ម្តាយខ្ញុំប្រថុយនឹងគ្រោះថ្នាក់យកអាហារឱ្យខ្ញុំហូប

(ស្វាយរៀង)៖ ហ៊ឹម សុខា អាយុ ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខា មានឪពុកឈ្មោះ ឈិត និងម្តាយឈ្មោះ ចាប ផល ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់។ កាលពីកុមារភាព សុខា រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម ក្នុងរបបសង្គមរាស្ត្រនិយម។

រឿងរ៉ាវដែល សុខា ចងចាំ និងមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺនៅពេលនោះ គាត់ត្រូវរស់នៅឃ្លាតឆ្ងាយពីឪពុកម្តាយ និងបងប្អូន ហើយត្រូវបានប្រធានកងកុមារចាត់តាំងឱ្យមើលក្មេង ដោយសារគាត់មានបញ្ហាជើងម្ខាងទើបពិបាកក្នុងការដើរ។ ក្រៅពីការមើលក្មេង សុខា ក៏ត្រូវឃ្វាលគោ ក្របី សម្អាតគ្រោល និងកើបលាមកសត្វទុកធ្វើជាជីសម្រាប់ដាក់ស្រែផងដែរ។ ប្រធានកងបានគំរាមកំហែង សុខា និងកុមារដទៃទៀត មិនឱ្យត្អូញត្អែរអំពីទុក្ខលំបាក ឬមានការងារច្រើនឡើយ។ ប្រសិនបើហ៊ានតវ៉ា ឬប្រឆាំង នោះឈ្លបនឹងមកចាប់យកទៅសម្លាប់ចោលជាមិនខាន។ ក្នុងរបបនោះ ប្រធានកងកុមារចែកសម្លៀកបំពាក់ឱ្យម្នាក់មួយកំផ្លេ សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ ដោយសារស្ថិតក្នុងវ័យកុមារ សុខា មិនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ទេ។ ប្រធានកងផ្តល់ឱ្យត្រឹមតែបបរ ២វែកក្នុងមួយថ្ងៃ សម្រាប់អាហារ ២ពេល។ ទោះបីជាយ៉ាងណា នៅពេលខ្លះ ម្តាយរបស់ សុខា បានប្រថុយនឹងគ្រោះថ្នាក់ ដើម្បីលួចយកអាហារមួយចំនួនមកឱ្យគាត់ហូប។ សុខា បញ្ជាក់ថា លក្ខខណ្ឌនៃការរស់នៅក្នុងជំនាន់នោះ ស្ថិតក្រោមការគំរាមកំហែងជាប្រចាំ។ ប្រសិនបើមិនព្រមធ្វើតាមបញ្ជារបស់អង្គការ នោះច្បាស់ជាត្រូវឈ្លបនាំយកទៅសម្លាប់ចោល។

ក្រោយពីរបបខ្មែរក្រហមដួលរលំ សុខា បានមករស់នៅជួបជុំគ្រួសារឡើងវិញ។ បច្ចុប្បន្ន សុខា ប្រកបរបរជាប្រជាកសិករ ហើយមានជំងឺប្រចាំកាយ គឺជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង និងជំងឺស្រវាំងភ្នែក៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin