ការរៀបការតាមបង្គាប់អង្គការ

(ក្រចេះ)៖ ពុំ ចាន់ណេ អាយុ៦១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ស្ថានភាពសុខភាពបច្ចុប្បន្ន ចាន់ណេ មានជំងឺប្រចាំកាយ ឈឺជង្គង់ និងមានការឈឺចាប់គ្រប់កន្លែងទាំងអស់នៃរាងកាយ។

ផ្អែកតាមការរៀបរាប់របស់ចាន់ណេ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១៧ឆ្នាំ។ ចាន់ណេ ធ្វើការងារនៅក្នុងកងភ័ស្ដុភារ ជាអ្នកជញ្ជូនគ្រាប់កាំភ្លើង។ ការរស់នៅ និងការហូបចុករបស់គាត់មានភាពខុសប្លែកពីប្រជាជនធម្មតា។ គាត់ទទួលបានរបបអាហារចំនួនបីពេលក្នុងមួយថ្ងៃ គឺពេលព្រឹកហូបបបរ ពេលថ្ងៃត្រង់ និងពេលល្ងាចហូបបាយ។ ក្នុងនាមជាអ្នកបម្រើការផ្នែកគ្រាប់កាំភ្លើង ចាន់ណេ អាចហូបចុកបានគ្រប់គ្រាន់ ហើយគាត់មិនបានដឹងថាប្រជាជនរស់នៅតាមសហករណ៍ត្រូវទទួលរងទុក្ខលំបាកអ្វីខ្លះឡើយ។

ការរៀបការក្នុងរបបនោះមានសភាពមិនដូចបច្ចុប្បន្នទេ។ អង្គការបានរៀបចំកម្មវិធីរៀបការម្ដងៗមានមនុស្សចាប់ពី១០ ទៅ១៥គូ ឡើងទៅក្នុងពេលតែមួយ។ ការរៀបការនោះមិនមែនកើតចេញពីការស្រឡាញ់គ្នាទេ គឺអង្គការបង្ខំឱ្យរៀបការ គ្មានការអនុញ្ញាតឱ្យរើសគូស្រករខ្លួនឯងឡើយ។ អង្គការជាអ្នករៀបចំកម្មវិធីទាំងអស់ តាមរយៈការធ្វើពិធីជប់លៀង និងមានការឡើងប្ដេជ្ញាចិត្តបន្តិចបន្តួចរួចបញ្ចប់កម្មវិធីតែម្តង។ បន្ទាប់ពីរៀបការរួចរាល់ គូប្ដី-ប្រពន្ធថ្មីត្រូវទៅធ្វើការដូចធម្មតា។ អង្គការបានចាត់តាំងអ្នកតាមដានគូស្រករទាំងនោះ ប្រសិនមើលឃើញថាមិនចេះសម្រុងគ្នា នឹងចាប់បញ្ជូនទៅដាក់គុក ឬសម្លាប់ចោល។

ពេលត្រឡប់មកស្រុកកំណើតវិញ ចាន់ណេ បានធ្វើដំណើរតាមប្រជាជនដទៃទៀតចេញពីក្នុងព្រៃពីខេត្តកំពង់ឆ្នាំង។ តាមផ្លូវត្រឡប់មកវិញ គាត់បានចូលសម្រាកនៅមន្ទីរពេទ្យមួយឱ្យមានកម្លាំង ទើបគាត់បន្តដំណើរទៅមុខទៀត រហូតមកដល់ព្រែកព្នៅ។ ពេលមកដល់ទីនោះ គាត់ទទួលបានអង្ករ ខោអាវ និងសំពត់ ទើបគាត់បន្តដំណើររហូតមកដល់ស្រុកក្រូចឆ្មា និងបន្តដើររហូតមកដល់ខេត្តក្រចេះ។ ចាន់ណេ បានឃើញប្រជាជនស្លាប់ជាច្រើនព្រោះការអត់ឃ្លាន។ មនុស្សមួយចំនួនបានទុកឪពុកម្តាយចោលតាមផ្លូវ ព្រោះការធ្វើដំណើរមិនកើត។ ក្រោយមក ចាន់ណេ បានមកដល់ខេត្តក្រចេះ និងរស់នៅជាមួយនឹងគ្រួសាររបស់គាត់វិញ៕

សម្ភាសន៍ដោយ៖ ប៉ឹល មុនថាន ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin