អ្នកនៅក្នុងជំរំមិនអនុញ្ញាតឱ្យចេញក្រៅរបងដែក

(ព្រះវិហារ)៖ សាម ផន មានអាយុ៧៣ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ផន មានស្វាមីឈ្មោះ ថន និងមានកូនប្រុសម្នាក់ឈ្មោះ ថន ខុន។
នៅឆ្នាំ១៩៧០ ប្ដីរបស់ផន មានតួនាទីជាទាហាន បានស្លាប់ដោយសារគ្រាប់កាំភ្លើងនៅខេត្តសៀមរាប។ នៅក្នុងតំបន់ប្រាសាទព្រះវិហារមានការទម្លាក់គ្រាប់បែកគ្រប់ទីកន្លែង បណ្តាលឱ្យមានមនុស្សស្លាប់និងពិការ។ ផន និងកូនប្រុសបានរត់គេចតាមជម្រាលថ្មជើងភ្នំតាមពយតាឌីដើម្បីគេចពីគ្រាប់បែក។ ពេលរាងអន់ថយការទម្លាក់គ្រាប់បែក គេចាប់ផ្តើមចែកអង្ករ ត្រីខ ទឹក និងបាយក្រៀមដល់ប្រពន្ធទាហាន។
ក្រោយពេលប្ដីស្លាប់ ផន បាននាំកូនរត់តាមប្រទេសថៃ ហើយជួលឡានឱ្យជូនមកដល់ដាំយឺន រួចដើរឡើងទៅច្រកអានសេះ។ ផន បាននាំកូនដើរកាត់ព្រៃតាមជម្រាលភ្នំដើម្បីគេចពីខ្មែរក្រហម ដោយហូបត្រឹមតែបាយក្រៀមពេលឃ្លាន។ នៅតំបន់អានសេះ ផន និងប្រជាពលរដ្ឋផ្សេងទៀតរស់នៅក្រោមការគ្រប់គ្រងរបស់ សឺន សាន។ នៅទីនោះមានការលំបាកដោយអត់បាយអត់ទឹកដោយសារការធ្វើសង្រ្គាម ហូបតែទំពាំងលាយបាយក្រៀម និងបបរ។
ផន មិនត្រូវបានបង្ខំឱ្យធ្វើការងារទេ ហើយនៅពេលនោះមានការចែកសម្លៀកបំពាក់ អង្ករ ព្រមទាំងមានពេទ្យបារាំងនិងពេទ្យខ្មែរសម្រាប់មើលថែពេលឈឺ។ ពេលនៅច្រកអានសេះ ផន បានជួបប្ដីក្រោយឈ្មោះ ឈិម ចាត ដែលរត់គេចពីការគ្រប់គ្រងរបស់ខ្មែរក្រហម។ ឈិម ចាត បានចូលធ្វើជាទាហាន ហើយរៀបការជាមួយ ផន ដោយមាន កែវ ជួន ជាអ្នករៀបចំផ្សំផ្គុំឱ្យ។
ក្រោយពេលរៀបការប្ដីរបស់ផន ត្រូវបានចាត់តាំងឱ្យហាត់បាញ់កាំភ្លើងដើម្បីត្រៀមប្រយុទ្ធជាមួយខ្មែរក្រហមនៅតំបន់ភ្នំជី ខេត្តកំពង់ធំ។ ពេលខ្មែរក្រហមវាយបែកច្រកអានសេះ ផន និងស្វាមីព្រមទាំងមេដឹកនាំឈ្មោះ កែវ ជួន បានរត់ទៅច្រកដាំយឺន រួចបន្តទៅជំរំសាយធូដែលមាន សឺន សាន ជាអ្នកគ្រប់គ្រង។ នៅជំរំសាយធូ ប្ដីរបស់ ផន បន្តធ្វើជាទាហាន ហើយអ្នកនៅក្នុងជំរំមិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅរបងដែកឡើយ។ អ្នកគ្រប់គ្រងបានចែកស្បៀងអាហាររៀងរាល់មួយសប្តាហ៍ម្តងដល់សមាជិកស្រីៗ និងមានពេទ្យបារាំងមើលថែអ្នកជំងឺ។ ប្រហែលមួយឆ្នាំក្រោយមក ប្រជាជនត្រូវបានផ្លាស់ប្ដូរឱ្យមករស់នៅស្រុកជាំក្សាន្ត។ ពេលនោះប្ដីរបស់គាត់ បានឈប់ធ្វើជាទាហាន ហើយអ្នកទាំងពីរប្រកបរបរធ្វើស្រែចម្ការធម្មតា។ ក្រោយមក យោធាខ្មែរក្រហមបានចូលវាយប្រហារនៅស្រុកជាំក្សាន្ត ផន និងស្វាមីបានរត់គេចខ្លួនមកដល់ភូមិកំពង់ចម្លង ហើយបាននាំគ្នាពួនក្នុងត្រង់សេដើម្បីគេចគ្រាប់កាំភ្លើង។
ក្រោយពេលរំដោះ ផន និងស្វាមីបានមករស់នៅក្នុងភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជួបជុំគ្រួសារ និងធ្វើស្រែចម្ការរស់នៅទាល់សព្វថ្ងៃ។ បច្ចុប្បន្ននេះ ផន មានជំងឺឈឺចង្កេះ ក្រពះពោះវៀន ងងឹតភ្នែក និងឈឺសន្លាក់ដៃជើង៕
សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

