អតីតយោធានៅតំបន់២៣

(ស្វាយរៀង)៖ ទី ហួន ហៅក្រៅ ហ៊ាន អាយុ៦៧ឆ្នាំ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហួន ជាកូនទី៣ក្នុងចំណោមបងប្អូន១១នាក់ (ស្រីចំនួន៤នាក់)។ ហួន មានប្រពន្ធឈ្មោះ ជ័យ បូផា និងប្រកបមុខរបរជាកសិករ។

នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ក្រោយការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ពីសំណាក់សេនាប្រមុខ លន់ នល់។ នៅអំឡុងពេលនោះ ហួន ស្ថិតនៅក្នុងវ័យជាកុមារ និងបានចូលរៀនត្រឹមថ្នាក់ទី១០។ លុះដល់ឆ្នាំ១៩៧២ ហួន បានសម្រេចចិត្តចូលបួសជាព្រះសង្ឃនៅវត្តទ្រា។  ហួន បាននិយាយថា ភាពស្ងប់ស្ងាត់ក្នុងទីអារាមមិនបានឋិតថេរយូរឡើយ ព្រោះនៅឆ្នាំ១៩៧៤ កងទ័ពខ្មែរក្រហមបានបង្ខំ ហួន ឱ្យលាចាកសិក្ខាបទដើម្បីចូលបម្រើជាកងទ័ព។ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិជួបប្រទះតែភាពភ័យខ្លាចរន្ធត់បំផុតជារៀងរាល់ថ្ងៃ។ ការបាញ់ប្រហារនិងការទម្លាក់គ្រាប់បែកពីយន្តហោះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ។ ក្នុងព្រឹត្តិការណ៍វាយប្រហារទាំងនោះបានបណ្ដាលឱ្យសាច់ញាតិរបស់ ហួន ម្នាក់បានរងរបួសបន្សល់ទុកនូវកម្ទេចគ្រាប់ក្នុងខ្លួន។ ហួន បាននិយាយថា ភូមិស្រុករបស់គាត់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមតាំងពីឆ្នាំ១៩៧០មកម៉្លេះ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់គ្រងអំណាចបានទូទាំងប្រទេស។ ពេលនោះ ហួន មានអាយុ១៧ឆ្នាំ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើជាយោធានៅតំបន់២៣ អង្គភាពវរសេនាតូចលេខ៧៥ និងអនុសេនាធំលេខ៩៥ ក្នុងខេត្តស្វាយរៀង។ ថ្នាក់ដឹកនាំនៅអង្គភាពលេខ៧៥ មានឈ្មោះ សែម ជាប្រធានវរសេនាតូច ឈ្មោះ ចន្ទី ជាប្រធានយោធា និងឈ្មោះ ប៉ាង ជឿក ជាប្រធានអនុសេនាតូច។ អង្គភាពនេះមានកងទ័ពចន្លោះពី៩០ ទៅ១២០នាក់។

ហួន បានលើកឡើងថា ជីវភាពរស់នៅនិងការហូបចុកក្នុងជួរកងទ័ពមានការខ្វះខាតយ៉ាងខ្លាំង ម្នាក់ទទួលបានបបរតែមួយកូនចានប៉ុណ្ណោះ ហើយសម្លពុំមានសាច់ឡើយ គឺមានតែទឹកនិងបន្លែ។ ហួន បានបន្តថា ការហូបចុកបានគ្រប់គ្រាន់មានតែនៅពេលមានកម្មវិធីពិសេស។ ពេលមានជំងឺឈឺថ្កាត់ គ្មានថ្នាំពេទ្យត្រឹមត្រូវសម្រាប់ព្យាបាលទេ។ ខ្មែរក្រហមតម្រូវឱ្យអ្នកជំងឺលេបតែថ្នាំអាចម៍ទន្សាយប៉ុណ្ណោះ។

នៅអំឡុងពេលនោះ ហួន ត្រូវឈរជើងយាមតាមខ្សែបន្ទាត់ព្រំដែន ដូច្នេះគាត់មិនបានដឹងច្បាស់ពីការរស់នៅរបស់ប្រជាជានៅក្នុងសហករណ៍ឡើយ។ បន្ថែមលើនេះ របបខ្មែរក្រហមបានលុបបំបាត់ចោលនូវប្រពៃណី ទំនៀមទម្លាប់ សាសនា និងរូបិយប័ណ្ណ។ វត្តអារាមត្រូវកម្ទេច ព្រះពុទ្ធរូបត្រូវទម្លាក់ចោលក្នុងទឹក ហើយព្រះសង្ឃត្រូវចាប់ផ្សឹកបង្ខំឱ្យធ្វើស្រែចម្ការ។ ក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ហួន បានរៀបអាពាហ៍ពិពាហ៍សាងគ្រួសារថ្មី និងបន្តរស់នៅជាកសិកររហូតមកដល់បច្ចុប្បន្ន៕

សម្ភាសន៍ដោយ៖ ម៉ុន សុធារ៉ា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin