លិឍជីធ្វើពីលាមក

(កណ្ដាល)៖ មាស សម្បត្តិ ភេទស្រី មានអាយុ ៥២ឆ្នាំ និងជាកសិកររស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្បត្តិ មានភូមិកំណើតនៅភ្នំជាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្បត្តិ មានបងប្អូនចំនួនប្រាំនាក់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សម្បត្តិ ពីខេត្តកំពង់ស្ពឺទៅរស់នៅខាងសាលាក្រហម ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ម្ដាយរបស់សម្បត្តិបានប្រមូលសម្លៀកបំពាក់ និងលិខិតស្នាមរបស់ប្តី ដែលបញ្ជាក់ថាគាត់ជាទាហាន លន់ នល់ ទៅកប់ចោល។ ពេលទៅដល់ខេត្តបាត់ដំបង ម្តាយរបស់សម្បត្តិ ត្រូវខ្មែរក្រហមសួរនាំពីពីប្រវត្តិរបស់ខ្លួននិងប្តី ហើយគាត់ បានប្រាប់ខ្មែរក្រហមថា ប្តីរបស់គាត់ជាអ្នកនេសាទ។ ខ្មែរក្រហម មានការសង្ស័យដោយសារម្ដាយរបស់សម្បត្តិមានសម្បុរស និងជាប្រជាជនថ្មី។ សម្បត្តិ បន្ដថា ដោយសារប្រជាជនមូលដ្ឋាននៅទីនោះ ចិត្តល្អ និងជួយលាក់ប្រវត្តិរូបរបស់គ្រួសារគាត់ ទើបឪពុកម្ដាយរបស់គាត់ រួចផុតពីការសម្លាប់ដោយខ្មែរក្រហម។
ខ្មែរក្រហមបានចាត់តាំងឲ្យ សម្បត្តិ ធ្វើការនៅក្នុងកងកុមារ ដោយគាត់ត្រូវទៅកាប់និងចិញ្ច្រាំទន្ទ្រានខេត្ត, រែកអាចម៍គោ ឬលាមក និងលាយជី។ ក្នុងមួយថ្ងៃ សម្បត្តិ ត្រូវកាប់និងជញ្ជូនទន្ទ្រានខេត្តឲ្យបានពីប្រាំបីទៅប្រាំបួនដុំ។ បន្ទាប់ពីលាយរួច ខ្មែរក្រហមបានបញ្ជាឲ្យ សម្បតិ្ត លិឍ(ភ្លក់)ជីទាំងនោះ។ អ្នកមិនភ្លក់ជី នឹងត្រូវខ្មែរក្រហមវាយដំ។ បន្ទាប់ពីភ្លក់រួច សម្បត្តិ ត្រូវយកកណ្ដាប់ស្រូវជ្រលក់ជាមួយជីនោះ។ សម្បតិ្ត លើកឡើងថា “ខ្ញុំអាយុ៥ឆ្នាំ តែពិបាកណាស់”។
នៅពេលយប់ សម្បត្តិ ត្រូវសម្រាកនៅការដ្ឋាន។ ជួនកាល បងស្រីរបស់សម្បត្តិ បានលួចនាំគាត់ទៅជួបឪពុកម្ដាយនៅពេលយប់អធ្រាត្រ។ សម្បត្តិ ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយទទួលបានតែបបរមួយវែកប៉ុណ្ណោះ។ ប្រសិនបើ សម្បត្តិ ទៅរោងបាយមិនទាន់ គាត់នឹងគ្មានអ្វីហូបនោះទេ។
សម្បតិ្ត ចងចាំថា នៅរបបខ្មែរក្រហម គាត់បានលួចមើលពីគុម្ពឈើ ដោយឃើញខ្មែរក្រហមចាប់បោកកូនក្មេងនឹងគល់ឈើ និងបោះចូលទឹក។ ក្រៅពីនេះ សម្បត្តិ បន្តថា ខ្មែរក្រហមបានចងខ្សែ និងបណ្តើរប្រជាជនទៅសម្លាប់ដោយវាយនិងត្បូងចប ឬកាំភ្លើង មុនទម្លាក់ចូលរណ្ដៅ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់សម្បត្តិ ដែលរស់រានមានជីវិតបានធ្វើដំណើរឆ្លងកាត់ភ្នំតូចភ្នំធំ និងត្រលប់មកខេត្តកំពង់ស្ពឺវិញ៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

