ឡាយ ខុន៖ ធ្វើការក្នុងកងចល័តក្បែរសហករណ៍

(តាកែវ) ឡាយ ខុន អាយុ៧៦ឆ្នាំ រស់នៅភូមិអង្គគគីរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខុន មានបងប្អូនចំនួន៤នាក់ ក្នុងនោះគាត់គឺជាកូនទី៣។ ខុន បានបាត់បង់ម្ដាយនៅក្នុងសម័យ លន់ នល់ ហើយបងប្រុសឈ្មោះ ម៉ែន នៅក្នុងសម័យខ្មែរក្រហម។

បងរបស់ខុន គឺជាប្រជាជនថ្មី និងត្រូវបានអង្គការហៅទៅសួរប្រវត្តិរូបដោយសន្យាថាឲ្យចូលទៅធ្វើការងារដូចមុនវិញ។ ប៉ុន្តែនៅដែលបងរបស់គាត់ ឆ្លើយតាមត្រង់ថាជាគ្រូបង្រៀន អង្គការបានមកហៅបងរបស់ខុន ទៅប្រជុំ និងបាត់ដំណឹងរហូតមក ដោយទុកប្រពន្ធ និងកូនតូចម្នាក់ដែលទើបតែចេះដើរនៅក្នុងសហករណ៍។ ខុន គិតថាបងរបស់គាត់ប្រហែលជាស្លាប់បាត់ទៅហើយ ព្រោះអង្គការចង់កម្ចាត់អ្នកចេះដឹង និងទុកអ្នកល្ងង់ប្រើប្រាស់។  ខុន បន្តថាខ្លួននឹកអាណិតបងប្រុស និងក្មួយដែលនៅតូចខ្លាំងណាស់ ដែលបាត់បង់ឪពុកតាំងពីក្មេង។

ចំពោះ ខុន មានកូន២នាក់ ដោយកូនច្បង មានអាយុ១១ឆ្នាំ និងកូនទី២ អាយុជាង១ឆ្នាំ។ នៅក្នុងសហករណ៍ អង្គការបានចាត់តាំង ខុន ទៅក្នុងកងចល័ត ដើម្បីធ្វើការរែកដី ជីកប្រឡាយ នៅរដូវប្រាំង និងធ្វើស្រែ ស្ទូងដក។ នៅរដូវធ្វើស្រែ ខុន ត្រូវក្រោកតាំងពីម៉ោង៣យប់ទៅធ្វើការរហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបអាចសម្រាកហូបបបរមួយវែក ជាមួយសម្លបន្លែព្រលឹត និងចូលធ្វើការវិញរហូតដល់ពេលល្ងាច ទើបអាចងូតទឹកសម្អាតខ្លួនហើយទៅហូបអាហារម្ដងទៀតរួចចូលសម្រាក។

នៅពេលដែលមានជំងឺ ខុន អាចសុំច្បាប់សម្រាកនៅផ្ទះ ហើយទទួលបានអាហារពីក្នុងសហករណ៍ធម្មតា ប៉ុន្តែនៅពេលដែលឈឺខ្លាំង អង្គការបានបញ្ជូនទៅពេទ្យនៅអង្គគួយ។ ជាក់ស្ដែង ខុន បានទៅសម្រាកព្យាបាលជំងឺគ្រុនចាញ់នៅក្នុងមន្ទីរពេទ្យរបស់អង្គការ ហើយគាត់បានឃើញគ្រូពេទ្យយកទឹកដូងមកព្យួរធ្វើជាសេរ៉ូម និងថ្នាំផ្សេងៗទៀតដែលគាត់មិនដែលស្គាល់។

នៅដើមខែមករា ឆ្នាំ១៩៧៩ ខុន ធ្វើការនៅក្បែរភូមិប្រាសាទ។ នៅទីនោះ អង្គការបានរៀបចំជប់លៀងហូបអាហាររួមគ្នា ប៉ុន្តែមិនទាន់បានធ្វើឡើងនោះទេ ព្រោះមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក។ នៅពេលដែលមានភាពចលាចល ប្រជាជនមួយចំនួនបានរត់ភៀសខ្លួនទៅខេត្តភាគខាងលិច និងមួយចំនួនទៀតរួមទាំងគ្រួសារខុន ចូលទៅលាក់ខ្លួនក្នុងទឹកដីវៀតណាម។

ក្រោយមក នៅពេលរបបខ្មែរក្រហមដួលរលំ ខុន និងប្រជាជនទាំងអស់ត្រូវធ្វើដំណើរមករស់នៅស្រុកកំណើតរបស់ខ្លួនវិញ ហើយគ្រួសារខុន ទៅរស់នៅភូមិអំពិល បន្ទាប់មកនៅភូមិអង្គគគីរ។ ខុន គិតថារយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺជារយៈពេលយូរបំផុតសម្រាប់គាត់។ នៅពេលផ្ដល់បទសម្ភាសន៍ ខុន មានជំងឺលើសឈាម និងឈឺក្បាលម្ដងម្កាល។

សម្ភាសន៍ដោយ៖ សៀង កញ្ញា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin