ អ្នកដែលសារភាពថាខ្លួនជាប្រជាជនមកពីកម្ពុជាក្រោម ត្រូវបានខ្មែរក្រហមនាំយកទៅបាញ់សម្លាប់ចោលនៅភ្នំ រួចយកខោអាវប្រឡាក់ឈាមមកចែកឱ្យអ្នកផ្សេងស្លៀកពាក់បន្ត។
នៅដើមឆ្នាំ១៩៧៩ ពេលកំពុងច្រូតស្រូវ មានការបាញ់ផ្លោងគ្រាប់ចូលមក ធ្វើឱ្យ ងន ភ័យស្លន់ស្លោរត់ចោលបាយទឹក រួចបន្តរត់គេចខ្លួនរហូតដល់ភ្នំដងរែក។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ងន បានផ្លាស់ប្ដូរមករស់នៅខេត្តបាត់ដំបង ជាមួយគ្រួសាររបស់គាត់រហូតមកដល់ពេលបច្ចុប្បន្ន៕
សម្ភាសន៍ដោយ៖ រ៉េត ប៊ុនចាន់ធឿន ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

