អតីតចុងភៅនៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ អ៊ូ ឆាន មានអាយុ៦៤ឆ្នាំ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឆាន មានបងប្អូនចំនួនប្រាំបួននាក់ ស្រីប្រាំនាក់ គាត់គឺជាកូនទីមួយនៅក្នុងគ្រួសារ។ ឪពុករបស់គាត់ឈ្មោះ ឆាយ ម្តាយឈ្មោះ អឹម ព្រមទាំងប្តីឈ្មោះ ជា។ ឆាន ជាស្ត្រីមេម៉ាយមានកូនស្រីចំនួនប្រាំមួយនាក់។ គាត់មានមុខរបរជាកសិករ។
នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្ដម សីហនុ ចេញពីតំណែង។ នៅពេលនោះមានការទម្លាក់គ្រាប់បែកលើភូមិឋានរបស់ប្រជាជន, ក្រុមគ្រួសាររបស់ឆាន និងប្រជាជននៅក្នុងភូមិត្រូវរស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ។ រហូតដល់ឆ្នាំ១៩៧៥ ភូមិស្រុកត្រូវបានយោធាខ្មែរក្រហមចូលមកគ្រប់គ្រង។ នៅពេលនោះ ឆាន មានអាយុ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើការងារនៅក្នុងសហករណ៍រោងបាយ។ ឆាន ត្រូវបានអង្គការប្រើឱ្យធ្វើជាចុងភៅដាំបាយ ព្រមទាំងធ្វើម្ហូបឱ្យកម្មករហូប។ ឆាន បាននិយាយថា ក្រៅពីចម្អិនអាហារខ្មែរក្រហមបានចាត់តាំងឱ្យគាត់វាល់អាហារចែកប្រជាជន ប្រសិនបើគាត់ចែកម្ហូបឱ្យប្រជាជនច្រើនៗ ប្រាកដជាដាក់ទណ្ឌកម្មលើរូបគាត់មិនខាន។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនជាច្រើនបានបាត់បង់ជីវិតព្រោះតែភាពអត់ឃ្លាន ហើយនៅពេលដែលមានជំងឺគ្មានការព្យាបាលតាមស្តង់ដារបស់គ្រូពេទ្យឡើយ។ នៅពេលមានប្រជាជនឈឺគឺគ្រូពេទ្យឱ្យថ្នាំលេបតែថ្នាំអាចម៍ទន្សាយ មិនថាមានជំងឺអ្វីឡើយ។ ប្រជាជនមានជំងឺជាច្រើនដូចជា ពុល គ្រុនចាញ់ ជំងឺហើម ជំងឺស្គមរីងរ៉ៃ ព្រោះតែការទទួលទានអាហារខ្វះគុណភាព ការខ្វះទឹកដោះម្តាយ ព្រមទាំងអាហារបំប៉នសម្រាប់កុមារដែលជាមូលហេតុធ្វើឱ្យមានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិត។ តាមរយៈការខ្វះខាតអាហារ និងថ្នាំសម្រាប់ព្យាបាលជំងឺ ប្រជាជនដែលរស់នៅក្នុងរបបនោះប្រឈមនឹងការបាត់បង់ជីវិតយ៉ាងច្រើន។
នៅក្នុងរបបខ្មែរក្រហម ឆាន បានបាត់បង់បងប្រុសម្នាក់ព្រោះខ្មែរក្រហម បានចាត់តាំងឱ្យគាត់ទាហានបញ្ជូនទៅសមរភូមិមុខ។ ឆាន ផ្ដាំផ្ញើឱ្យកូនចៅជំនាន់ក្រោយត្រូវសិក្សាស្វែងយល់ពីអំពើប្រល័យពូជសាសន៍ដែលធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា កុំឱ្យកើតមាននូវរបបនោះឡើងវិញម្ដងទៀតឡើយ និងត្រូវចេះការពារសន្តិភាពដែលមានសព្វថ្ងៃនេះឱ្យបានគង់វង្សជានិច្ចតរៀងទៅ៕
សម្ភាសន៍ដោយ៖ ម៉ុន សុធារ៉ា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

