ខ្មែរក្រហមបំបែកសមាជិកគ្រួសារដើម្បីឱ្យខ្ញុំផ្តោតអារម្មណ៍លើការងារ

ខេត្តស្វាយរៀង) ចាប លន់ មានអាយុ ៦៩ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ លន់ មានឪពុក ឈ្មោះ ចាប លី និងម្តាយឈ្មោះ ម៉ៅ យ៉េត ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៧ នាក់។ កាលពីកុមារភាព លន់ រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។

លន់ បានរៀបរាប់ថា អង្គការបានជម្លៀសគាត់ និងក្រុមគ្រួសារចេញពីស្រុកកំណើតឱ្យទៅរស់នៅឯខេត្តព្រៃវែង ហើយក្រោយមកបន្តជម្លៀសទៅខេត្តពោធិ៍សាត់។ នៅទីនោះ គាត់ត្រូវបានប្រើឱ្យធ្វើការងារធ្ងន់ដោយគ្មានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ពិសេសនៅខេត្តពោធិ៍សាត់ លន់ ត្រូវបានអង្គការចាត់តាំងឱ្យទៅធ្វើការងារ ដូចជាជីកទំនប់ ដងទឹកស្រោចដំណាំ និងធ្វើស្រែប្រាំង​។ ទន្ទឹមនឹងការធ្វើការងារធ្ងន់ទាំងនេះ របបអាហារប្រចាំថ្ងៃមានភាពខ្វះខាត ដោយគាត់មិនដែលបានហូបឆ្អែតឡើយ។ ការអត់ឃ្លាន និងការហត់នឿយបានក្លាយរឿងធម្មតាមួយនៃជីវិតប្រចាំថ្ងៃរបស់ លន់ និងប្រជាជនទូទៅ។ លន់ បានបញ្ជាក់ថា គាត់តែងតែឃើញកម្មាភិបាលខ្មែរក្រហមកាន់កាំភ្លើង កាំបិត និងពូថៅជាប់ខ្លួន ដែលបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង។ ចំណែក លន់ មានជីវិតរស់ ប៉ុន្តែនៅក្នុងអារម្មណ៍ព្រួយបារម្ភជានិច្ច ដោយមិនដឹងថាថ្ងៃណាមួយខ្លួនអាចក្លាយជាជនរងគ្រោះដូចអ្នកដែលត្រូវបានខ្មែរក្រហមសម្លាប់។ លន់ បានរំឭកថា នៅឆ្នាំ១៩៧៨ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ គាត់បានឃើញកម្មាភិបាលខ្មែរក្រហមបណ្តើរមនុស្សមួយចំនួនទៅមន្ទីរសម្លាប់​។ ទោះបីជាគាត់មិនបានឃើញការសម្លាប់ ផ្ទាល់ភ្នែក ក៏គាត់ជឿជាក់ថាបុគ្គលទាំងនោះត្រូវបាននាំយកទៅសម្លាប់។ លន់ បានរៀបរាប់ថា អ្នកដែលត្រូវបាននាំទៅសម្លាប់គឺជាប្រជាជនគ្មានកំហុស និងអ្នកខ្លះមានកំហុសបន្តិចបន្តួចដោយសារបានលួចយកចំណីអាហាររបស់អង្គការហូប។

គ្រួសាររបស់លន់ ត្រូវបានអង្គការបំបែកឱ្យរស់នៅដាច់ដោយឡែកពីគ្នា។ សមាជិកគ្រួសារត្រូវបានអនុញ្ញាតឱ្យជួបគ្នាម្តងក្នុងមួយសប្តាហ៍ នៅពេលមានការប្រជុំ ឬមានឱកាសពិសេសណាមួយប៉ុណ្ណោះ។ តាមការយល់ឃើញរបស់គាត់ ការបំបែកសមាជិកគ្រួសារនេះ គឺដើម្បីឱ្យប្រជាជនផ្តោតលើការងារ និងកាត់បន្ថយទំនាក់ទំនងគ្រួសារ។

ក្រោយរបបខ្មែរក្រហមដួលរលំ លន់ បានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន លន់ មានបញ្ហាសុខភាពមួយចំនួន ដូចជា វិលមុខ ស្រវាំងភ្នែក អស់កម្លាំង ឧស្សាហ៍ឈឺចង្កេះ ឈឺក្បាល ឈឺជង្គង់ ឈឺសន្លាក់ដៃជើង និងមានអាការៈក្អួតចង្អោរជាញឹកញាប់៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin