ការរៀបការនៅក្នុងរបបខ្មែរក្រហម

(សៀមរាប)៖ យស់ សាវ៉ាត អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងខេត្តបាត់ដំបង ធ្វើឱ្យរងការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងបណ្តាលឱ្យប្រជាជនមួយចំនួនបាត់បង់ជីវិត។ បន្ទាប់ពីការទម្លាក់គ្រាប់បែករៀងស្ងប់ស្ងាត់ សាវ៉ាត បានឃើញក្រុមគ្រូពេទ្យសែងសាកសពអ្នកស្លាប់ ហើយអ្នកខ្លះទៀតរងរបួសស្រាល។ បន្ទាប់ពីការទម្លាក់គ្រាប់បែកមានភាពស្ងប់ស្ងាត់ ប្រជាជនបានរស់នៅ និងប្រកបរបរតាមធម្មតា។ រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកគ្រប់គ្រងអំណាចទូទាំងប្រទេស។

នៅឆ្នាំ១៩៧៥ សាវ៉ាត មានអាយុ១២ឆ្នាំ។ ខ្មែរក្រហម បានចាត់តាំងឱ្យ សាវ៉ាត ធ្វើការងារនៅក្នុងកងកុមារ។ សាវ៉ាត ត្រូវជម្លៀសឱ្យទៅធ្វើការងារជាច្រើនកន្លែង ហើយនៅអំឡុងពេលនោះដែរខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ សាវ៉ាត មកខេត្តសៀមរាម។ សាវ៉ាត បាននិយាយថា ការរស់នៅក្នុងរបបខ្មែរក្រហម គឺទទួលរងទុក្ខលំបាកច្រើន ទាំងការស្នាក់នៅ ការហូបចុក និងការធ្វើការងារ។ របបអាហារដែល សាវ៉ាត ទទួលបានគឺពីរពេលក្នុងមួយថ្ងៃ ហើយរបបអាហារមានតែបបរមួយចានតូចប៉ុណ្ណោះ ដែលមានសុទ្ធតែទឹក ចំណែកគ្រាប់បបរមានត្រឹមតែពីរទៅបីគ្រាប់។ ភាពកង្វះអាហារបានបណ្ដាលឱ្យ សាវ៉ាត មិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ការធ្វើការងារ។

សាវ៉ាត បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា គាត់បានរៀបការនៅក្នុងរបបខ្មែរក្រហម ដោយការស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំពីសំណាក់អង្គការឡើយ។ គាត់ក៏បានចែករំលែកពីការរៀបការនៅក្នុងរបបខ្មែរក្រហមបន្ថែម។​ ប្រជាជនមួយចំនួនត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនដែលស្គាល់ ហើយអ្នកខ្លះទៀតត្រូវរៀបការជាមួយទាហានដែលពិការភាព។ នៅពេលនោះមានប្រជាជនមួយចំនួនបានប្រកែកនឹងការរៀបចំរបស់អង្គការ ត្រូវបានឈ្លបចាប់យកទៅសម្លាប់ចោលភ្លាមៗ។ សាវ៉ាត បាននិយាយបន្តទៀតថា នៅក្នុងរបបខ្មែរក្រហម ប្រសិនបើមានស្ត្រីណាផិតប្តីទៅយកប្តីមួយទៀត អង្គការនឹងសម្លាប់ដោយពុះទ្រូងទាំងរស់នៅចំពោះមុខមនុស្សម្នាជាច្រើន។ អង្គការតម្រូវឱ្យស្ត្រីទាំងឡាយអង្គុយមើល មិនឱ្យងាកមុខចេញ ដើម្បីកុំឱ្យយកគំរូតាម។ ប្រសិនបើមានអ្នកហ៊ានងាកមុខចេញ អង្គការនឹងយកស្ត្រីនោះមកសម្លាប់ដូចគ្នា។

រឿងមួយទៀតគឺការសម្លាប់អ្នកមានចំណេះដឹង និងទាហានដែលធ្វើការងារនៅក្នុងរបបលន់ នល់។ គ្រានោះមានការសម្លាប់យ៉ាងរង្គាលស្ថិតនៅភូមិត្រៀក។ គាត់ក៏បានបន្ថែមថា ចំពោះព្រះសង្ឃ ខ្មែរក្រហមមិនឱ្យមានក្នុងវត្តអារាមទេ។ ខ្មែរក្រហមបានចាប់ផ្សឹក និងបញ្ជូនឱ្យទៅធ្វើស្រែ។ ខ្មែរក្រហមគិតថាវាជារឿងឥតប្រយោជន៍ដែលឱ្យអាហារដល់ព្រះសង្ឃ ទាំងដែលមិនបានធ្វើការងារអ្វីសោះ។ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ សាវ៉ាត បានរស់នៅជាមួយប្តី និងម្តាយចាស់ជរា៕

សម្ភាសន៍ដោយ៖ ធី ចាន់ថា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin