ចាន់ លាក់៖ មាននាទីជាប្រធានកង

(តាកែវ)ចាន់ លាក់ អាយុ៧៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លាក់ បានរៀបការកាលពីសង្គមចាស់ ហើយប្រពន្ធរបស់គាត់មានទម្ងន់កូនម្នាក់ក្នុងរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម លាក់ មាននាទីជាប្រធានកង ចាត់ចែងការងារឲ្យប្រជាជនធ្វើ។ ជាញឹកញាប់ លាក់ បានទៅទទួលការងារពីកម្មាភិបាលខាងលើ រួចយកទៅបែងចែកឲ្យសមាជិកក្រុមធ្វើ និងនៅមើលការខុសត្រូវនៅកន្លែងធ្វើការ។ ចំពោះ លាក់ មិនអាចធ្វើការងារធ្ងន់ៗនោះទេ ព្រោះគាត់មានជំងឺហឺតហត់ប្រចាំកាយ។ ប៉ុន្តែ លាក់ នៅតែត្រូវធ្វើការតាមកម្លាំង ឬរកត្រីដាក់សហករណ៍ ព្រោះប្រជាជនក្នុងសម័យនោះត្រូវកសាងខ្លួនដូចគ្នាដោយមិនប្រកាន់ប្រធានកង ឬសមាជិកក្រុមទេ ហើយអង្គការបានធ្វើការតាមដានដូចគ្នា។

លាក់ បានឲ្យដឹងថា សមាជិកក្រុមរបស់គាត់ និងប្រជាជនផ្សេងទៀត ធ្វើការងារលំបាកណាស់ ប៉ុន្តែមិនមានអ្នកមករាយការណ៍ ឬត្អួញត្អែឲ្យគាត់ដឹងនោះទេ ព្រោះខ្លាចអង្គការចាប់យកទៅសម្លាប់។ លើសពីនេះ ប្រជាជនត្រូវរស់នៅដោយការអត់ឃ្លាន ព្រោះអង្គការផ្ដល់ត្រឹមបបរបន្តិចបន្តួច ហើយអំបិលក៏មិនគ្រប់គ្រាន់ដែរ។ ចំណែកសម្លៀកបំពាក់ លាក់ បានឲ្យដឹងថាមិនខ្វះនោះទេសម្រាប់គាត់ ព្រោះអង្គការបានយកខោអាវរបស់អ្នកដែលអង្គការសម្លាប់រួចមកឲ្យគាត់ ឬប្រធានកងផ្សេងទៀតសម្រាប់ចែកប្រជាជនសមាជិកក្រុម ឬចែកតាមផ្ទះ។ ប៉ុន្តែសមាជិកក្រុមរបស់គាត់ និងប្រជាជនជាច្រើន មិនមានសម្លៀកបំពាក់ច្រើនសម្រាប់ផ្លាសប្ដូរដែរ ព្រោះខោអាវចាស់ៗដែលចែកនេះគឺមានចំនួនកំណត់សម្រាប់ឲ្យគ្រប់គ្នា។

នៅចុងឆ្នាំ១៩៧៨ ប្រពន្ធរបស់លាក់ បានសម្រាលកូននៅក្នុងសហករណ៍ ប៉ុន្តែ លាក់ មិនបាននៅមើលថែប្រពន្ធកូនរបស់គាត់នោះទេ ព្រោះអង្គការបានចាត់តាំងឲ្យគាត់ដឹកអាហារទៅការដ្ឋាននៅអន្លង់ទាន។ ប៉ុន្តែនៅពេលធ្វើដំណើរដល់ភ្នំដារ លាក់ បានសម្រេចចិត្តត្រលប់មកសហករណ៍វិញ បន្ទាប់ពីបានឃើញយោធារបួសជាច្រើននាក់ និងការផ្លោងគ្រាប់បែក។ ពេលមកដល់ផ្ទះ លាក់ បានបររទេះដែលបានត្រៀមទុក រួចនាំប្រពន្ធដែលទើបបង្កើតកូន និងទម្លាក់ចង្ក្រានរួចធ្វើដំណើរទៅសម្រាកនៅអង្គអេ ក្បែរភ្នំជីសូររយៈពេលពីរយប់។ នៅពេលធ្វើដំណើរ លាក់ និងប្រជាជន បានយកស្បៀងនៅលើរទេះ និងសម្ភារប្រើប្រាស់ដើម្បីចម្អិនអាហារចែកគ្នាហូបគ្រប់គ្រាន់។

នៅថ្ងៃបន្ទាប់ លាក់ និងប្រជាជនបានធ្វើដំណើរទៅដល់អង្គអណ្ដែត និងសម្រាកនៅទីនោះមួយយប់ ស្រាប់តែមានការផ្លោងគ្រាប់បែក និងផ្ទុះអាវុធខ្លាំងកើតឡើង ហើយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមធ្វើដំណើរទៅទាន់ និងប្រាប់ឲ្យប្រជាជនត្រលប់មកផ្ទះរបស់ខ្លួនវិញ។ នៅពេលផ្ដល់បទសម្ភាសន៍ លាក់ មានជំងឺ របួសដៃរ៉ាំរ៉ៃ, ក្រពះ, សួត, វិលមុខ និងអស់កម្លាំងជាញឹកញាប់។ ដើម្បីព្យាបាលជំងឺ លាក់ បានទិញថ្នាំពីពេទ្យឯកជននៅក្នុងភូមិលេប និងហូបថ្នាំខ្មែររួមផ្សំបន្តិចបន្តួច។

សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin