រណ្ដៅនរកនិងគុកឥតជញ្ជាំង

(ស្វាយរៀង)៖ ប្រាក់ ហឿន មានអាយុ៦៥ឆ្នាំ រស់នៅភូមិធ្លក ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហឿន ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់។ ហឿន បានប្រកបមុខរបរជាកសិករ។
នៅដើមឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាម ដោយចាប់ផ្ដើមពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ នៅពេលនោះ គ្រួសាររបស់ ហឿន ត្រូវរត់គេចពីគ្រាប់ប្លោង។ ពេលនោះ ហឿន ស្ថិតនៅវ័យជាកុមារនៅឡើយ។ ប្រជាជនក្នុងភូមិទាំងអស់ត្រូវរស់នៅក្នុងការភ័យខ្លាចជាខ្លាំងរាល់ថ្ងៃ ព្រោះមានការបាញ់ប្រហារនិងទម្លាក់គ្រាប់បែកជាច្រើនកន្លែងមិនលស់ពេល។ យន្តហោះទម្លាក់គ្រាប់បានធ្វើឱ្យខូចខាតផ្ទះសំបែង ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន វត្តអារាម និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនទៀត។ ហេតុការណ៍នោះបានបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ រាប់បញ្ចូលទាំងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ ព្រមទាំងបានបន្សល់ទុកនូវជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ និងគ្រាប់មិនទាន់ផ្ទុះរាប់មិនអស់កប់នៅក្នុងដី។
លុះដល់ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលមកកាន់កាប់ភូមិ-ស្រុកទាំងស្រុង។ ពេលនោះប្រជាជនបានគិតថាការផ្លាស់ប្ដូរនយោបាយ អាចនឹងឱ្យគាត់រស់នៅសុខសាន្ត តែអ្វីៗប្រែប្រួលទាំងស្រុង ហើយប្រជាជនខ្មែររាប់លាននាក់បានធ្លាក់ចូលក្នុងរណ្តៅនរកនិងគុកឥតជញ្ជាំង។ ពេលនោះ ហឿន មានអាយុ១៥ឆ្នាំ ហើយត្រូវបន្តរស់នៅនិងធ្វើការក្នុងភូមិធ្លកដដែល មិនត្រូវបានគេជម្លៀសទៅតំបន់ផ្សេងទេ ព្រោះចាត់ទុកថាជាប្រជាជនមូលដ្ឋាន។ ពេលខ្មែរក្រហមគ្រប់គ្រងអំណាចភ្លាម ប្រជាជនដែលរស់នៅទីក្រុងភ្នំពេញនិងទីប្រជុំជននានា ត្រូវបានជម្លៀសមកនៅតំបន់ជនបទដាច់ស្រយាល។ អង្គការបានបង្កើតសហករណ៍ តម្រូវឱ្យប្រជាជនស្នាក់នៅរួម ធ្វើការរួម ហូបរួម និងប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់ទុកជារបស់អង្គការជាដាច់ខាត។
អង្គការបានបង្ខំឱ្យ ហឿន និងប្រជាជនទាំងអស់ត្រូវធ្វើការងារចាប់ពី៧ ទៅ១០ម៉ោងក្នុងមួយថ្ងៃ ហើយការងារទាំងអស់នោះគឺជាការជីកប្រឡាយ លើកទំនប់ ស្តារបឹង និងលើកភ្លឺស្រែ។ ក្មេងតូចៗត្រូវចាត់តាំងឱ្យធ្វើការងារនៅក្នុងកងកុមារ, យុវជន-យុវនារីធ្វើការងារនៅក្នុងកងចល័ត, ចំណែកមនុស្សចាស់ដើរមិនរួចត្រូវនៅយាមផ្ទះ។
ហឿន បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហម ការរៀបការត្រូវបានរៀបចំឡើងម្តងចាប់ពី៥០ទៅ៦០គូ ក្រោមការចាប់បង្ខំពីសំណាក់អង្គការ។ នៅពេលនោះ គ្មាននរណាម្នាក់ហ៊ានប្រកែកទេ ទោះបីជាមិនស្រឡាញ់គ្នាសោះក្តី ឱ្យតែអង្គការចាប់ចំបុគ្គលណា បុគ្គលនោះត្រូវតែរៀបការ, ប្រសិនបើមិនព្រម គេនឹងចោទថាប្រឆាំងនឹងបញ្ជាអង្គការ រួចយកទៅសម្លាប់ចោលភ្លាមៗ។
ហឿន បានរៀបរាប់បន្តទៀតថា អង្គការបានចាប់ក្មេងស្រីជំទង់ទៅធ្វើបាបនិងរំលោភនៅកន្លែងធ្វើទារុណកម្មក្នុងវត្តធ្លក។ អង្គការតែងតែវាយដំនិងចាប់មនុស្សទៅសួរចម្លើយទោះគ្មានកំហុសសោះក្តី ឱ្យតែគេចោទថាក្បត់ឬប្រឆាំង។ ជនរងគ្រោះត្រូវឈ្លបបណ្តើរយកទៅសួរចម្លើយ និងធ្វើទារុណកម្មរហូតដល់ស្លាប់ រួចបោះចោលក្នុងរណ្តៅឬអណ្តូង។ បន្ថែមពីនេះ ខ្មែរក្រហមបានលុបបំបាត់ប្រពៃណី វប្បធម៌ វាយកម្ទេចវត្តអារាម យកព្រះពុទ្ធរូបទៅទម្លាក់ទឹក និងចាប់ផ្សឹកព្រះសង្ឃឱ្យទៅធ្វើស្រែចម្ការ។ ទីសក្ការបូជានិងវត្តអារាមត្រូវបានប្រែក្លាយជាកន្លែងសួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃបំផុត។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ហឿន បានរស់នៅជួបជុំគ្រួសាររបស់គាត់ និងប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន ហឿន មានបញ្ហាសន្លាក់ដៃ-ជើង និងមានអាការចុកណែនទ្រូងជាប្រចាំ៕
សម្ភាសន៍ដោយ៖ ម៉ុន សុធារ៉ា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

