កងចល័តនារី

(ខេត្តស្វាយរៀង) គង់ សារឿន មានអាយុ ៧១ឆ្នាំ រស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារឿន មានឪពុកឈ្មោះ គង់ សាន់ (ស្លាប់) និងម្តាយឈ្មោះ ញូង សេន (ស្លាប់)។ សារឿន ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ គឺទី១ ឈ្មោះ គង់ សុខ, ទី២ គង់ សេន, ទី៣ គង់ សារុន (ស្លាប់), ទី៤ គង់ សារឿន (ម្ចាស់ប្រវត្តិរូប), ទី៥ គង់ សារួន និងទី៦ គង់ សារន់។ កាលពីកុមារភាព សារឿន បានឈប់រៀនត្រឹមថ្នាក់ទី១០ ក្នុងរបបសង្គមរាស្ត្រនិយម។

បន្ទាប់ពីឈប់រៀន នៅឆ្នាំ១៩៦៩ សារឿន បានមករស់នៅជាមួយបងប្អូននៅទីក្រុងភ្នំពេញ។ សារឿន ធ្វើជាជាងកាត់ដេរសម្លៀកបំពាក់ និងបេះត្រកួនយកទៅលក់នៅតំបន់បឹងទំពុន។ សារឿន រស់នៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៤ ទើបត្រឡប់ទៅស្រុកកំណើតវិញ ដោយសារសភាពការណ៍មានភាពច្របូកច្របល់ និងមានការទម្លាក់គ្រាប់បែកជាញឹកញាប់។ នៅពេលខ្មែរក្រហមចូលគ្រប់គ្រងប្រទេស សារឿន កំពុងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ។ នៅពេលនោះ ឈ្លប និងប្រធានភូមិបានចាត់តាំង សារឿន ឱ្យធ្វើបង្គីដែលផលិតពីដើមរំពាក់ និងឱ្យធ្វើការងារក្នុងកងចល័ត ដោយមានភារកិច្ចជីក និងរែកដីសម្រាប់សាងសង់ទំនប់ និងប្រឡាយ។ នៅពាក់កណ្តាលឆ្នាំ១៩៧៥ សារឿន ត្រូវបានបញ្ជូនទៅជីកប្រឡាយធំៗនៅក្នុងឃុំស្វាយធំ។ នៅទីនោះ គាត់បានឃើញសមាជិកកងចល័តប្រុសស្រីរាប់ពាន់នាក់កំពុងធ្វើការងារ។

នៅការដ្ឋាននោះ សារឿន ទទួលបានបបរហូបជាមួយសម្លដើមចេក និងត្រកួនចាស់ៗ ដែលជាអាហារខ្វះអនាម័យ និងគ្មានជីវជាតិគ្រប់គ្រាន់។ ស្ថានភាពនេះបានធ្វើឱ្យយុវជន និងយុវនារីជាច្រើនក្នុងកងចល័តធ្លាក់ខ្លួនឈឺ កើតជំងឺរាករូស និងស្លាប់ជាបន្តបន្ទាប់។ បន្ទាប់ពីការងារជីកប្រឡាយត្រូវបានបញ្ចប់ ប្រធានកងចល័តនារីបានផ្លាស់ប្តូរការងារ សារឿន ឱ្យទៅច្រូតស្រូវ ដោយកំណត់ឱ្យសមាជិក ២៤នាក់ ត្រូវច្រូតស្រូវលើផ្ទៃដីទំហំ ៣ហិកតា ក្នុង១ថ្ងៃ។ ដោយសារខ្លាចមិនអាចបំពេញតាមផែនការបាន សារឿន និងសមាជិកក្នុងក្រុមត្រូវច្រូតស្រូវតាំងពីព្រលឹម រហូតដល់ម៉ោង ៩ ឬ ១១យប់ ទើបបានសម្រាក។

នៅពេលរបបខ្មែរក្រហមដួលរលំ សារឿន បានត្រឡប់មករស់នៅស្រុកកំណើតវិញ ហើយទទួលបានដីស្រែពីអាជ្ញាធរ សម្រាប់បង្កបង្កើនផលស្រូវ។ ទោះបីជាជីវភាពនៅជួបការលំបាកខ្លះក៏ដោយ ក៏គាត់អាចមានបាយហូបឆ្អែត ដែលខុសប្លែកពីសម័យខ្មែរក្រហម។ បច្ចុប្បន្ន សារឿន រស់នៅជាមួយកូនៗ និងមើលថែចៅៗ ហើយមានជំងឺប្រចាំកាយគឺជំងឺត្រចៀក និងឧស្សាហ៍វិលមុខ៕

សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Continue using AI Cursor?Keep it onTurn Off

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin