ជីករណ្ដៅកប់ខ្លួនឯង

(ក្រចេះ)៖ គង់ ហន មានអាយុ៨៦ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

នៅក្នុងរបបខ្មែរក្រហម ហន មានទីលំនៅតាមបណ្ដោយមាត់ទន្លេ។ ជីវិតរស់នៅនាពេលនោះមានការលំបាកយ៉ាងខ្លាំងបំផុត។ ហន ត្រូវបំពេញការងារជាទម្ងន់ជារៀងរាល់ថ្ងៃសឹងតែគ្មានពេលសម្រាក។ ការងារប្រចាំថ្ងៃគឺ ហន ត្រូវរែកដីទាំងយប់ព្រមទាំងពេលថ្ងៃ ហើយក្រោយមកគាត់ត្រូវបានចាត់តាំងជាកងឈ្លបប្រចាំមូលដ្ឋាន។

របបអាហារដែលទទួលបាននៅក្នុងរបបខ្មែរក្រហម មានភាពខ្វះខាតខ្លាំង។ ប្រជាជនគ្រប់រូបទទួលបានត្រឹមតែបបររាវៗបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់រាងកាយ។ ជារៀងរាល់ថ្ងៃ ពេលឮសំឡេងជួងបន្លឺឡើង ប្រជាជនត្រូវប្រញាប់ប្រញាល់ចេញទៅធ្វើការងារ។ ប្រសិនបើជនណាម្នាក់ហ៊ានបដិសេធមិនព្រមចេញទៅធ្វើការតាមការចាត់តាំង ជននោះនឹងត្រូវទទួលរងការគំរាមកំហែងមិនខានឡើយ។ ហន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ទោះបីជាប្រជាជនខិតខំដាំដុះដំណាំ បន្លែផ្លែឈើផ្សេងៗយ៉ាងណាក្តី អង្គការដាច់ខាតមិនអនុញ្ញាតឱ្យនរណាម្នាក់បរិភោគផលដំណាំទាំងនោះឡើយ។

ហន បានបន្ថែមថានៅក្នុងរបបនោះ កុមារតូចៗមិនមានសិទ្ធិទទួលបានការសិក្សាទេ ផ្ទុយទៅវិញកុមារតូចៗត្រូវរងការកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ។ កុមារតូចៗទាំងនោះត្រូវមេកងចាត់តាំងឱ្យចិញ្ច្រាំដើមទន្ទ្រានខែត្រសម្រាប់យកទៅធ្វើជីដាក់បំប៉នដំណាំស្រូវ។ ចំណែក ហន ត្រូវបំពេញការងារធ្ងន់ធ្ងរជាច្រើនដូចជាការជីកកប់ដី លើកទំនប់។

ចំពោះការរៀបអាពាហ៍ពិពាហ៍ មានភាពខុសប្លែកពីសម័យបច្ចុប្បន្ន។ ការរៀបការគូខ្លះកើតចេញពីការស្ម័គ្រចិត្ត ចំណែកគូខ្លះទៀតគឺជាការចាប់បង្ខំពីថ្នាក់លើ។ បើមានចិត្តស្រឡាញ់នរណាម្នាក់ ត្រូវតែរាយការណ៍ប្រាប់មេកងជាដាច់ខាត។ ប្រសិនលាក់បាំងមិនព្រមប្រាប់ អង្គការនឹងរៀបចំផ្សំផ្គុំជាមួយអ្នកផ្សេងភ្លាមៗ។ ពិធីរៀបការម្តងៗមានចំនួនចាប់ពី៥ទៅ១០គូ។ កម្មាភិបាលព្រមទាំងប្រជាជនពីរ ឬបីនាក់ បានដើរតួជាមេបាចូលរួមដឹងឮមិនមានមនុស្សច្រើនចូលរួមឡើយ។ ក្រោយពេលរៀបការរួច គូស្វាមីភរិយាខ្លះមានសំណាងបានរស់នៅជុំគ្នា ចំណែកគូខ្លះទៀតត្រូវបែកបាក់ព្រាត់ប្រាស់គ្នាទៅតាមការជម្លៀសរបស់អង្គការ។

រឿងរ៉ាវដ៏គួរឱ្យរន្ធត់បំផុតមួយទៀត ហន បានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពនូវការសម្លាប់មនុស្សរបស់ខ្មែរក្រហម។ មេកងបានចាត់តាំងឱ្យ ហន ទៅមើលការសម្លាប់នោះ ព្រមទាំងប្រាប់ថាជនរងគ្រោះទាំងនោះជាខ្មាំង។ តាមការពិត ជនរងគ្រោះទាំងអស់នោះសុទ្ធសឹងតែជាអ្នកភូមិរស់នៅជាមួយគ្នា។ ក្រោយពីឃើញនូវសកម្មភាពទាំងនោះ ហន មិនហ៊ានហាមាត់និយាយស្តីអ្វីទាំងអស់ ព្រោះខ្លាចត្រូវឈ្លបចាប់យកទៅសម្លាប់ចោល។ ជនរងគ្រោះទាំងនោះត្រូវបានឈ្លបបង្ខំឱ្យជីករណ្តៅកប់ខ្លួនឯង។ ឈ្លបបានវាយជនរងគ្រោះទម្លាក់ចូលក្នុងរណ្ដៅ នៅក្នុងរណ្តៅនីមួយៗមានសាកសពមនុស្សចំនួនប្រាំនាក់។

ហន ធ្លាប់បានឮប្រជាជនដែលរស់នៅក្នុងកងជាមួយគ្នា និយាយប្រាប់ថានៅពេលនោះ មានឈ្លបខ្មែរក្រហមបានលួចខុសសីលធម៌ ដែលបានចាប់រំលោភស្រ្តីក្នុងកង ប៉ុន្តែមិនមានប្រជាជនណាម្នាក់ហ៊ានចេញមុខនិយាយតវ៉ាឡើយ។ ប្រជាជននៅក្នុងកងបានត្រឹមតែសម្ងំស្ងៀមបណ្ដោយតាមអាណាចផ្ដាច់ការរបស់អង្គការ។

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ​  ហន បានត្រឡប់មករស់នៅក្នុងខេត្តក្រចេះជាមួយនឹងគ្រួសាររបស់គាត់ និងប្រកបរបបធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត៕

សម្ភាសន៍ដោយ៖ ប៉ឹល មុនថាន ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin