ចង់ឱ្យប្រជាជនថ្មីធ្វើការរហូតដល់ស្លាប់ដោយខ្លួនឯង

(តាកែវ)៖ ប៉ាន់ ប៉ុន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងយោង ឃុំពារាម បច្ចុប្បន្នរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ប៉ុន មានប្រពន្ធឈ្មោះ ប៉ាន់ រី។ ជំងឺប្រចាំកាយទាំងនោះរួមមានការឈឺសន្លាក់ដៃជើង ចុកចាប់តាមរាងកាយ ជំងឺលើសឈាម លើសជាតិស្ករ និងលើសជាតិអាស៊ីត។
ក្នុងអំឡុងឆ្នាំ១៩៧០ ប៉ុន ត្រូវបង្ខំចិត្តភៀសខ្លួនជាញឹកញាប់ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ដើម្បីរក្សាសុវត្ថិភាព ប៉ុន បានសម្រេចចិត្តចូលសាងផ្នួសជាសង្ឃបានរយៈពេលបីខែ បន្ទាប់មកសម្រេចចិត្តលាចាកសិក្ខាបទវិញដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ។
នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច ប៉ុន មានអាយុ២២ឆ្នាំ។ នៅពេលនោះខ្មែរក្រហមបានជម្លៀស ប៉ុន រួមទាំងប្រជាជនដទៃទៀតចេញពីទីក្រុងភ្នំពេញ។ ក្រោយពេលធ្វើដំណើរពីភ្នំពេញត្រឡប់មកដល់ស្រុកកំណើតបានតែពីរថ្ងៃ ប៉ុន ត្រូវបានអង្គការចាត់ទុកជាប្រជាជនថ្មី និងត្រូវបានចាត់តាំងឱ្យចូលក្នុងកងចល័តឃុំ រួចបន្តទៅកងចល័តស្រុក។ ជីវិតក្នុងកងចល័តគឺជាការធ្វើទារុណកម្មផ្នែកកម្លាំងបាយយ៉ាងធ្ងន់ធ្ងរ។
ប៉ុន ធ្វើការមិនសូវមានពេលសម្រាកនោះទេ រដូវប្រាំងគាត់ត្រូវជីកព្រែក និងគាស់គល់ឈើធំៗ ចំណែករដូវវស្សាលើកប្រព័ន្ធភ្លឺ និងរែកកណ្តាប់។ ការងារចាប់ផ្តើមតាំងពីព្រលឹមទល់យប់អាធ្រាត្រ ហើយជារឿយៗអង្គការតែងតែដាស់ហៅឱ្យទៅប្រជុំទាំងយប់ ទោះបីជាទើបតែបានសម្រាកពីការងារនៅម៉ោង៩យប់ក្ដី។ ប៉ុន បាននិយាយថា៖ «គោលបំណងរបស់ខ្មែរក្រហមគឺចង់ឱ្យប្រជាជនថ្មីធ្វើការរហូតដល់ស្លាប់ដោយខ្លួនឯង ដើម្បីកុំឱ្យពិបាកយកទៅសម្លាប់ចោល»។
របបអាហារក្នុងរបបខ្មែរក្រហមការខ្វះខាតយ៉ាងខ្លាំង។ ប៉ុន មិនដែលមានឱកាសបានបរិភោគបាយឆ្អែតឡើយ ដោយអង្គការផ្តល់ឱ្យត្រឹមតែបបររាវៗដែលលាយជាមួយពោត ឬដំឡូងតែប៉ុណ្ណោះ។ ពេលខ្លះការងារមមាញឹកខ្លាំងពេករហូតដល់ម៉ោង១២ ឬម៉ោង១ថ្ងៃត្រង់ ទើបត្រូវបានអនុញ្ញាតឱ្យបរិភោគ។ នៅពេលដែលត្រូវទៅធ្វើការនៅភូមិកោះឫស្សី ស្រុកអង្គរបុរី ប៉ុន ត្រូវរង់ចាំរហូតដល់ម៉ោង៣ភ្លឺ ទើបបានបរិភោគបាយល្ងាច។ ដើម្បីរស់រានមានជីវិត ប៉ុន ត្រូវលួចដកក្រអៅឈូក រាវលៀស និងខ្យងយកមកបរិភោគបន្ថែម។
បញ្ហាសុខភាពក្នុងរបបខ្មែរក្រហមគឺជាបញ្ហាមួយដែលប្រឈមនឹងសេចក្តីស្លាប់។ ថ្នាំដែលប្រើប្រាស់មានតែឫសឈើ និងសំបកឈើដែលយកមកកិនធ្វើជាថ្នាំគ្រាប់ ឬដាំទឹកហូបតាមបែបបុរាណ ដោយគ្មានថ្នាំនាំចូលពីបរទេសឡើយ។ ប៉ុន មិនហ៊ានឈប់សម្រាកឈឺច្រើនដងទេ ព្រោះខ្លាចអង្គការចោទថាជាមនុស្សមានជំងឺសតិអារម្មណ៍ ឬខ្ជិលច្រអូសមិនចង់ធ្វើការ ដែលអាចឈានទៅដល់ការយកទៅវាយសម្លាប់។
ការបាត់បង់សមាជិកគ្រួសារគឺជាដំបៅក្នុងចិត្តរបស់ ប៉ុន។ សាច់ញាតិជិតដិតជាច្រើន រួមមានមីង និងបងប្អូនជីដូនមួយរបស់គាត់ ត្រូវបានសម្លាប់ស្ទើរតែទាំងអស់ ដោយសារអ្នកទាំងនោះគឺជា គ្រូបង្រៀន និងគ្រូពេទ្យ។ ប៉ុន បានប្រាប់ថា គាត់បានរៀបការនៅមុនពេលរបបខ្មែរក្រហមដួលរលំប្រហែល៣ខែ។ ប៉ុន បាននិយាយថា មូលហេតុដែលអង្គការអនុញ្ញាតឱ្យប្រជាជន១៧មេសា រៀបការបាននៅពេលនោះ គឺដោយសារខ្មែរក្រហមដឹងថាស្ថានភាពរបស់ខ្លួនកំពុងតែដុនដាបខ្លាំង។
ក្រៅពីការធ្វើបាបមនុស្ស ខ្មែរក្រហមបានបំផ្លិចបំផ្លាញសាសនា និងវប្បធម៌យ៉ាងធ្ងន់ធ្ងរ។ អង្គការបានបង្ខំឱ្យកងយុវជន១៧មេសា វាយកម្ទេចព្រះវិហារ និងវត្តអារាម ដើម្បីយកដែកមកធ្វើដែកគោលសម្រាប់សាងសង់ស្ពាន យកឈើមកធ្វើជាអុសដុត និងយកថ្មមកប្រើប្រាស់ក្នុងសំណង់ផ្សេងៗ។ ប៉ុន មិនបានចូលរួមក្នុងសកម្មភាពបំផ្លាញទាំងនោះទេ ដោយសារត្រូវអង្គការបញ្ជាឱ្យទៅធ្វើស្រែនៅឆ្ងាយ។ ព្រះសង្ឃគ្រប់ព្រះអង្គត្រូវបានបង្ខំឱ្យសឹក រួចបញ្ជូនទៅធ្វើទ័ពសម្រាប់អ្នកដែលមានវ័យក្មេង ចំណែកអ្នកដែលមានអាយុពី៥០ ទៅ៦០ឆ្នាំ ត្រូវបង្ខំឱ្យដាំបន្លែ និងធ្វើការងារស្រាលៗដូចជាការធ្វើបង្គីជាភារកិច្ចជំនួសវិញ។
ប៉ុន បានចាត់ទុករបបខ្មែរក្រហមគឺជាសម័យកាលនៃទុក្ខវេទនាបំផុតដែលមិនចង់ឱ្យកើតមានម្តងទៀតឡើយ៕
សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

