បង្ខំឲ្យក្មេងហូបអន្ទង់ទាំងឆៅ និងគំរាមសម្លាប់ក្នុងរណ្ដៅ

ខ្ញុំបានឃើញប្រធានកងចោទប្រកាន់មិត្តឈ្មោះ វី ថាជាខ្មាំង ហើយចងគាត់បោះចូលក្នុងរណ្ដៅបួនជ្រុង រួចសួរទៅកាន់ក្មេងៗទាំងអស់ថាសម្លាប់មិត្តវីទេ ដោយគ្រាន់តែគាត់បានលួចហូបពងមាន់ស្ងោរដែលយកមកពីផ្ទះ។ ចំណែកមិត្តឈ្មោះ ខ្មៅ ត្រូវបានអង្គការសំពងក្បាលជាច្រើនដង ដើម្បីបង្ខំឲ្យហូបសត្វអន្ទង់ឆៅដែលគាត់យកមកពីផ្ទះ។ ខ្មៅ ខំប្រឹងខាំទាញអន្ទង់ហូបដល់បែកពពុះមាត់ និងផឹកទឹកអស់ជាច្រើនរហូតដល់អស់សត្វអន្ទង់មួយកំណាត់ ទើបអង្គការឲ្យគាត់ឈប់ហូប និងប្រកាសកុំឲ្យក្មេងៗដទៃទៀតធ្វើតាម។
សាន យ៉េង[1] អាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម យ៉េង មានបងប្អូន៣នាក់។ គ្រួសាររបស់យ៉េង មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនកណ្ដាលរបស់គាត់ត្រូវរស់នៅក្នុងកងកុមារ ដើម្បីធ្វើការរែកដី និងធ្វើជី ហើយប្អូនពៅត្រូវទៅរស់នៅក្នុងមណ្ឌលកុមារ។ នៅទីនោះ ប្អូនពៅរបស់យ៉េង មិនមានអាហារហូបគ្រប់គ្រាន់នោះទេ ដូច្នេះគាត់បានយំរត់ទៅរកម្ដាយនៅផ្ទះជាញឹកញាប់ ហើយត្រូវបានប្រធានកងរបស់គាត់ចាប់ឃុំឃាំងនៅក្នុងទូងងឹតនិងថប់ខ្យល់ ឬវាយធ្វើបាបបង្អត់អាហារស្ទើរស្លាប់នៅពេលចាប់ត្រលប់ទៅវិញ។
ចំណែក ម្ដាយរបស់យ៉េង មុនដំបូងអង្គការបានចាត់តាំងឲ្យគាត់ចូលក្នុងក្រុមធ្វើអង្ករ និងអាចស្នាក់នៅផ្ទះ ប៉ុន្តែក្រោយមកអង្គការបានបញ្ជូនឲ្យទៅក្នុងកងចល័ត ដើម្បីធ្វើស្រែ ស្ទូង ដក និងរែកដីឆ្ងាយៗរហូតដល់ទំនប់ទួលរលក។ ចំពោះ យ៉េង ដែលមានអាយុប្រមាណ១៥ឆ្នាំ ត្រូវបានអង្គការបញ្ជូនទៅក្នុងកងកុមារនៅភូមិតាអី ដើម្បីធ្វើការកើបអាចម៍គោតាមក្រោលចាប់ពីពេលមាន់រងាវជិតភ្លឺ ដើម្បីយកទៅធ្វើជី។
មួយឆ្នាំក្រោយមក យ៉េង បានប្ដូរទៅធ្វើការរែកដី និង ធ្វើស្រែ ដក ស្ទូង ច្រូតស្រូវ នៅគោកក្រៀង ភូមិរកា។ មុនពេលស្ទូង យ៉េង ត្រូវយកសំណាបទៅជ្រលក់លាមកមនុស្សដែលទើបដួសចេញពីបង្គន់ថ្មី ដែលមានសត្វដង្កូវជាច្រើន ហើយគាត់មិនហ៊ានថាខ្ពម ឬស្អុយនោះទេព្រោះគាត់ខ្លាចអង្គការវាយកប់ទឹក ឬបញ្ជូនយកទៅសម្លាប់ប្រសិនបើហ៊ានត្អូញត្អែរ។ មួយវិញទៀត យ៉េង ត្រូវបានអង្គការបង្ខំឲ្យចុះស្ទូងកាន់តែខ្លាំងនៅពេលដឹកថាគាត់ខ្លាចសត្វឈ្លើងជាច្រើនក្នុងស្រែ។
ចំពោះការហូបអាហារ នៅរដូវប្រមូលផល អង្គការបានដាំបាយស្រួយចែកឲ្យប្រជាជនហូបរយៈពេលប្រមាណ៥ថ្ងៃ លើកលែងតែអ្នកកើតជំងឺស្រឡទែនទើបអង្គការដាំបាយស្រួយឲ្យហូបរាប់ថ្ងៃរហូតដល់ជា។ ប៉ុន្តែនៅពេលដាច់ស្បៀងខ្លាំង យ៉េង ទទួលបានដំឡូងមួយកង់ហូបជាមួយសម្លដើមចេកហាន់ជាកង់ៗដូចសម្លជ្រូក និងគ្មានត្រី ឬសាច់នោះទេ។ នៅពេលដល់ម៉ោងហូបអាហារ អង្គការបានផ្លុំកញ្ចែ ឬវាយអាគាំង(ជួង)ដើម្បីផ្ដល់សញ្ញាឲ្យប្រជាជនឡើងទៅហូបអាហាររួមក្នុងសហករណ៍ ដោយនៅតាមតុនីមួយៗអង្គកាបានដួរបបររាវមួយឆ្នាំង និងសម្លម្ជូរដើមចេកមួយចានសម្រាប់ហូបជាក្រុមមនុស្ស៥ ទៅ៦នាក់។ យ៉េង បានបន្តថា ប្រសិនបើអង្គការផ្ដល់សញ្ញាឲ្យទៅហូបអាហារហើយទៅយឺតពេលនោះ អ្នកធ្វើការនៅក្នុងរោងបាយមិនបានទុករបបអាហារឲ្យនោះទេ។ ម្យ៉ាងវិញទៀត ប្រសិនបើមានអ្នកហ៊ានលួចលាក់បុកអំបិល ឬរកអាហារហូបដោយខ្លួនឯងបន្ថែម អង្គការនឹងចោទប្រកាន់ថាក្បត់សមូហភាព ហើយដណ្ដើមពីដៃបោះចោលភ្លាមៗ និងធ្វើការស្ដីបន្ទោសបន្ថែមទៀត។ ប៉ុន្តែបើប្រធានកងរកឃើញគឺត្រូវទទួលរងនូវការស្ដីបន្ទោស, វាយធ្វើបាប ឬទារុណកម្មធ្ងន់ៗ។
ជាក់ស្ដែងឈ្មោះ វី ដែលជាអ្នករស់នៅជាមួយ យ៉េង ក្នុងភូមិរកា បានសុំប្រធានកងទៅលេងផ្ទះ ហើយនៅពេលគាត់ត្រលប់ទៅកន្លែងធ្វើការវិញ គាត់បានយកពងមាន់ទៅហូប។ ប៉ុន្តែនៅពេលដែលអង្គការឆែកឆែរក្នុងស្មុកសម្លៀកបំពាក់របស់គាត់ និងឃើញពងមាន់មួយកំណាត់ ប្រធានក្រុមបានហៅ វី ទៅកសាងមុខកុមារទាំងអស់ ដោយចោទប្រកាន់ថាជាខ្មាំង រួចនាំទៅទម្លាក់ក្នុងរណ្ដៅបួនជ្រុងដែលជីករួចរាល់នៅទួលក្អែកដេក។ បន្ទាប់មក មេកងបានស្រែសួរទៅ យ៉េង និងកុមារទាំងអស់ដែលនៅជុំវិញនោះ ថាត្រូវសម្លាប់មិត្តវី នេះចោលទេ។ ជាសំណាងល្អ ក្មេងៗបានប្រាប់ឲ្យប្រធានកងដោះលែង ព្រោះមិត្តវី ទើបតែប្រព្រឹត្តិខុសលើកទីមួយទើបរួចរស់ជីវិត។
ចំណែកក្មេងម្នាក់ទៀតឈ្មោះ ខ្មៅ ត្រូវជាកូនរបស់យាយសែង នៅភូមិក្បែរនោះ បានត្រលប់ទៅលេងផ្ទះដូចគ្នា និងបាននាំសត្វអន្ទង់មកជាមួយ។ ជាអកុសល នៅពេលដែលអង្គការរកឃើញអន្ទង់នោះបានចោទប្រកាន់គាត់ថាលួចរបស់អង្គការ និងបង្ខំឲ្យគាត់ហូបទាំងឆៅ។ មុនដំបូង ខ្មៅ បានធ្វើការបដិសេធថាខ្លួនយកមកពីផ្ទះ និងមិនព្រមហូបនោះទេ រហូតដល់គណៈកងសំពងក្បាលគាត់ម្ដងហើយម្ដងទៀតទៅមុខកុមារទាំងអស់។ ខ្មៅ ទ្រាំជាមួយការឈឺចាប់មិនបានទើបគាត់ប្រឹងខាំអន្ទង់នោះហូបទាំងឆៅ និងទំពាររហូតដល់បែកពពុះមាត់ព្រោះលែបមិនរួច ប៉ុន្តអង្គការនៅតែបង្ខំឲ្យហូប និងផឹកទឹករហូតដល់អស់អន្ទង់មួយកំណាត់ទើបឲ្យឈប់ហូប រួចនិយាយប្រាប់ឲ្យកុមារផ្សេងទៀតកុំយកតម្រាប់តាម។ នៅពេលឃើញដូច្នេះ យ៉េង មានការអាណិត និងភ័យខ្លាចយ៉ាងខ្លាំង។
បន្ទាប់មក ដោយសារតែ យ៉េង មាឌតូចជាងគេទើបអង្គការបញ្ជូនគាត់ឲ្យទៅរើសគ្រាប់ផ្លែអំពិលទឹក ប៉ុន្តែ យ៉េង ធ្វើការបានត្រឹមមួយខែប៉ុណ្ណោះ ប្រធានកងបានជ្រើសរើសយ៉េង និងមិត្តគាត់២នាក់ទៀតឲ្យទៅមើលក្មេងៗក្នុងសហករណ៍។ នៅចុងឆ្នាំ១៩៧៨ អង្គការបានចាត់តាំង យ៉េង ឲ្យទៅក្នុងក្រុមយុវនារីឃុំអង្គាញ់វិញ ព្រោះនៅពេលនោះគាត់មានអាយុច្រើន ហើយមាឌធំជាងមុន។ យ៉េង ធ្វើការក្នុងក្រុមកងនារីបានមួយរយៈពេលខ្លីប៉ុណ្ណោះ ទើបរបបខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩[2]។
ក្រោយមក យ៉េង បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំរបបខ្មែរក្រហម ហើយគាត់ពេញចិត្តចំពោះការកាត់ទោសនេះណាស់ ដែលបានផ្ដល់យុត្តិធម៌ដល់ប្រជាជន ព្រោះអង្គការបានធ្វើបាបប្រជាជនខ្លាំងណាស់។ មួយវិញទៀត យ៉េង យល់ថាការរក្សាទុកឯកសារ និងចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម និងបង្រៀនក្មេងៗជំនាន់ក្រោយឲ្យបានដឹងពីការលំបាករបស់ប្រជាជនក្នុងសម័យខ្មែរក្រហមគឺល្អណាស់។ នៅពេលផ្ដល់បទសម្ភាសន៍ យ៉េង មានឈឺក្រពះពោះវៀន ចុកខ្នងចង្កេះ និងប្រឡាដុះក្នុងឆ្អឹង។ ដើម្បីព្យាបាលជំងឺ យ៉េង បានទៅពិនិត្យព្យាបាល និងទិញថ្នាំពេទ្យយកមកលេប រួមជាមួយការប្រើប្រាស់ថ្នាំខ្មែរមួយចំនួនទៀត។
[1] កិច្ចសម្ភាសន៍ជាមួយឈ្មោះ សាន យ៉េង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយថៃ ស៊ីណា នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] បណ្ឌិត ឃួន វិច្ឆិកា និងអ្នកដទៃទៀត, ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាពៈ ប្រវត្តិវិទ្យាថ្នាក់ទី៦(ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា, ២០២៥) ទំព័រទី៤១។ នៅក្នុងសៀវភៅបានសរសេរថា៖ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រោះប្រជាជនបានជាបន្តបន្ទាប់។ ចំពោះខេត្តតាកែវ កងទ័ពរណសិរ្ស បានចូលសង្គ្រោះបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩។
អត្ថបទដោយ៖ ភា រស្មី

