ណុប យ៉ន៖ ជីវិតសាច់ញាតិនៅភូមិទ្រា

(កណ្ដាល)៖ ណុប យ៉ន ភេទប្រុស មានអាយុ ៧១ឆ្នាំ។ យ៉ន ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ន មានភូមិកំណើតនៅភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ន មានបងប្អូនចំនួន៥នាក់។
នៅរបបសង្គមរាស្ត្រនិយម យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី៨ (សង្គមចាស់) និងក្រោយមកគាត់បួស។ មិនយូរប៉ុន្មាន ឪពុកម្ដាយរបស់យ៉ន បានស្លាប់ដោយសាររោគាពាធ។ នៅឆ្នាំ១៩៧០ យ៉ន បានចូលធ្វើទាហានផ្នែកអាកាសចរណ៍ ដោយគាត់ត្រូវយាមយន្តហោះ នៅអាកាសយានដ្ឋានពោធិ៍ចិនតុង ហើយគាត់ក៏ត្រូវទៅយាមនៅខេត្តកំពង់ចាមដែរ។ នៅរបប លន់ នល់ យ៉ន មានបងប្អូនចំនួន២នាក់ធ្វើទាហាន លន់ នល់ដូចគាត់ដែរ។ បន្ទាប់មក យ៉ន បានរៀបការនៅពោធិ៍ចិនតុង និងមានកូនម្នាក់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀស យ៉ន ទៅរស់នៅភូមិស្វាយ ជិតវត្តពោយ្យំ។ ខ្មែរក្រហមប្រកាសថា អង្គការជម្លៀសប្រជាជនទៅភូមិកំណើតវិញ ដើម្បីបង្កបង្កើនផល។ ប៉ុន្តែនៅពេលជម្លៀស ខ្មែរក្រហមវ័យក្មេង បានយកកាំភ្លើងមកភ្ជង់ប្រជាជន និងបង្ខំឲ្យចាកចេញពីទីក្រុង។ យ៉ន និយាយថា អ្នកដែលមានកង់ជិះក៏ខ្មែរក្រហមមិនឲ្យជិះដែរ ដោយត្រូវបណ្តើរកង់។ យ៉ន បានឃើញសាកសពប្រជាជនជាច្រើននៅតាមផ្លូវ។
នៅពេលទៅដល់ភូមិស្វាយ ឪពុកក្មេករបស់យ៉ន បានប្រាប់ឲ្យគាត់យកប្រវត្តិរូបទៅលាក់ និងដុតចោលទាំងអស់ ដោយសារឪពុកក្មេករបស់គាត់ខ្លាចខ្មែរក្រហមយកគាត់ទៅសម្លាប់។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានតាមដាន យ៉ន នឹងចោទថាគាត់ធ្លាប់ធ្វើជាទាហាន និងមានសក្តិបី។ ប៉ុន្តែដោយសារមានប្រជាជនចាស់ជួយលាក់ប្រវត្តិរូបរបស់គាត់ ទើបខ្មែរក្រហមគ្មានភ័ស្តុតាងណាបន្ថែមដើម្បីអាចបញ្ជាក់បានថា យ៉ន ជាទាហាន។ យ៉ន និយាយថា តាមការពិត គាត់គ្រាន់តែមានឋានៈជាសែប(Chief)ប៉ុណ្ណោះ មិនមែនសក្តិបីដូចខ្មែរក្រហមចោទនោះទេ។
យ៉ន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ យ៉ន ត្រូវទៅធ្វើការក្នុងកងចល័តនៅភូមិស្វាយ ដោយគាត់ត្រូវដកស្ទូង និងរែកកណ្ដាប់ស្រូវ។ បន្ទាប់មក ខ្មែរក្រហមចាត់តាំងឲ្យយ៉ន មកកាន់កងស្រួចនៅម្តុំវត្តទ្រនុំជ្រឹង ដែលមានសមាជិកក្រុម៩នាក់។ យ៉ន ត្រូវលីសែងអង្ករយកទៅដាក់លើរថយន្ត ដោយក្នុងរយៈពេលតែពីរទៅបីថ្ងៃ ក្រុមរបស់គាត់ត្រូវសែងអង្ករជាង៩៩០០ថាំង។ យ៉ន ឃើញសុទ្ធតែចេស, ម្ជុល និងម៉ាស៊ីនបូមទឹក នៅពេលរថយន្តដឹកអង្ករនោះត្រលប់មកវិញ។
នៅពេលហូបអាហារថ្ងៃត្រង់ យ៉ន បាននិយាយទាំងមិនពេញចិត្តពីកម្មាភិបាលខ្មែរក្រហមថា “មើលគាត់ហា៎ គាត់ហូបទាំងកាធុនៗ យើងបីវែករាវកក្លូក”។ នៅពេលល្ងាចឡើង យ៉ន ត្រូវបានខ្មែរក្រហមចាប់ចង និងកសាង។ ខ្មែរក្រហមបានប្រាប់សមាជិកក្នុងក្រុមដទៃថា “កុំឲ្យយកតម្រាប់តាមមិត្តយ៉ន ដែលហ៊ានថាឲ្យកម្មាភិបាល”។ យ៉ន ត្រូវធ្វើការទាំងមានជំងឺ ដូចជាជីកប្រឡាយ និងជីកព្រែក។ យ៉ន និយាយថា នៅរបបខ្មែរក្រហម ប្រសិនបើគាត់មិនទៅធ្វើការ ខ្មែរក្រហមនឹងចោទគាត់ថា មានជំងឺសតិអារម្មណ៍។
នៅឆ្នាំ១៩៧៩ យ៉ន ដែលរស់រានមានជីវិតពីរបបខ្មែរក្រហមបានត្រលប់មករស់នៅភូមិកំណើតវិញ។ ក្រោយមក យ៉ន ធ្វើជាប្រធានភូមិអស់មួយរយៈ ហើយគាត់មានកូនទាំងអស់ចំនួន៦នាក់។ ជាចុងក្រោយ យ៉ន បានដឹងតាមរយៈប្អូនរបស់គាត់ថា មូលហេតុនៃការសម្លាប់នោះ គឺប្អូនជីដូនមួយរបស់គាត់ ដែលធ្វើជាមេកងខ្មែរក្រហមបានប្រមូលយកមាសនិងសម្ភារមានតម្លៃពីគ្រួសារជាប់ខ្សែស្រឡាយចិនអំឡុងពេលជម្លៀស និងលាក់ទុក។ ក្រោយមក ខ្មែរក្រហមបានដឹង និងបញ្ជាឲ្យយកសាច់ញាតិរបស់គាត់ស្ទើរទាំងអស់នៅភូមិទ្រាទៅសម្លាប់។ យ៉ន និយាយថានៅសល់តែ៣ទៅ៤គ្រួសារប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត។ យ៉ន បន្តថា “បងប្អូនមីងមាខ្ញុំ ម៉ាភូមិទ្រាហ្នឹង ប៉ុល ពត វ៉ៃចោលទាំងអស់” រួមទាំងប្អូនបង្កើតរបស់យ៉ន ចំនួន២នាក់ដែលជាអតីតទាហាន លន់ នល់៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦

