បើកុំតែអង្គការបញ្ជូនចេញពីភូមិ កូនខ្ញុំក៏មិនស្លាប់ដែរ

ណុប ម៉ៅ[1] អាយុ៦៩ឆ្នាំ(២០០៣) រស់នៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ម៉ៅ មានស្រុកកំណើតនៅភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង(កាលពីមុនស្រុកព្រៃសណ្ដែក) ​ខេត្តតាកែវ។ ម៉ៅ មានប្ដីឈ្មោះ យឹម ឆឹង និងបានផ្លាស់ទីលំនៅមកភូមិព្រៃមោកតាំងពីរៀបការរួច។

នៅឆ្នាំ១៩៧៥ កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិ បានមកហៅកូនរបស់ម៉ៅពីរនាក់ឈ្មោះ ម៉ន ឲ្យទៅធ្វើការងារក្នុងកងនារីឃុំព្រៃរំដេង និងឈ្មោះ ទូច ទៅធ្វើជាពេទ្យនៅឃុំស្រែរនោង(បច្ចុប្បន្នទីតាំងនោះធ្វើជាសាលាឃុំ)។ នៅពេលកូនចេញទៅ ម៉ៅ មិនហ៊ានហាមឃាត ឬសួរនាំច្រើននោះទេ ព្រោះគាត់ខ្លាចអង្គការចោទថាជាគិញ និងចាប់ដាក់ទោស។

ពីរខែក្រោយមក ទូច បានចូលទៅលេង ម៉ៅ នៅផ្ទះ និងបង្ហាញសំបុត្រដែលខ្លួនទទួលបានពីឈ្មោះ ញ៉ាវ ធ្វើការកន្លែងឃុំ ទៅកាន់ភូមិ និងការដ្ឋានការងារលើកទំនប់ ឬជីកប្រឡាយ។ នៅពេលឃើញសំបុត្រ ម៉ៅ មិនហ៊ានសួរនាំបន្ថែមទេ ហើយគាត់ក៏មិនដឹងថាសំបុត្រសរសេរអំពីអ្វីដែរ ព្រោះអ្នកទាំងពីរមិនចេះអក្សរ។ ទូច ចូលលេងម្ដាយបានមួយភ្លែត ទើបធ្វើដំណើរចេញទៅបន្តទៀត ហើយក្រោយមក ម៉ៅ បានទទួលដំណឹងថា ទូច ត្រូវចេញទៅធ្វើការងារនៅទីក្រុងភ្នំពេញ។[2] ចំណែកកូនម្នាក់ទៀតឈ្មោះ ម៉ន គាត់មិនបានទទួលដំណឹងទាល់តែសោះ។

ចំពោះ ម៉ៅ មុនដំបូងអង្គការបានចាត់តាំងគាត់ឲ្យដាំបាយរួមក្នុងសហករណ៍។ នៅពេលដាំបាយអង្គការបានកំណត់មនុស្ស១០នាក់ត្រូវដាំអង្ករ៣កំប៉ុងក្នុងមួយពេល បើមានមនុស្សច្រើនរហូតដល់២០០នាក់គឺត្រូវវាល់អង្ករតាមចំនួនជាក់ស្ដែង។ ប៉ុន្តែប្រសិនបើអាហារហូបមិនគ្រប់គ្រាន់ ម៉ៅ បានហាន់ ឬចិញ្ច្រាំដំឡូងមីដែលយកមកពីតំបន់ព្រៃលើដាក់លាយជាមួយ។ ម៉ៅ ធ្វើការដាំបាយបានរយៈពេលមួយឆ្នាំ ទើបអង្គការប្ដូរគាត់ឲ្យទៅដាក់បាយជ្រូក បន្ទាប់មកទៀតគឺទៅធ្វើកន្ទេល។

ចំណែកប្ដីរបស់ម៉ៅ មុនដំបូងអង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើស្រែប្រាំង និងបោចស្មៅនៅកំពង់អំពិល ស្រុកកោះអណ្ដែត។ នៅទីនោះ ប្ដីរបស់ម៉ៅ ត្រូវជួបប្រទះនូវការរងារខ្លាំងព្រោះចំខែកត្តិកធ្លាក់ខ្យល់ត្រជាក់។ ជាសំណាងល្អ ​​​​​​ទូច បានទទួលដំណឹងនេះ និងបានទៅសុំអង្គការឲ្យឪពុកត្រលប់ទៅធ្វើការក្នុងសហករណ៍វិញ។ បន្ទាប់មក ប្ដីរបស់ម៉ៅ បានប្ដូរទៅដាំដំណាំវិញ និងស្នាក់នៅក្នុងសហករណ៍រហូត។

នៅក្នុងសហករណ៍ ម៉ៅ បានឲ្យដឹងថាខ្លួនមិនសូវអត់ឃ្លានប៉ុន្មានទេ ព្រោះអង្គការបានដាំបាយលាយជាមួយចំណិតដំឡូងឲ្យប្រជាជនហូបម្នាក់មួយចាន ជាមួយសម្លព្រលឹត ឬត្រកួនមួយឆ្នាំងរួមក្នុងមួយក្រុម និងហូបបបរនៅពេលខ្វះស្បៀងខ្លាំងប៉ុណ្ណោះ។ ចំពោះកន្លែងចម្អិនអាហារ មុនដំបូងអង្គការបានរៀបចំវត្តខាងមុខផ្ទះរបស់ម៉ៅ ធ្វើជារោងបាយ ដោយបង្ខំឲ្យព្រះសង្ឃលាចាកសិក្ខាបទ ហើយការគោរពសាសនាត្រូវបានលុបបំបាត់។ បន្ទាប់មក អង្គការបានប្ដូរកន្លែងចម្អិនទៅភូមិតាកែវ និងចុងក្រោយនៅក្នុងវត្តអង្គសំរិទ្ធិ ដែលមានចម្ងាយប្រមាណ៣គីឡូពីភូមិ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ទូច បានត្រលប់មកផ្ទះវិញនៅរដូវស្ទូងដក។ មុនពេលទូចមកដល់ផ្ទះ ឪពុករបស់គាត់បានដើរទៅចាំកូននៅថ្នល់ជាតិ ប៉ុន្តែគាត់មើលមិនស្គាល់កូននោះទេ នៅពេលជួបមុខគ្នាដំបូងព្រោះកូនឈឺស្គមខ្លាំងពេក។ នៅពេលមកដល់ផ្ទះ ទូច បានប្រាប់ម្ដាយថាខ្លួនបានជួបបងស្រីនៅលើភ្នំ តំបន់លង្វែក ប៉ុន្តែមិនបានធ្វើដំណើរជាមួយគ្នានោះទេរហូតដល់បានជួបជាមួយកងទ័ពរណសិរ្ស​ ទើបទូច បានត្រលប់មកផ្ទះវិញ។ ចំពោះ ម៉ន បាត់ដំណឹងរហូតមក។ មួយវិញទៀត ទូច បានគិតក្នុងចិត្តថាខ្លួននឹងដាំបាយស្រួយហូបឲ្យបានឆ្អែតពេលត្រលប់មកផ្ទះវិញ ប៉ុន្តែជាក់ស្ដែងគាត់ឈឺធ្ងន់ហូបមិនកើតទៅវិញ។

ចំណែក ម៉ៅ ក៏មិនមានអាហារឲ្យកូនហូបគ្រប់គ្រាន់ដែរ គឺគាត់បានយកដំឡូង ទៅចិតជាចំណិតៗ រួចយកទៅហាលឲ្យស្ងួត ទើបយកទៅដាំលាយជាមួយបាយ និងរើសផ្លែត្នោតទំយកទៅធ្វើនំឲ្យកូនហូប។ ក្រៅពីនេះ ម៉ៅ បានទៅសុំកន្ទក់ពីអ្នកភូមិ យកមកលាយជាមួយស្ករ រួចលីងឲ្យស្ងួតក្រៀម និងពូតដុំៗឲ្យកូនហូប។ ជាអកុសល ទូច បានបាត់បង់ជីវិតបន្ទាប់ពីព្យាបាលជំងឺនៅផ្ទះបានត្រឹមតែកន្លះខែ។

[1] ឯកសារលេខ TKI0084, ជួបសម្ភាសន៍ជាមួយឈ្មោះ ណុប ម៉ៅ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៣ ដោយអ៊ីសា ឧស្មាន នៅក្នុងគម្រោងការលើកកម្ពស់ឲ្យមានការទទួលខុសត្រូវ(PA), បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារលេខ I00014 ពិនិត្យប្រវត្តិរូបបដិវត្តន៍ សមមិត្ត ទូច ធ្វើការនៅមន្ទីរពេទ្យ៦មករា ក្រសួងសង្គមកិច្ច, បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូបបានសរសេរថា ទូច ចូលបដិវត្តន៍ក្នុងឆ្នាំ១៩៧៥ នៅក្នុងមន្ទីរពេទ្យឃុំស្រែរនោង ដោយសារគាត់បានយល់អំពីនយោបាយរបស់បក្ស ហើយចូលរួមចលនាដើម្បីវាយកម្ទេចមេក្បត់ជាសក្ដិភូមិនាយទុនដែលជិះជាន់ជាង២០០០ឆ្នាំកន្លងមកហើយ។ មួយវិញទៀត ទូច បានឲ្យដឹងថាគាត់មានឪពុកឈ្មោះ យឹង ឆឹង ហើយម្ដាយឈ្មោះ ណុប ម៉ៅ និងមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានឈ្មោះ មុំ, មឿន, ម៉ន, ទូច និងប្អូនប្រុសតែម្នាក់ឈ្មោះបុល។

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin