ខ្ញុំមិនបានចូលរៀនដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ រាជ ដានី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ដានី ជាស្រ្តីមេម៉ាយ បន្ទាប់ពីប្តីឈ្មោះ កើត សាភឿន បានស្លាប់កាលពីជាង១០មុន ដោយសារជំងឺ។
ដានី បាននិយាយប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា ពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តមសីហនុ គាត់រស់នៅស្រុកកំណើតឯខេត្តស្វាយរៀង។ ពេលនោះក្នុងខេត្តមានការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិក ជាញឹកញាប់ជាពិសេសនៅពេលយប់ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ វត្ត មន្ទីរពេទ្យ សាលារៀន ព្រមទាំងបានសម្លាប់ជីវិតមនុស្ស សត្វ។ ពូរបស់ ដានីឈ្មោះ សឹង យ៉ា បានមើលថែ និងនាំទៅលាក់ខ្លួនក្នុងជម្រកក្រោមដីដើម្បីគេចពីការទម្លាក់គ្រាប់បែក។
ដានី បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហមគាត់ នៅវ័យកុមារអាយុប្រហែល១០ឆ្នាំ ដោយនៅមិនទទួលបានការសិក្សាអប់រំត្រឹមត្រូវទេ។ ខ្មែរក្រហមបានឲ្យគាត់ទៅរស់នៅរួម ធ្វើការរួម និងហូបរួមនៅក្នុងសហករណ៍។ ដានី និងគ្រួសារត្រូវបានជម្លៀសឲ្យចេញពីស្រុកកំណើតឲ្យរស់នៅក្នុងស្រុកផ្សេងៗក្នុងខេត្ត។ គាត់ត្រូវបានប្រើឲ្យមើលក្របី និងដំាបន្លែសម្រាប់ផ្គត់ផ្គង់ក្នុងសហករណ៍រោងបាយ។ នៅសហករណ៍ចេកខាងត្បូង ដានី ធ្លាប់ត្រូវបានខ្មែរក្រហមចាប់ចងដោយសារតែគាត់ និងប្អូនបានលួចដកដំទ្បូងហូបដោយសារតែឃ្លានខ្លាំងពេក ប៉ុន្តែដោយសារគេឃើញគាត់នៅតូចៗ គេមិនបានធ្វើបាបទេ នៅពេលល្ងាច ដានី និងប្អូនត្រូវបានឲ្យត្រឡប់ទៅវិញ។ ដានី ជាញឹកញាប់ត្រូវបានខ្មែរក្រហមជម្លៀសពីភូមិមួយទៅភូមិមួយ ក្នុងខេត្តស្វាយរៀង។
ក្នុងសម័យខ្មែរក្រហម ដានី បានបាត់បង់សមាជិកគ្រួសារចំនួន៣នាក់ដោយសារតែអត់អាហារ ជំងឺ និងត្រូវបានគេនាំយកទៅសម្លាប់រួមមាន៖ ឪពុកឈ្មោះ រាជ ជឹម ប្អូនប្រុស ឈ្មោះ រាជ ជា និងពូឈ្មោះ សឹង យ៉ា។ ដានី ធ្លាប់បានឃើញខ្មែរក្រហមនាំប្រជាជនយកទៅសម្លាប់ នៅវត្តចារ ស្រុកស្វាយជ្រំ។ នៅទីនេះមានឈ្មោះ តូច ហុន និង តា គូ ធ្វើជាប្រធាន។ នៅពេលវៀតណាម ចូលមករំដោះប្រទេសកម្ពុជា គេនៅតែបន្តជម្លៀស ដានី និងគ្រួសារពីកន្លែងមួយមួយទៅកន្លែងមួយទៀតក្នុងខេត្ត។ ដានី បានដឹងព័ត៌មានថា ខ្មែរក្រហមបានប្រជុំគ្នាបំរុងនាំប្រជាជនដែលជម្លៀសទាំងអស់យកទៅសម្លាប់ ប៉ុន្តែសំណាងល្អគាត់អាចរស់រានមានជីវិត ពេលដែលកងទ័ពខ្មែរក្រហមដកថយពីខេត្ត។
ក្រោយថ្ងៃរំដោះ៧មករា ឆាំ្ន១៩៧៩ ដានី និងគ្រួសារបាននាំគ្នាដើរ និងជញ្ជូនសម្ភារៈដូចជា រទេះគោ ក្របី ត្រលប់មករស់នៅភូមិកំណើតវិញរហូតដល់សព្វថ្ងៃ។
ដានី បានរៀបការនៅឆ្នាំ១៩៨០។ បច្ចុប្បន្ន ដានី មានជំងឺប្រចាំកាយដូចជា ជំងឺក្រពះពោះវៀន និងជំងឺឫសដូងបាត។
សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង