ស៊ឹម លីម៖ អនុប្រធានក្រុមកុមារ

ស៊ឹម លីម អាយុ៥៧ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅក្នុងសម័យខ្មែរក្រហម លីម បានចូលទៅក្នុងកងកុមារភូមិ ដើម្បីធ្វើការរើសអាចម៍គោ និងដើរកាប់ដើមទន្ទ្រានខែត្រយកទៅចិញ្ចាំ្រលាយជាមួយលាមក និងរែកដីដំបូកយកទៅលាយធ្វើជី។
នៅក្នុងកងកុមារ លីម មិនមានស្បែកជើងពាក់នោះទេ ហើយសម្លៀកបំពាក់ដែលទទួលបានពីអង្គការមានតែមួយសម្រាប់គត់ក្រៅពីនោះគឺជាសម្លៀកបំពាក់ចាស់ៗដែលគាត់ស្លៀកកាលពីសង្គមចាស់។ ចំពោះកុមារី ឬនារី អង្គការតម្រូវឲ្យកាត់សក់ខ្លីទាំងអស់ ព្រោះមិនមានសាប៊ូ ឬសម្រាប់ចងសក់នោះទេ។ មួយវិញទៀត លីម និងកុមារទាំងអស់បានចូលរៀនស្រៈ និងព្យញ្ជៈ បន្តិចបន្តួចនៅតាមផ្ទះប្រជាជនជាមួយគ្រូឈ្មោះ រិន ប៉ុន្តែគាត់មិនចេះអក្សរនោះទេ គឺបានត្រឹមចេះមើលឈ្មោះរបស់ខ្លួនឯងប៉ុណ្ណោះ។
លីម បានឲ្យដឹងថា គាត់ចង់ទៅធ្វើការក្នុងកងចល័តខ្លាំងណាស់ ព្រោះពេលនោះមិនបានដឹងថាមានការរែកដីហត់នឿយនោះទេ ហើយនៅក្នុងចិត្តគិតថាបានហូបអាហារល្អប្រសើរជាងនៅក្នុងសហករណ៍ ដែលភាគច្រើនមានត្រឹមបបរលាយដំឡូងមី ជាមួយសម្លបន្តិចបន្តួចដែលអង្គការចែកឲ្យ។
បន្ទាប់មកនៅពេល លីម មានអាយុច្រើនបន្តិច អង្គការបានចាត់តាំងគាត់ឲ្យចូលក្នុងកងចល័ត និងស្នាក់នៅវត្តពោធិ៍ ដើម្បីធ្វើការរែកដី និងរែកអាចម៍គោ។ នៅក្នុងកងចល័ត លីម បានធ្វើជាអនុប្រធានក្រុម គ្រប់គ្រងមិត្តនៅក្នុងកងដែលមានអាយុប្រហាក់ប្រហែលគ្នាប្រមាណ១០ទៅ១២នាក់។ ក្រុមរបស់លីម គឺជាផ្នែកតូចមួយនៃកងហា និងរយ ដែលជាក្រុមធំ ហើយសមាជិកទាំងអស់មកពីកន្លែងផ្សេងៗគ្នា។ បើទោះបីជា លីម គឺជាអនុប្រធានក្រុម គាត់នៅតែត្រូវរែកដីដំបូកនៅខាងជើងវត្តពោធិ៍កណ្ដោលឲ្យគ្រប់ចំនួនដូចក្មេងដទៃទៀត។ មិនយូរប៉ុន្មាន អង្គការបានបញ្ជូនក្រុមរបស់លីម ទៅរែកដីដំបូកនៅភ្នំតូច និងសម្រាកជាជួរផ្ទាល់ដីនៅក្រោមដើមឈើ។
ចំពោះការហូបអាហារ លីម ចងចាំថា នៅពេលដែលគាត់ធ្វើការក្នុងកងនៅទួលម្រះ អង្គការបានដាំបបររាវ ចែកឲ្យប្រជាជន និងកុមារហូបជាមួយសម្លបន្លែត្រកួន។ នៅពេលដែល លីម ហូបអាហារ គាត់បានឃើញអាចម៍គោរីកស្គុយនៅក្នុងចានសម្ល ព្រោះត្រកួនដែលអង្គការច្រូតមកលាងទឹកមិនស្អាត។ នៅពេលឃើញដូច្នេះ លីម មិនហ៊ានហូបសម្លនោះទេ គឺទ្រាំហូបបបរតិចតួចដែលទទួលបាន និងឆ្លៀតរត់ទៅរកម្ដាយ ក្រែងលោបានអាហារបន្តិចបន្តួចនៅពេលធ្វើការងារក្បែរផ្ទះ ប៉ុន្តែត្រូវត្រលប់ទៅធ្វើការឲ្យទាន់ពេលវេលា។
នៅកន្លែងធ្វើការ លឹម បានឃើញអង្គការរៀបចំឲ្យយុវជនជាច្រើនគូរៀបការជាមួយគ្នានៅសង្គមមានជ័យ។ អំឡុងពេលប្ដេជ្ញា អង្គការបានរៀបចំឲ្យយុវជន និងយុវនារីអង្គុយទល់មុខគ្នាដោយមានថ្នាំចុកមួយកញ្ចប់នៅខាងមុខ ហើយស្ដាប់តាមការរៀបរាប់របស់កម្មាភិបាលរួចចុងក្រោយប្ដូរក្រមាគ្នា។ លីម បានបន្តថា អ្នកដែលរៀបការក្នុងពេលនោះ មានមួយចំនួនបានស្នើសុំប្ដេជ្ញាជាមួយអ្នកដែលខ្លួនពេញចិត្ត និងខ្លះទៀតធ្វើតាមការបង្ខំរបស់អង្គការប៉ុណ្ណោះ។
នៅដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេល លីម ធ្វើការនៅម្ដុំគងមានជ័យ ស្រាប់តែមានសំឡេងផ្ទុះអាវុធនៅស្លាគូ។ នៅពេលឮមុនដំបូង លីម និងកុមារផ្សេងទៀតដែលនៅក្មេងមានការងឿងឆ្ងល់ និងចង់រត់ទៅមើលកន្លែងផ្ទុះ ប៉ុន្តែដោយសារស្ថានភាពចលាចល ព្រោះមានប្រជាជនរត់ភៀសខ្លួនច្រើន ទើបគាត់ធ្វើដំណើរទៅតាមប្រជាជនដទៃទៀត។ ក្រោយមក លីម បានត្រលប់មកផ្ទះវិញ និងរស់នៅជួបជុំគ្រួសារ។ នៅពេលដែលរស់នៅជាមួយគ្រួសារ លីម បានចូលរៀនស្រះបន្តិចបន្តួច នៅផ្ទះរបស់តាដាវ ហើយគាត់នៅតែមិនចេះអក្សរច្បាស់លាស់។
សម្ភាសន៍ដោយ៖ ពិន ពុំពា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

