ហែន ឃិន៖ វត្តសំរោងពេជ្រត្រូវខ្មែរក្រហមប្រែក្លាយជាកន្លែងស្តុកស្រូវអង្ករ

(ខេត្តស្វាយរៀង) ហែន ឃិន មានអាយុ ៨១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឃិន មានឪពុកឈ្មោះ រាម បួរ និងម្តាយឈ្មោះ នួន សៅ ហើយគាត់ជាកូនទី៥ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់។

កាលពីកុមារភាព ឃិន រៀនបានថ្នាក់ទី១០ ក្នុងរបបសង្គមរាស្ត្រនិយម។ ឃិន បានរៀបរាប់ថា នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ។ ពេលនោះ ប្រទេសជាតិចាប់ផ្តើមមានសង្គ្រាម និងភាពវឹកវរ។ គាត់ និងគ្រួសារបានរត់ចេញពីភូមិក្រាំងលាវ ទៅស្នាក់នៅភូមិទួលទ្រា ឃុំស្វាយធំ ដើម្បីគេចពីគ្រាប់ផ្លោង។ ការហូបចុកជួបប្រទះការខ្វះខាតជាងសម័យសង្គមរាស្ត្រនិយម ដោយសារប្រទេសជាតិស្ថិតក្នុងស្ថានភាពសង្គ្រាម ដែលនាំឱ្យការប្រកបរបររកស៊ី និងការធ្វើស្រែចម្ការត្រូវអាក់ខាន។

បន្ទាប់មក នៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងរបបខ្មែរក្រហម។ នៅពេលនោះ ឈ្លបបានដើរប្រមូលទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់ គោក្របី ស្រូវអង្ករ និងសម្ភារផ្សេងៗរបស់ប្រជាជន ព្រមទាំងបង្ខំប្រជាជនឱ្យធ្វើការដោយគ្មានសេរីភាព។ គ្រួសាររបស់ ឃិន បានយកមាសចំនួន ៥ជី ស្រូវអង្ករ គោក្របី និងទ្រព្យសម្បត្តិជាច្រើនទៀតទៅដាក់ក្នុងសហករណ៍ធ្វើជារបស់រួម។ ឃិន ត្រូវបានអង្គការចាត់តាំងឱ្យទៅលើកអាចម៍គោក្នុងកងកុមារ ដែលមានសមាជិក ១២នាក់។ ចំណែកមនុស្សចាស់នៅក្នុងភូមិ ត្រូវបានចាត់ឱ្យមើលថែទំាក្មេងៗ ឬធ្វើការងារស្រាលៗ រីឯបងរបស់ ឃិន យុវជន និងយុវនារី ត្រូវបានចាត់តាំងឱ្យទៅធ្វើការងារធ្ងន់ៗ ដូចជាជីកព្រែក ប្រឡាយ និងលើកទំនប់ជាដើម។ ប្រជាជនគ្រប់រូបត្រូវតែមានការងារធ្វើ។ ក្រោយមក ឃិន ត្រូវបានអង្គការចាត់តាំងឱ្យទៅជីកប្រឡាយនៅតំបន់ស្អាង រហូតដល់តំបន់ស្វាយចេក ដោយក្នុងមួយក្រុមមានសមាជិក ១០នាក់។ អង្គការកំណត់ផែនការឱ្យជីកប្រឡាយដែលមានជើងទេរ និងរាងជាខ្នងអណ្តើក ដើម្បីអាចប្រើប្រាស់ជាផ្លូវដើរ និងផ្លូវដឹកជញ្ជូន។ គាត់ និងសមាជិកក្រុមត្រូវជីកប្រឡាយតាំងពីម៉ោង ៣ទៀបភ្លឺ រហូតដល់ម៉ោង ៥ល្ងាច។ ឃិន ក៏ត្រូវបានចាត់តាំងឱ្យទៅលើកប្រព័ន្ធភ្លឺស្រែផងដែរ។ នៅរដូវ​វស្សា ឃិន ត្រូវបានចាត់តាំងឱ្យទៅភ្ជួរស្រែ។ ក្នុងមួយថ្ងៃ គាត់ និងសមាជិកក្រុម ១០នាក់ ត្រូវបំពេញការងារលើផ្ទៃដីប្រមាណ ៥ហិកតា។ បន្ទាប់ពីភ្ជួររួច សមាជិកក្រុមទាំងអស់ក៏ត្រូវទៅជួយស្ទូងស្រូវថែមទៀតផង។ ចំពោះរបបអាហារវិញ ឃិន និងសមាជិកកងចល័តទទួលបានបាយ ឬបបរ ២ពេលក្នុង ១ថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។

ជាងនេះទៅទៀត នៅក្នុងរបបខ្មែរក្រហម ឃិន ក៏បានឃើញសកម្មភាពបំផ្លាញសាសនាផងដែរ។ គាត់បានឃើញផ្ទាល់ភ្នែកថា ឈ្លបខ្មែរក្រហមបានប្រើប្រជាជនឱ្យវាយបំផ្លាញពុទ្ធបដិមា និងព្រះវិហារនៅក្នុងវត្តសំរោងពេជ្រ (វត្តពពារ) ព្រមទាំងយកបរិវេណវត្តធ្វើជាសហករណ៍ និងដាក់ស្តុកស្រូវ​អង្ករ​។ ចំណែកព្រះសង្ឃត្រូវបានខ្មែរក្រហមចាប់ផ្សឹកតាំងពីពួកគេចាប់ផ្តើមគ្រប់គ្រងប្រទេសដំបូងមកម្លេះ។

នៅចុងរបបខ្មែរក្រហម ឃិន ត្រូវបានជម្លៀសទៅដល់តំបន់ទន្លេខ្ពប់។ បន្ទាប់ពីរស់នៅទីនោះបានមួយរយៈពេល គាត់បានត្រឡប់មករស់នៅស្រុកកំណើតវិញ នៅពេលរបបខ្មែរក្រហមបានដួលរលំ។ បច្ចុប្បន្ន គាត់ប្រកបរបរជាកសិករ និងមានអាសយដ្ឋាននៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយមានជំងឺក្រពះពោះវៀន និងជំងឺសន្លាក់ដៃជើង៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin