ម៉ម ស៊ន់៖ ការលួចអាហារហូបគឺជាអំពើក្បត់អង្គការ

(ខេត្តស្វាយរៀង) ម៉ម ស៊ន់ មានអាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ស៊ន់ មានឪពុកឈ្មោះ ម៉ម សេង និងម្តាយឈ្មោះ ខឹម សឿង។ គាត់មានបងប្អូនចំនួន ៨នាក់ ក្នុងនោះស្រី ៤នាក់ ហើយគាត់ជាកូនទី៣ ក្នុងគ្រួសារ។ ស៊ន់ រៀនបានថ្នាក់ទី៤ ក្នុងរបបសង្គមរាស្ត្រនិយម។
ស៊ន់ បានរៀបរាប់ថា នៅឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច ប្រធានភូមិចាប់ផ្តើមប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោក្របី ស្រូវអង្ករ ចានឆ្នាំង និងសម្ភារផ្សេងៗទៀតរបស់ប្រជាពលរដ្ឋ យកទៅទុកជារបស់រួមនៅក្នុងសហករណ៍។ បន្ទាប់មក ឈ្លប និងប្រធានភូមិបានចាត់តាំង ស៊ន់ និងសមាជិកចំនួន ១២នាក់ ឱ្យទៅជីកប្រឡាយ ដោយកំណត់ឱ្យម្នាក់ៗជីកប្រវែង ៥ម៉ែត្រ ក្នុងមួយថ្ងៃ។ ប្រឡាយត្រូវមានជើងទេរ រាងខ្នងអណ្តើក និងត្រូវបង្ហាប់ដីឱ្យណែន ព្រមទាំងមានភ្លឺទំនប់សងខាងដែលអាចធ្វើដំណើរបាន។ ចំពោះការលើកប្រព័ន្ធភ្លឺស្រែវិញ ប្រធានក្រុមកំណត់ឱ្យសមាជិកម្នាក់ៗលើកឱ្យបានប្រវែងពី ១០ ទៅ ២០ម៉ែត្រ។ នៅពេលធ្វើរួចនៅកន្លែងមួយ អង្គការនឹងផ្លាស់ប្តូរឱ្យទៅធ្វើនៅកន្លែងផ្សេងទៀត។ នៅរដូវវស្សា ស៊ន់ ចាប់ផ្តើមការងារដកសំណាប និងស្ទូងស្រូវជាក្រុម។ ក្រៅពីនេះ គាត់ក៏ត្រូវភ្ជួរស្រែផងដែរ ដោយក្នុងមួយថ្ងៃ ប្រធានកងកំណត់ឱ្យភ្ជួរលើផ្ទៃដីទំហំ ៥ហិកតាក្នុងមួយក្រុម។ នៅរដូវប្រមូលផល គាត់ត្រូវទៅច្រូតស្រូវ ហើយត្រូវដឹកជញ្ជូនកណ្តាប់ស្រូវយកមកបោកបែន និងត្រូវដឹកស្រូវយកទៅរក្សាទុកនៅក្នុងឃ្លាំងសហករណ៍។ ចំពោះរបបអាហារវិញ ស៊ន់ បានរៀបរាប់ថា នៅសម័យ ប៉ុល ពត គេឱ្យហូបអាហារមួយថ្ងៃតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេល អ្នកទទួលខុសត្រូវរោងបាយឱ្យហូបបាយតែមួយកូនចាន លាយជាមួយសម្លដែលភាគច្រើនស្លពីត្រកួន និងដើមចេក។ កម្រមានសាច់ណាស់ ហើយសម្លមានតែទឹកថ្លាៗ គ្មានរសជាតិ និងហូបពុំឆ្អែតនោះឡើយ។
ចំពោះការសម្រាកពេលយប់វិញ ប្រធានកងឱ្យដេកជុំគ្នា ហើយមិនអនុញ្ញាតឱ្យដើរទៅណាឆ្ងាយឡើយ។ នៅពេលខ្លះ ប្រធានកងក៏ប្រើគាត់ឱ្យទៅថែចម្ការ ដាំដំឡូង និងដាំបន្លែផ្សេងៗទៀត។ ចំពោះការកសាងវិញ គាត់បានបញ្ជាក់ថា អ្នកដែលធ្វើខុសត្រូវឈ្លបយកទៅអប់រំ ណែនាំ និងកែប្រែឥរិយាបថ កុំឱ្យប្រព្រឹត្តខុសម្តងទៀត។ ប្រជាជនជាច្រើនត្រូវឈ្លបនាំយកទៅសម្លាប់ ដោយសារការចោទប្រកាន់ថាក្បត់អង្គការ។ សូម្បីតែអ្នកដែលធ្វើការមិនគ្រប់តាមផែនការ ឬលួចអាហារហូបចុក ក៏អាចត្រូវចោទថាប្រព្រឹត្តអំពើក្បត់ដែរ។ ព្រះសង្ឃត្រូវបង្ខំឱ្យសឹកតាំងពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេសដំបូងមកម្លេះ ហើយវត្តអារាមបានក្លាយជាសហករណ៍ និងធ្វើជាកន្លែងប្រជុំ។ ក្នុងរបបខ្មែរក្រហម ស៊ន់ ត្រូវបង្ខំជម្លៀសពីមួយកន្លែងទៅមួយកន្លែងនៅក្នុងខេត្តព្រៃវែង ដើម្បីធ្វើការងារ។
នៅពេលរបបខ្មែរក្រហមជិតដួលរលំ ស៊ន់ ត្រូវអង្គការជម្លៀសទៅតំបន់ទួលល្ហុង។ នៅទីនោះ គាត់បានឃើញយន្តហោះទម្លាក់ខិត្តប័ណ្ណ ដែលប្រកាសថា ប្រទេសជាតិត្រូវបានរំដោះ។ បន្ទាប់មក គាត់បានត្រឡប់ទៅស្រុកកំណើតវិញ និងចាប់ផ្តើមបង្កបង្កើនផលស្រូវ ដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន គាត់ប្រកបរបរជាកសិករ រស់នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយមានជំងឺប្រចាំកាយ គឺខ្សោយសរសៃប្រសាទមួយចំហៀងខ្លួន និងជំងឺក្រពះពោះវៀន៕
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

