ពីរឆ្នាំក្នុងគុកវាលតាប្រុញ

(ស្វាយរៀង)៖ រិន មុន្នី មានអាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ប៉ាក រិន និងម្ដាយឈ្មោះ អ៊ិន យន។ មុន្នី មានបងប្អូនចំនួន៤នាក់ (ស្រី២នាក់)។ កាលពីកុមារភាព មុន្នី រៀនបានត្រឹមថ្នាក់ទី៧។

នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ហើយស្ថានភាពនៅក្នុងភូមិមានភាពវឹកវរ ធ្វើឱ្យ មុន្នី ត្រូវឈប់រៀន។ នៅដើមឆ្នាំ១៩៧៤ មុន្នី បានបន្តរស់នៅក្នុងស្រុកភូមិធម្មតា។ ពេលមានការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ឱ្យប្រជាពលរដ្ឋនាំគ្នាចូលព្រៃម៉ាក់គី ដើម្បីហ្វឹកហាត់ធ្វើចលនាតស៊ូរំដោះជាតិពីរបប លន់ នល់, មុន្នី បានសម្រេចចិត្តចូលបម្រើជាកងទ័ពរំដោះជាតិ។ ក្នុងអំឡុងពេលប្រយុទ្ធតតាំងនោះ មុន្នី ត្រូវរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះត្រូវខ្មាំងសត្រូវបាញ់ចំដៃស្តាំ។

នៅឆ្នាំ១៩៧៥ ប្រទេសជាតិបានរំដោះចេញពីរបប លន់ នល់ បានជោគជ័យពីសំណាក់យោធាខ្មែរក្រហម។ នៅពេលរបបខ្មែរក្រហមបានកាន់អំណាចទូទាំងប្រទេស ស្ថានភាពនៅក្នុងប្រទេសចាប់ផ្តើមមានការផ្លាស់ប្តូរ ទាំងការរស់នៅប្រចាំថ្ងៃ ការហូបចុក និងការធ្វើការងារ។ នៅពេលនោះ មុន្នី មានអាយុ២៣ឆ្នាំ គាត់ត្រូវបានជាប់គុកអស់រយៈពេល២ឆ្នាំ ព្រោះអង្គការចោទប្រកាន់ថាគាត់រត់ចោលជួរ។ អង្គការបានបញ្ជូន មុន្នី ទៅវាលតាប្រុញស្ថិតក្នុងខេត្តព្រៃវែងដែលហៅថាតំបន់២៣។ មុន្នី ត្រូវបានខ្មែរក្រហមបង្អត់អាហារ និងចាត់តាំងឱ្យធ្វើការងារធ្ងន់ ព្រមទាំងធ្វើទារុណកម្មវាយដំមកលើខ្លួនតាមរយៈការប្រើរំពាត់។ នៅក្នុងរបបខ្មែរក្រហម សម្រាប់ម្ហូបអាហារមួយថ្ងៃទទួលបានរបបអាហារចំនួន២ពេល គឺពេលថ្ងៃត្រង់ម៉ោង១២ និងពេលល្ងាចម៉ោង៦ល្ងាច។ សម្រាប់ម្ហូបដែលអង្គការផ្ដល់ឱ្យ គឺសម្លត្រកួន ព្រលិត និងកំប្លោក ហើយមិនមានត្រីសាច់ទេ។

មុន្នី បានឃើញយោធាខ្មែរក្រហម ចាប់រំលោភមកលើយុវនារីនៅក្នុងសហករណ៍។ លើសពីនោះទៀត ពេលដែលមុន្នី ទៅមើលក្របីគាត់បានឃើញមានការវាយសម្លាប់មនុស្ស ហើយឈ្លបបានទាញសាកសពទាំងនោះទម្លាក់នៅក្នុងរណ្ដៅ។ យោធាខ្មែរក្រហមបានបំផ្លាញទ្រព្យសម្បត្តិ បំផ្លាញវត្តអារាម ផ្សឹកព្រះសង្ឃ ហើយយកវត្តអារាមធ្វើជាគុក។ ពេលនោះ មុន្នី ត្រូវបានបាត់បង់ឪពុកជាទីស្រឡាញ់ ព្រោះយោធាខ្មែរក្រហមយកឪពុកគាត់ទៅដាក់គុក ធ្វើទារុណកម្ម និងបង្អត់អាហារ រហូតដល់បាត់បង់ជីវិត។

នៅរបបខ្មែរក្រហម ត្រូវបានហៅថារបបសមូហភាពជារបបផ្តាច់ការ ព្រោះតម្រូវឱ្យប្រជាជនស្នាក់នៅរួម ហូបរួម និងយកទ្រព្យសម្បត្តិរបស់ខ្លួនទៅដាក់ជារបស់រួម ហើយបង្វឹកឱ្យប្រជាជនជឿតែលើអង្គការ និងការដឹកនាំបក្ស។ នៅក្នុងរបបនោះ គ្រាន់តែប្រជាជននិយាយថាហូបអាហារមិនឆ្អែតនឹងត្រូវឈ្លបចាប់យកទៅសម្លាប់ចោល។ នៅក្នុងឆ្នាំ១៩៧៨ មុន្នី មានអាយុ២៥ឆ្នាំ គាត់បានរៀបការជាមួយប្ដីរបស់គាត់ រួមនឹងគូស្រករដទៃទៀតចំនួន៦០គូ។ ការរៀបការនោះធ្វើឡើងតាមរយៈការស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីអង្គការឡើយ។

នៅដើមឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានចូលរំដោះប្រទេសជាតិទាំងមូល និងបានប្រាប់ប្រជាពលរដ្ឋឱ្យត្រឡប់ទៅរស់នៅស្រុកកំណើតរៀងៗខ្លួន។ប្រជាជនជាច្រើនបានយកសម្ភារជាប់ខ្លួនត្រឡប់ទៅភូមិឋានវិញ។ សព្វថ្ងៃ មុន្នី ពិការដៃស្តាំ និងមានជំងឺគ្រួសក្នុងតម្រងនោមបូករួមជាមួយជំងឺសន្លាក់ដៃជើង។ បច្ចុប្បន្ន មុន្នី ប្រកបមុខរបរជាកសិករ និងជាអាចារ្យនៅវត្តស្វាយផ្អែម៕

សម្ភាសន៍ដោយ៖ ម៉ន ម៉ារីណា ថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin